- 2023-03-21 04:17:40
- ព័ត៌មាន
សម្តេច ទៀ បាញ់៖"ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនឹងបង្ហាញមុខមាត់លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា"
- 2023-03-21 04:17:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេច ទៀ បាញ់៖"ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនឹងបង្ហាញមុខមាត់លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា"
ចន្លោះមិនឃើញ
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានថ្លែងក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តថា៖ «ការប្រារព្ធព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា ថ្ងៃនេះ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានត្រៀមរៀបចំខ្លួនរួចរាល់»។
នេះជាការក្រាបបង្គំទូលថ្វាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡាសម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រាបបង្គំទូលថ្វាយ និងបានជម្រាបជូនបន្ថែមថា ការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ឆ្នាំ២០២៣នេះ គឺកម្ពុជាបានត្រៀមការរៀបចំហេដ្ឋារចនាសម្ព័ន្ធកីឡា ហេដ្ឋារចនាសម្ព័ន្ធសាធារណៈគាំទ្រដទៃទៀត អភិវឌ្ឍបណ្តុះបណ្តាលធនធានកីឡា មន្ត្រីជំនាញបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក ការប្រកួតកីឡាគ្រប់ប្រភេទ និងការពង្រឹងសហព័ន្ធកីឡាជាតិ ដោយមានការគាំទ្រ និងសម្រេចរួមគ្នាពីសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងសហព័ន្ធកីឡាជនពិការអាស៊ាន លើប្រភេទកីឡា និងវិញ្ញាសាប្រកួតទាំងអស់។ «ក្នុងនាមគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ខ្ញុំព្រះករុណាខ្ញុំ មានកិត្តិយសដ៏ឧត្តុង្គឧត្តម និងមានសេចក្តី រំភើបសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអភិវន្ទនាការ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះរាជវត្តមានដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យយាងជាព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 នៅប្រាសាទ អង្គរវត្តដ៏មហានក្ខត្តឫក្សនេះ»។
«រហូតមកដល់ថ្ងៃនេះ នៅសល់តែ៤៥ថ្ងៃទៀត នឹងឈានដល់ការធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ និងនៅសល់៧៤ថ្ងៃទៀត នឹងធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ASEAN Para Games លើកទី១២ ដែលទាមទារឱ្យយើងទាំងអស់គ្នា រួមកម្លាំងកាយចិត្ត រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះ ឱ្យប្រព្រឹត្តទៅទទួលបានជោគជ័យ។ កីឡា SEA Games-ASEAN Para Games 2023 ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលព្រះរាជាណាចក្រកម្ពុជា បានរង់ចាំរយៈពេល៦៤ឆ្នាំ ទើបរាជរដ្ឋាភិបាលសម្រេចយកឆ្នាំ២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para។ ព្រឹត្តិការណ៍នេះ នឹងបង្ហាញមុខមាត់លើកតម្កើងកេរ្តិ៍ឈ្មោះកម្ពុជា និងជាកម្លាំងថាមពល ដែលត្រូវដាក់បង្ហាញពិភពលោក ឱ្យបានយល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សេដ្ឋកិច្ច និងសង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើងបន្ថែមទៀត តាមរយៈនយោបាយឈ្នះឈ្នះ បានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡា SEA Games-ASEAN Para Games ដ៏ធំបែបនេះ»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រាបបង្គំទូលថ្វាយ និងបានជម្រាបជូនបន្ថែម។
បន្ថែមពីលើនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ដែរថា ផែនការប្រារព្ធពិធីរត់ភ្លើងគប់នាពេលនេះ បានរៀបចំឡើងមានភាពហ្មត់ចត់ ប្រទាក់ក្រឡាគ្នាយ៉ាងស្អិតល្មួត ត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយ ដោយមានកិច្ចសហការល្អប្រកបដោយការទទួលខុសត្រូវខ្ពស់ រវាងគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC, ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ, អាជ្ញាធរ រាជធានីខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានទូតកម្ពុជាប្រចាំបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ នៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលភ្លើងគប់កីឡា ត្រូវដង្ហែឆ្លងកាត់។
«ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ SEA Games-ASEAN Para Games 2023 ប្រារព្ធឡើងក្រោមព្រះរាជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាឱកាសដ៏មហោឡារិកនេះ បានបង្កប់ដោយប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ ដែលជាសិល្បៈ និងវប្បធម៌ដ៏ចំណាស់មួយនៅក្នុងតំបន់ និងជាព្រះអគ្គិជ័យកីឡាប្រកបដោយអច្ឆរិយភាព ដែលមិនត្រឹមតែឆ្លុះបញ្ចាំងអំពីអំណាចទេវតា ថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាព្រះអគ្គិតំណាងឱ្យភាពរុងរឿងនៃកីឡានៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ដែលឆ្លុះបញ្ចាំងឱ្យឃើញថា កីឡារស់ក្នុងសន្តិភាព»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រាបបង្គំទូលថ្វាយ និងបានជម្រាបជូនបន្ថែម។
ជាមួយគ្នានេះ គណៈកម្មការជំនាញ អគ្គលេខាធិការដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ ដែលជាសេនាធិការជូនគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បាននិងកំពុងដំណើរការអនុវត្តការងារយ៉ាងសកម្ម តាមឆន្ទៈ និងស្មារតីទទួលខុសត្រូវ ទៅតាមផែនទីបង្ហាញផ្លូវ និងផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ប្រកបដោយចក្ខុវិស័យមួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព គណនេយ្យភាព ក្នុងស្មារតីខិតខំរួមគ្នាឱ្យអស់លទ្ធភាព ដើម្បីនាំមកនូវជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិ មាតុភូមិជាទីស្រលាញ់នៃយើង និងដើម្បីមុខមាត់ កេរ្តិ៍ឈ្មោះ ដែលជាកម្លាំងថាមពល បង្ហាញពិភពលោកឱ្យស្គាល់យល់ដឹងពីវប្បធម៌ អរិយធម៌ ទេសចរណ៍ សង្គមខ្មែរដ៏រុងរឿង ថ្កុំថ្កើងថែមទៀត នាបច្ចុប្បន្ននេះ។
«ជាការពិត ភាពជោគជ័យនៃការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនាថ្ងៃនេះ អាស្រ័យដោយការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះវិស័យកីឡា និងបានផ្ដល់អនុសាសន៍ណែនាំ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដល់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC សហការជាមួយក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាគាំទ្រដល់ព្រឹត្តិការណ៍ធំជាប្រវត្តិសាស្ត្រជាតិនេះ»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រាបបង្គំទូលថ្វាយ និងបានជម្រាបជូនបន្ថែម៕