• 2015-04-28 16:25:20
  • ព័ត៌មាន

បង្កើត​សហព័ន្ធ​បាញ់​កាំភ្លើង​ឡើង​វិញ ក្រោយ​អសកម្ម​​រយៈ​ពេល​វែង

  • 2015-04-28 16:25:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​អស់​អាណត្តិ​​លែង​ដំណើរការ​តាំង​ពី​ឆ្នាំ ២០០៨ សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា បាន​បង្កើត​ឡើង​ជា​ផ្លូវការ​វិញ ពោល​គឺ​ប្រើប្រាស់​ក្បាល​ម៉ាស៊ីន​ថ្មី​ទាំង​អស់ និង ចាប់​ផ្ដើម​ពី​​អាណត្តិ​​ទី១ ​ទៅ​វិញ​​ពី​ឆ្នាំ ២០១៤ – ២០១៨។

 
 

ថ្នាក់ដឹកនាំថ្មីរបស់សហព័ន្ធ​កីឡា​បាញ់កាំភ្លើងកម្ពុជា

  លោក មៀ​ច សុផាន់​ណា ជា​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​តែងតាំង​ជា​ប្រធាន​សហព័ន្ធ​នៅ​អាណត្តិ​​ដំបូង​នេះ ស្រប​ពេល លោក ចាប ភក្ដី, លោក ប៊ុត សុភាព, លោក វ៉ាត់ ចំរើន, លោក នុត សវនា ជា​អនុ​ប្រធាន។ លោក ប៊ុយ សុភ័ណ្ឌ ជា​អគ្គលេខាធិការ លោក ម៉ៅ សូវង្ស, លោក វុត្ថា ប៉ុណ្ណារិទ្ធ, មៀច សុវិសាល ជា​អគ្គលេខាធិការ​រង ហើយ​លោក ខៃ វណ្ណៈ ជា​អគ្គហេរញ្ញិក។ លោក លីវ សុផាណារិទ្ធិ, លោក សុខ សង្វា, លោក អ៊ិន សាវុធ,​លោក​ស្រី ស៊ំ សុខា និង លោក សុខ សារុំ ជា​សមាជិក។

 

តាម​ពិត​សហព័ន្ធ​មួយ​នេះ​ធ្លាប់​​បង្កើត​និង​ដំណើរការ​តាំង​ពី​ឆ្នាំ ១៩៩៤ ហើយ​​លែង​​ដំណើរការ​វិញ​នៅ​ឆ្នាំ ២០០៨។ ក្នុង​សម័យកាល​នោះ​សហព័ន្ធ​ធ្លាប់​បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ចូលរួម​​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាញ់កាំភ្លើង​ថ្នាក់​តំបន់​អាស៊ាន និង ស៊ីហ្គេម ផង​ដែរ ព្រម​ទាំង​នាំ​មេដាយ​​សំរឹទ្ធ​ត្រឡប់​មក​វិញ មិន​តិច​ជាង ១០ គ្រឿង​នោះ​ទេ។

 

លោក ប៊ុយ សុភ័ណ្ឌ ជា​អគ្គលេខាធិការ បាន​លើក​ឡើង​ថា ក្នុង​ថ្ងៃ​មហាសន្និបាត​របស់​សហព័ន្ធ​​នៅ​រសៀល​ថ្ងៃ​ទី ២៧ ខែ មេសា ម្សិលមិញ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថា​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ដំបូង​នេះ​គឺ តែងតាំង​និង​ជ្រើសរើស​​រចនា​សម្ព័ន្ធ​ និង អនុមតិ​លក្ខន្តិកៈ​របស់​សហព័ន្ធ។

 

លោក មៀច សុផាន់ណា រំពឹង​ថា​សហព័ន្ធ​របស់​លោក​​នឹង​អាច​​មាន​សក្ដានុពល​ឡើង​វិញ ក្រោយ​រៀបចំ​ជ្រើសរើស​កីឡា​ហ្វឹកហាត់​បាន​ត្រឹមត្រូវ ជា​ពិសេស​អាច​បង្ហាញ​ខ្លួន​នៅ​ក្នុង​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០២៣ ខាង​មុខ​ដែល​កម្ពុជា ត្រៀម​ធ្វើ​ជាម្ចាស់​ផ្ទះ។

 

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​កម្ពុជា បាន​លើក​ឡើង​ថា អាណត្តិ​របស់​សហព័ន្ធ​នីមួយៗ បង្កើត​ឡើង​​ឱ្យ​ត្រូវ​តាម​ឆ្នាំ​អូឡាំពិក ហើយ​មាន​រយៈ​ពេល ៤ ឆ្នាំ​ម្ដង។ លោក​ថា កីឡា​ប្រភេទ​នេះ​ជា​វិញ្ញាសា​របស់​កីឡា​អូឡាំពិក ហើយ​ងាយ​នឹង​មាន​ឱកាស​ប្រកួត​លើក​ឆាក​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ៕

 

អត្ថបទ៖ ម៉ឺន រស្មី
មតិយោបល់