• 2023-09-05 04:18:16
  • ព័ត៌មាន

សកម្មភាពជាគំរូ! ក្រុមអ្នកគាំទ្រ Liverpool នៅកម្ពុជា ប្រមូលមូលនិធិបាន ៦០០ដុល្លារ ជូនពេទ្យគន្ធបុប្ផាចំថ្ងៃ បង្កើតក្លឹបរបស់ខ្លួន

  • 2023-09-05 04:18:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជាហៅកាត់ថា LFC-KH បានប្រារព្ធខួបកំណើតក្លឹបអ្នកគាំទ្ររបស់ខ្លួនគម្រប់ ១២ឆ្នាំដោយបង្កើតជាមូលនិធិប្រមូលពីសមាជិកបាន ៦០០ដុល្លារសហរដ្ឋអាមេរិកដើម្បីយកទៅជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ដែលមានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប។

មូលនិធិនេះត្រូវបានបង្កើតដោយលោក ស៊ិន វីរ៉ុតរុន ហៅ June ជាប្រធានក្រុមអ្នកគាំទ្រនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ហើយបិទបញ្ចប់នៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ ពោលគឺមានរយៈពេល ៧ថ្ងៃ។ ជាលទ្ធផលថវិកាដែលប្រមូលបានសរុបគឺមានចំនួន 600$ (ប្រាំមួយរយដុល្លារអាមេរិក) បានប្រគល់ដល់ដៃមន្ទីរពេទ្យនៅថ្ងៃទី ០៥ ខែកញ្ញានេះ។ នេះមិនមែនជាលើកទីមួយទេដែលក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជាបានធ្វើកម្មវិធីសប្បុរសធម៌របស់ខ្លួន ដោយកន្លងមក ពួកគេបានធ្វើការប្រកួតបាល់ទាត់សប្បុរសធម៌, ការបរិច្ចាគឈាម, ការឧបត្ថម្ភដល់ក្រុមបាល់ទាត់ដែលខ្វះខាតនៅតាមបណ្ដាខេត្តដូចជាបាល់ សំលៀកបំពាក់... ជាដើម។

លោក June ដែលបច្ចុប្បន្នកំពុងសិក្សានៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្លឹបអ្នកគាំទ្រ Liverpoo l នៅកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១១ គិតមកដល់ពេលនេះមានអាយុ ១២ឆ្នាំហើយ។ និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតរូបនេះឲ្យដឹងថា ក្រៅពីការប្រមូលផ្ដុំអ្នកដែលស្រឡាញ់ក្លឹប Liverpool ដូចគ្នា លោកចង់បង្កើតសកម្មភាពនានា ដើម្បីឲ្យបរទេសបានស្គាល់ពីកម្ពុជាផង និងសកម្មភាពដែលចំណេញដល់កម្ពុជាផងតួយ៉ាងដូចជាការធ្វើសកម្មភាពសប្បុរសនេះជាដើម។ ទោះចំនួននេះមិនច្រើនលើសលប់តែវាឆ្លុះបញ្ចាំងពីទឹកចិត្តរបស់អ្នកចូលរួមដែលមានចាប់តាំងពី ១ដុល្លារ ២ដុល្លារ ៥ដុល្លារ ដល់១០០ដុល្លារ។ លោកសន្យាថា ក្លឹបអ្នកគាំទ្រ Liverpool នៅកម្ពុជានឹងបន្តធ្វើនៅឆ្នាំបន្តបន្ទាប់ទៀតដើម្បីជាគំរូមួយ និងការបង្ហាញពីសាមគ្គីភាពរបស់គ្រួសារខ្មែរ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី