- 2024-06-10 11:37:25
- ព័ត៌មាន
Real ត្រៀមបដិសេធមិនលេងនៅក្នុង Club World Cup នៅឆ្នាំ២០២៥
- 2024-06-10 11:37:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ត្រៀមបដិសេធមិនលេងនៅក្នុង Club World Cup នៅឆ្នាំ២០២៥
ចន្លោះមិនឃើញ
ក្លឹប Real Madrid ត្រៀមបដិសេធមិនលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកកម្រិតក្លឹប FIFA Club World Cup ដែលនឹងរៀបចំនៅទឹកដីសហរដ្ឋអាមេរិកនៅក្នុងរដូវក្ដៅ ឆ្នាំ២០២៥។ នេះបើតាមការលើកឡើងរបស់លោក Carlo Ancelotti ដែលជាគ្រូបង្គោលរបស់ក្លឹបនេះ។
ក្លឹបដែលមានរហស្សនាមអធិរាជសមួយនេះទើបតែលើកពាន UEFA Champions League នៅដើមខែមិថុនានេះ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក Ancelotti បានប្រាប់សារព័ត៌មាន Il Giornale ថា៖ «FIFA ភ្លេចថា ក្លឹប និងកីឡាករយើងនឹងមិនចូលរួមនៅក្នុងប្រកួត Club World Cup ថ្មីនោះទេ។ ប្រកួត Real Madrid មួយតម្លៃប្រមាណ ២០លានអឺរ៉ូ (២២លានដុល្លារអាមេរិក) ហើយ FIFA ចង់ឱ្យយើង ២០លានអឺរ៉ូសម្រាប់ប្រកួតទាំងអស់នៅក្នុងព្រឹត្តិការណ៍នេះ»។
«អត់ទេ។ សូម្បីតែក្លឹបផ្សេងក៏ដូចយើងដែរ គេនឹងមិនចូលរួមទេ»។ នេះបើតាមការបន្ថែមរបស់លោក Ancelotti។
ព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ ជាព្រឹត្តិការណ៍ថ្មីមួយរបស់ FIFA ដែលនឹងផ្ដល់ឱកាសឱ្យក្លឹបនានាជុំវិញពិភពលោកប្រកួតគ្នា។ ទម្រង់នឹងការលេងនៅឆ្នាំក្រោយនេះនឹងមាន ៣២ក្រុម ហើយលេងក្នុងទម្រង់ចែកជា ៨ពូល។ ២ក្លឹបក្នុងមួយពូលនឹងឡើងទៅវគ្គ ១៦ក្រុម រួចជម្រុះរហូតដល់វគ្គផ្ដាច់ព្រ័ត្រ។
៣២ក្រុមនេះជ្រើសរើសចេញពីក្លឹបនៅក្នុងទ្វីបនានា ដោយក្នុងនោះ អាស៊ីមាន ៤ក្លឹប អាហ្វ្រិកមាន ៤ក្លឹប អាមេរិកខាងជើងមាន ៤ក្លឹប អាមេរិកខាងត្បូងមាន ៦ក្លឹប អូសេអានី ១ក្លឹប និងអឺរ៉ុបមាន ១២ក្លឹប៕