• 2024-05-24 12:34:01
  • ព័ត៌មាន

បណ្ឌិត​ Rashford មិន​បាន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​សម្រាប់​ Euro 2024 ទេ

  • 2024-05-24 12:34:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប Manchester United Marcus Rashford មិន​ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​លោក Gareth Southgate ជ្រើសរើស​យក​ជា​សមាជិក​នៃ​ក្រុម​​ជម្រើស​ជាតិ​ ដែល​មាន​សមាជិក​បណ្ដោះអាសន្ន​ចំនួន ៣៣រូប សម្រាប់​ព្រឹត្តិការណ៍​ជើងឯក​អឺរ៉ុប UEFA Euro 2024 នោះ​ទេ។

កីឡាករ​ដែល​​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពី​សាកលវិទ្យាល័យ​ Manchester រូប​នេះ បាន​បង្ហាញ​ខ្លួន ៣៣ដង និង​រក​បាន ៧គ្រាប់​នៅ​ក្នុង​រដូវ​កាល ២០២៣/២៤។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ លោក Gareth Southgate បាន​លើកឡើងដោយ​ត្រង់ៗ​ថា៖ «ទាក់ទង​នឹង​រឿង Marcus ខ្ញុំ​មាន​អារម្មណ៍​ថា កីឡាករ​ផ្សេងៗ​ទៀត ដែល​ស្ថិត​នៅ​តួនាទី​នេះ (តួនាទី​ខ្សែ​ប្រយុទ្ធ​) បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​ នៅ​ក្នុង​រដូវកាលនេះ។ រឿង​វា​សាមញ្ញ​អញ្ចឹង​ទេ»។

ទោះ​ជា​មិន​បាន​ជាប់​ជាសមាជិក​បណ្ដោះ​អាសន្ន​ក្ដី ក៏​ Rashford បង្ហោះ​ជូនពរ​ក្រុមជម្រើស​ជាតិ​អង់គ្លេស​នៅ​បណ្ដាញសង្គម​របស់​ខ្លួន។

សូមជម្រាបផងដែរថា Euro 2024 នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី១៤ ខែ​មិថុនា រហូត​ដល់​ថ្ងៃ​ទី១៤ ខែ​កក្កដា ឆ្នាំ២០២៤នេះ។ អង់គ្លេស​ស្ថិត​នៅ​ពូល C ជាមួយ​នឹង ស្លូវេនី ដាណឺម៉ាក និង​ស៊ែបប៊ី។

ពាក់ព័ន្ធ​នឹង​រឿង​សមាជិក​ក្រុម​អង់គ្លេស​វិញ លោក Southgate នឹង​ជម្រុះ​ចេញ​ ៧នាក់​ទៀត ដោយសារ​តែ​បញ្ជី​ផ្លូវការ​នឹង​មាន​សមាជិក​តែ ២៦រូប​ប៉ុណ្ណោះ។ ចំណោម​ ២៦រូប​នេះ​​មាន ខ្សែ​ប្រយុទ្ធ​ ៧នាក់​រួម​មាន Jack Grealish (Manchester City), Jarrod Bowen (West Ham United), Anthony Gordon (Newcastle United), Bukayo Saka (Arsenal), Phil Foden (Manchester City), Harry Kane (Bayern Munich), Ivan Toney (Brentford), Ollie Watkins (Aston Villa) និង Cole Palmer (Chelsea)៕

ប្រភព៖ ESPN FC អត្ថបទ៖ សេរី មង្គល

មតិយោបល់