• 2023-08-09 07:24:40
  • ព័ត៌មាន

កម្ពុជា កំពុងរែងយកគ្រាប់ពេជ្រកីឡាកាន់តែសម្បូរបែបពីគ្រប់ខេត្ដ/ក្រុង ដើម្បីកែច្នៃ

  • 2023-08-09 07:24:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្ដិកាណ៍កីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយសហព័ន្ធកីឡាជាតិ រៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ដោយចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២១ ខែសីហា ខាងមុខ។

មុនឈានដល់ព្រឹត្ដិកាណ៍ប្រកួតថ្នាក់ជាតិនេះ ក្រសួង និងសហព័ន្ធកីឡាកម្ពុជា បានរៀបចំសន្និសីទកាសែតមួយនៅថ្ងៃទី៩ ខែសីហា នេះ ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ សហព័ន្ធកីឡា មន្ដ្រីជំនាញផ្នែករៀបចំការប្រកួត និងម្ចាស់ឧបត្ថម្ភធំ នៃដំណើរការប្រកួតនេះ។

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម សុខ សប្បាយណា បានថ្លែងទៅមហាជន និងអ្នកពាក់ព័ន្ធក្នុងព្រឹត្ដិការណ៍នេះ តាមរយៈសារបណ្ដាញផ្សព្វផ្សាយព័ត៌មានជាច្រើនស្ថាប័នថា តាមពិតការប្រកួតនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ប៉ុន្ដែកម្ពុជាបានរៀបចំការប្រកួតទ្រង់ទ្រាយធំ និងទទួលបានជោគជ័យខ្លាំង ទើបតែបាន ៣លើកទេ ហើយឆ្នាំនេះសង្ឃឹមជោគជ័យកាន់តែខ្លាំង។

បើតាមរដ្ឋលេខាធិការរូបនេះ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ ៤ គឺទី១ ចង់បំផុសនូវការអប់រំកាយ និងកីឡានៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស ទី២ ចង់ជំរុញការលូតលាស់ផ្នែកកីឡាឲ្យបានកាន់តែលឿន ទី៣ ចង់ជំរុញ និងផ្ដល់ឱកាសឲ្យអ្នកមានឧបនិស្ស័យជាមួយកីឡាក្លាយទៅជាកីឡាករជម្រើសជាតិ និងទី៤ ចង់បង្កើតឱកាសឲ្យកីឡាករ និងគ្រូបង្វឹកពីគ្រប់ខេត្ដ\ក្រុង មានការប្រស្រ័យទាក់ទងគ្នាកាន់តែល្អ។

ឯកឧត្ដម សុខ សប្បាយណា៖ “នេះជាការចាប់ផ្ដើមរែងរើសយកគ្រាប់ពេជ្រ ឬគ្រាប់ពូជកីឡាល្អៗ យកមកច្នៃ ព្រោះយើងគិតថាបើទាល់តែធំហើយបានរើសមកជម្រើសជាតិ គឺវាអាចយឺតពេល។ ពេលរើសគ្រាប់ពេជ្របានហើយ…ឧទាហរណ៍ចេញពីខេត្ដ ឬក្រុងណា យើងនឹងធ្វើការជាមួយមន្ទីរនោះ ដើម្បីផ្ដល់បច្ចេកទេស និងប្រាក់ឧបត្ថម្ភប្រចាំខែ”។

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយច្បាប់របស់សហព័ន្ធកីឡាជាតិ ព្រឹត្ដិកាណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣ នឹងធ្វើឡើងរយៈពេល ១០ថ្ងៃ លើ១០ប្រភេទ កីឡា។ ក្នុងនោះមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្ដពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូWT តេក្វាន់ដូITF ប៊ូល ឬប៉េតង់ និងគុនល្បុក្កតោ។ ព្រឹត្ដិកាណ៍នេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ អូឡាំពិក៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី