• 2023-06-02 07:03:05
  • ព័ត៌មាន

អស្ចារ្យ​ណាស់ ជប៉ុន បញ្ជូន​អាជ្ញាកណ្ដាល ៤០ រូប​មក​ជួយ​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២

  • 2023-06-02 07:03:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន បាន​សម្រេច​បញ្ជូន​ក្រុម​អាជ្ញាកណ្ដាល​អាជីព​របស់​ខ្លួន​ចំនួន ៤០នាក់ មក​ចូល​រួម​ជួយ​កាត់​ក្ដី​នៅ​ក្នុង​ការ​ប្រកួត​នានា​នៅ​ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​ស្ថានទូតជប៉ុន​ប្រចាំ​នៅ​កម្ពុជា អំពីសេចក្តីប្រកាសព័ត៌មានដោយទីភ្នាក់ងារកីឡានៃប្រទេសជប៉ុន។

តាមស្ថានទូតជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​បញ្ជូន​ក្រុម​អាជ្ញាកណ្ដាល​ជា​ច្រើន​នាក់​នេះ ធ្វើ​ឡើង​តាមរយៈកម្មវិធីរួមចំណែកជាអន្តរជាតិ «កីឡាសម្រាប់ថ្ងៃស្អែក» ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារកីឡានៃប្រទេសជប៉ុន។

បន្ទាប់​មក​ដល់​កម្ពុជា ក្រុមអាជ្ញាកណ្តាលជប៉ុនប្រមាណ៤០រូប​នេះ នឹង​ចូល​រួម​ធ្វើ​ជា​អាជ្ញាកណ្ដាល​កាត់​សេចក្ដី​ក្នុង​ប្រកួតកីឡា៤ប្រភេទមាន កីឡាអត្តពលិកម្ម កីឡាលើកទម្ងន់ កីឡាហែលទឹក និងកីឡាបាល់បោះជិះរទេះ។ ការ​ណ៍​នេះ ធ្វើ​ឡើង​ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំប្រឹងប្រែង​ផ្លាស់​ប្ដូរ​ទំនាក់ទំនងអន្តរជាតិ​ដើម្បី​បន្ត​កេរ្តិ៍​ដំណែល​នៃ​ព្រឹត្តិការណ៍​កីឡាតូក្យូ ២០២០ ក្នុង​ឆ្នាំ​អបអរ​ខួង​លើក​ទី១៥០ នៃ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការជប៉ុន-អាស៊ាន។

ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅ​កម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ត​ទៅ​ហើយ រហូតដល់ទី៩ ខែមិថុនា នៅកម្ពុជា​។ ព្រឹត្តិការណ៍​នេះ បើ​ចាប់​ផ្ដើម​​កម្មវិធី​បើក​នៅ​យប់​ថ្ងៃ​ទី ០៣ មិថុនា។ ទិដ្ឋភាព​ជា​រួម​អំពី​ការ​បើក​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​នេះ បើ​តាម​សម្ដេច​តេជោ ហ៊ុន សែន អះអាង​ថា នឹង​មាន​ភាព​អស្ចារ្យ​មិនចាញ់​ការ​បើក​កម្មវិធី ស៊ីហ្គេម ដែល​ទើប​នឹង​បញ្ចប់​ទៅ​ថ្មី​ៗ​នោះ​ឡើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី