• 2023-07-26 08:22:22
  • ព័ត៌មាន

ជន​បរទេស​ម្នាក់​លើក​ឡើង​ថា កម្ពុជា គួរ​មាន Visa ពិសេស​សម្រាប់​ជន​បរទេស​មក​ហាត់​គុន​ខ្មែរ​នៅ​កម្ពុជា

  • 2023-07-26 08:22:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី​បណ្ដាញ​សង្គម​ដែល​ជាជន​បរទេស​ម្នាក់ បាន​ចូល​មក​សរសេរ​សារ ដោយ​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា គួរ​មាន Visa ឬ ទិដ្ឋាការ​ពិសេស​មួយ​សម្រាប់​ផ្ដល់​ជូន​ជន​បរទេស​នានា​ដែល​ស្រឡាញ់​គុន​ខ្មែរ និង​បាន​មក​ហាត់​គុន​ខ្មែរ​នៅ​កម្ពុជា។

ការ​លើក​ឡើង​របស់​ជន​បរទេស​ខាង​លើ បន្ទាប់​ពី​ថ្មី​ៗ​នេះ​មាន​ករណី​របស់​កីឡាករ​ប្រេស៊ីល​ម្នាក់​កំពុង​ហាត់​គុន​ខ្មែរ​នៅ​កម្ពុជា ហើយ​ទិដ្ឋាការ​របស់​គេ​បាន​ផុត​សុពលភាព ហើយ​រូប​គេ​នៅ​តែ​បន្ត​ស្នាក់​នៅ​ទាំង​ខុស​ច្បាប់។

ទំព័រ​ហ្វេសប៊ុក "ហ្វេន ធឿន ធារ៉ា គុនខ្មែរ" មួយ​បាន​បើកបង្ហាញ​ថា "កីឡាករប្រេស៊ីល អាឡិច បានមកហ្វឹកហាត់គុនខ្មែរនៅក្លឹប ខ្លារខិនមានរិទ្ធគុនខ្មែរ អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ អាឡិច បានបន្តរស់នៅ និងហ្វឹកហាត់នៅកម្ពុជាទាំង Visa(ទិដ្ឋាការ) ផុតសុពលភាព 2ខែទៅហើយ"។

ស្ថានភាព​នេះ តម្រូវឱ្យ អាឡិច ធ្វើ​ការបន្ត Visa របស់គេដើម្បីបានហ្វឹកហាត់គុនខ្មែរនៅកម្ពុជាបន្ត​ទៀត ប៉ុន្តែ​ត្រូវរងពិន័យចំនួន 600ដុល្លារ។ បញ្ហា​នេះ បាន​ធ្វើ​គណនី​ហ្វេសប៊ុកឈ្មោះ Mahir Kupelikilinc បាន​ចូល​មក​លើក​ជា​គំនិត​ខាង​លើ គឺ​កម្ពុជាគួតែមាន Visa(ទិដ្ឋាការ) ពិសេសមួយសម្រាប់ជនបរទេសដែលមកហាត់គុនខ្មែរនៅកម្ពុជា។

ទំព័រ​ហ្វេសប៊ុក "ហ្វេន ធឿន ធារ៉ា គុនខ្មែរ" បាន​បក​ប្រែ​សំដីរបស់ Mahir Kupelikilinc ថា "របៀបដែលគេធ្វើការនៅប្រទេសថៃ គឺថាគេមានទិដ្ឋាការពិសេសមួយសម្រាប់សិស្សនៅសាលា និងសកលវិទ្យាល័យ ប៉ុន្តែគេក៏យកមកអនុវត្តដូចគ្នានៅក្នុងក្លឹបប្រដាល់នៅថៃ"។

ប្រភព​ដដែល​បន្តថា ប្រសិនបើជនបរទេសចុះឈ្មោះ​មកហ្វឹកហាត់ ពួកគេ​នឹងទទួលបានទិដ្ឋាការដែលមានសុពលភាពរយៈពេល ១ឆ្នាំក្នុងតម្លៃមួយថោក និងងាយស្រួល។ នេះ​ជាហេតុផលធំមួយធ្វើឱ្យជនបរទេសជាច្រើន បានទៅហ្វឹកហាត់ និងឡើងប្រកួតនៅសង្វៀនប្រទេសថៃ។ ដូច្នេះ​រូបគេថា ​កម្ពុជា គួរ​តែ​សាក​ល្បង​ដូចគ្នានេះដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់