• 2023-05-05 04:37:01
  • ព័ត៌មាន

មក​ដឹង​កាលបរិច្ឆេទ និង​ទីតាំង​ប្រកួត​ស៊ីហ្គេម​ ៣ វិញ្ញាសានៅ​ខេត្ត​ព្រះសីហនុ

  • 2023-05-05 04:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្តព្រះសីហនុ គឺ​ជា​ខេត្ត​របស់​កម្ពុជា​តែ​មួយ​គត់ ដែល​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ប្រកួត​កីឡាស៊ីហ្គេម​លើ ៣វិញ្ញាសាកីឡា​ផ្សេង​គ្នា គឺ​ទី១ កីឡាបាល់ទះលើឆ្នេរខ្សាច់ ២.កីឡាទូកក្តោង និង​៣.កីឡាម៉ូតូទឹក។ តាមរបាយការណ៍គណៈកម្មការប្រកួតកីឡាស៊ីហ្គេមអាស៊ីអាគ្នេយ៍បញ្ចេញ​ដោយ​រដ្ឋបាល​ខេត្តព្រះសីហនុ សម្រាប់វិញ្ញាសាកីឡាបាល់ទះលើឆ្នេរខ្សាច់នៅខេត្តព្រះសីហនុ និងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ និងបញ្ចប់នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ចំពោះវិញ្ញាសាបាលទះលើឆ្នេរខ្សាច់មានពីរផ្នែក គឺផ្នែកបុរស និងនារី ផ្នែកបុរសមានកីឡាករចូលរួមមកពីប្រទេសចំនួន៩ ដែលមានកីឡាករសរុបចំនួន ៥៥នាក់។ វិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់ផ្នែកនារីមាន ៧ប្រទេសចូលរួម មានកីឡាករសរុបចំនួន ៤២នាក់។ ក្នុងនោះមានគណៈកម្មការមន្ត្រីបច្ចេកទេសជាតិ អន្តរជាតិចំនួន ១៦៥នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (32 SEA GAME) ២០២៣ មានកីឡា ៣ប្រភេទ ១.កីឡាបាល់ទះលើឆ្នេរខ្សាច់ រៀបចំការប្រកួតនៅឆ្នេរពយជំទាវម៉ៅ (ជិតដើមឈើចាំស្នេហ៍) ២.កីឡាទូកក្តោង ៣.កីឡាម៉ូតូទឹក រៀបចំការប្រកួតនៅលើផ្ទៃសមុទ្រមុខឆ្នេរសុខា ជាប់ទីលានតេជោ (ពយតាមូង)។

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំក្រុមការងារបច្ចេកទេសត្រូវធ្វើយ៉ាងណាសម្អាតបរិស្ថាននៅជុំវិញទីលានប្រកួតឱ្យបានល្អស្អាត នៅក្នុងទីលានប្រកួតត្រូវជ្រោយខ្សាច់ឱ្យបានរៀបស្មើ ដើម្បីងាយស្រួលសម្រាប់កីឡាកររបស់យើងធ្វើការប្រកួតទៅតាមពូលនីមួយៗឱ្យទទួលបានជោគជ័យជូនប្រទេសរបស់ខ្លួន។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃបើកការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ខាងមុខ ឯកឧត្តមនឹងមកមើលការប្រកួតនៅទីនេះ ដើម្បីលើក​ទឹកចិត្តដល់កីឡាឱ្យបញ្ចេញទេពកោសល សមត្ថភាព ដណ្តើមមេដាយមាស និងធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ អញ្ជើញចូលរួមទស្សនាកីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុ ប្រកបដោយបរិយាកាសសប្បាយរីករាយទាំងអស់គ្នា៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី