- 2015-04-06 19:06:04
- ព័ត៌មាន
ស្ងាត់ៗ សូហ្វតេន្នីសកម្ពុជា ឈ្នះមេដាយមកពីថៃ ច្រើនគួរសម
- 2015-04-06 19:06:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ សូហ្វតេន្នីសកម្ពុជា ឈ្នះមេដាយមកពីថៃ ច្រើនគួរសម
ចន្លោះមិនឃើញ
ក្រុមកីឡាសូហ្វតេនី្នស (Softtennis) កម្ពុជា ដណ្ដើមបានមេដាយ ១២ គ្រឿង លើ ៦ វិញ្ញាសា មកពីព្រឹត្តិការណ៍កីឡាអន្តរជាតិ The 1st AEC WORLD TOUR SOFT TENNIS CHAMPIONSHIPS 2015 ដែលរៀបចំចាប់ពីថ្ងៃទី ៣០ ខែ មីនា ដល់ ៣ មេសា ឆ្នាំ ២០១៥ នៅទីលាន Impact Sports Club ក្នុងខេត្ត Nonthaburi ប្រទេសថៃ។
ក្រុមកីឡា សូហ្វតេន្នីស បង្ហាញមេដាយរបស់ខ្លួន
ការប្រកួតនេះចែកជា ៣ វិញ្ញាសា គឺ ប្រកួតជាក្រុម (ក្រុមបុរស និង នារី) វិញ្ញាសាឯកត្តជន (បុរស,នារី, គូបុរស, គូនារី និងគូចម្រុះ) និង វិញ្ញាសា យុវជន (យុវជនក្រោមអាយុ ១៥ និង ១៨ ឆ្នាំ បុរស-នារី)។ សម្រាប់កម្ពុជាបានបញ្ជូនអត្តពលិករបស់ខ្លួនចំនួន ១១នាក់ មានកីឡាករ អន សម្បត្តិ, កាន់ សុភ័ណ្ឌ, ឯក ចំរើន, សាន សារិទ្ធិ, សុខ វិចិត្រ, សៀវ ម៉ៅ, ឆាយ បញ្ញាវុធ, ឌិត សម្បត្តិ និងកីឡាការិនី ម៉េត ម៉ារី, សុខ និមល និង សារី សុដានេ ហើយដឹកនាំដោយលោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធសូហ្វតេនី្នសកម្ពុជា។ ជាលទ្ធផលកម្ពុជាដណ្ដើមបានមេដាយលើវិញ្ញាសា៖ ១) កីឡាការិនី ម៉េត ម៉ារី ឈ្នះមេដាយប្រាក់ វិញ្ញាសា ឯកត្តជនក្រោមអាយុ ១៥ ឆ្នាំ។ ២) កីឡាការិនី សារី សុខដាណេ និង សុខ និមល ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាវាយគូក្រោមអាយុ ១៥ឆ្នាំ។ ៣) កីឡាករ ឌិន សម្បត្តិ ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាឯកត្តជនក្រោមអាយុ ១៨ឆ្នាំ។ ៤) កីឡាករ សុខ វិចិត្រ ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសាឯកត្តជនក្រោមអាយុ១៥ឆ្នាំ។ ៥) កីឡាករ ឯក ចំរើន និង សៀងម៉ៅ ឈ្នះមេដាយសំរឹទ្ធវាយគូបុរស។ ៦) វិញ្ញាសាវាយក្រុមនារី ៥ នាក់កម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ។
លោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតេន្នី បានលើកឡើងថា ការប្រកួតនេះជាការប្រកួតកម្ដៅសាច់ដុំត្រៀមទៅប្រកួតជើងឯកកម្រិតតំបន់អាស៊ី នៅប្រទេសកូរ៉េខាងត្បូង ក្នុងខែ កក្កដា និង ដំណើរឆ្ពោះទៅប្រកួតជើងកម្រិតពិភពលោក (5th WORLD CUP) ចុងឆ្នាំ ២០១៥ នៅប្រទេសជប៉ុន។
សមាជិកកីឡាប៉េតង់របស់ក្រសួងមហាផ្ទៃដណ្ដើមបានមេដាយកាលពីពេលថ្មីៗ
នៅព្រឹកថ្ងៃទី ៦ ខែ មេសា នេះសមាគមកីឡារបស់ក្រសួងមហាផ្ទៃបានឧបត្ថម្ភជាថវិកាដល់អ្នកឈ្នះមេដាយ ប្រាក់ ម្នាក់ចំនួន ២០០ ដុល្លារសហរដ្ឋអាមេរិក និង ១០០ ដុល្លារសម្រាប់អ្នកឈ្នះមេដាយសំរឹទ្ធ ទាំងកីឡាករនៅសូហ្វតេន្នី និង កីឡាករប៉េតង់ ជាសមាជិករបស់ខ្លួនដែលដណ្ដើមកាលពីពេលថ្មីៗដូចគ្នា៕
អត្ថបទ៖ ម៉ឺន រស្មី