• 2023-04-24 04:29:09
  • ព័ត៌មាន

មាន​គំនិត​ណាស់ ព្រំ សំណាង កំពុង​ត្រៀម​ដំណើរ​ការ​មុខ​របរ​ថ្មី​មួយ​ឆាប់​ៗ​នេះ

  • 2023-04-24 04:29:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​អាជីព​ប្រដាល់​បាន និង​កំពុង​មាន​ផ្លែ​ផ្កា និង​រក​ប្រាក់​បាន​ជា​ច្រើន​ក្នុង​រង្វង់​ប្រមាណ​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ ឥឡូវ ព្រំ សំណាង បាន​ប្រើ​ប្រាស់​ចំណែក​ខ្លះ​នៃ​ថវិកា​ដែល​រក​បានត្រៀម​នឹង​បើក​មុខ​របរ​ថ្មី​មួយ​បន្ថែម​ពី​អាជីព​ឈឺ​ខ្លួន​មួយ​នេះ។

នៅ​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ ព្រំ សំណាង បញ្ជាក់​ថា​អំពី​មុខ​របរ​ថ្មី​នេះ​ថា គឺ​លោក ត្រៀម​នឹង​បើក​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ។ លោកថា ​បាន​គិត​ពី​មុខ​របរ​បន្ថែម​ដែល​មិន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​គុន​ខ្មែរ​មួយ​នេះយូរ​មក​ហើយ ហើយ​ទើប​អាច​មាន​លទ្ធភាព​ខ្លះ​ៗ​ដើម្បី​ធ្វើ​នៅ​ពេល​នេះ។ ចំពោះ​ហេតុផល ទី​១ គឺ​លោក​មាន​ចេតនា ចង់​ចែក​ចំណេះ​ជំនាញ​អំពី​ក្បាច់​គុន​ប្រដាល់​ខ្មែរ​ទៅ​ឲ្យ​ក្មេង​ៗ​ជំនាន់​ក្រោយ។

លោកថ្លែង​ថា "គឺ​បង្ការ​ពេល​ខ្ញុំ​ចាស់​ទៅ...ហើយ​ខ្ញុំ​ចង់​បណ្ដុះបណ្ដាល​ក្មេង​ជំនាន់​ក្រោយ កុំ​អោយ​ដើរ​ផ្លូវ​ខុស ឬ​អត់​ការងារ​ធ្វើ​អីចឹង​ណាស់ និង​ព្យាយាម​ជីកគាស់​ក្មេង​ៗដែល​មាន​សមត្ថភាព ​នៅ​តាម​ស្រុក​ភូមិ​នានា..."។ ដោយ​ហេតុផល​ទី​២​ទៀត ដើម្បី​បង្ការ​ពី​ការ​ធ្លាក់​ចុះ​នៃ​អាជីព​ប្រដាល់ ទៅ​តាម​វ័យ តាម​កាល​វេលា ដែល​ចៀស​មិន​រួច។ ដូច្នេះ បើ​មិន​ធ្វើ​មុខ​របរ​​នេះ​ទេ គឺ​ស្ដាយ​អ្វី​ដែល​ខ្លួន​ឯង​បាន​សាង​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​បើ​មិន​រក​អ្នក​បន្ត​វេន គឺ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​មួយ។

បច្ចុប្បន្នបញ្ជាក់​ថា លោក​កំពុង​ដំណើរ​ការ​រៀប​ចំ​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ឈ្មោះ​ផ្លូវ​ការ​នោះ​ទេ ហើយ​ពេល​វេលា​ជាក់លាក់​ក្នុង​ការ​ដំណើរ​ការ​ផ្លូវ​ការ​មិន​ទាន់​មាន​ដែរ។ លោក​ថា កិច្ចការ​នេះ​មាន​ខ្ទង់​ចំណាយ​ខ្ពស់ ដូច្នេះ​ហើយ លោក​ធ្វើ​វា​បន្តិច​ម្ដង​ៗ​តាម​លទ្ធភាព​ដែល​ខ្លួន​មាន​៕

អត្ថបទ៖ ទារិកា

មតិយោបល់