• 2023-02-28 09:05:07
  • ព័ត៌មាន

ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម កោះហៅកីឡាករ៤១នាក់ ប្រមូលផ្ដុំ ត្រៀម​ស៊ីហ្គេមនៅកម្ពុជា

  • 2023-02-28 09:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាបាល់ទាត់វៀតណាម បានប្រកាសកាលពីម្សិលមិញថា ពួកគេ នឹងធ្វើការប្រមូលផ្តុំហ្វឹកហាត់ជាលើកដំបូង សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំនៅថ្ងៃទី១ ខែមីនានេះ ដើម្បីត្រៀមខ្លួន សម្រាប់បេសកកម្ម ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។

កីឡាករសរុបចំនួន ៤១នាក់ នឹងត្រូវបានកោះហៅឱ្យចាប់ផ្តើមដំណាក់កាលជម្រុះកីឡាករ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិបារាំង ទើបទទួលការតែងតាំងជាផ្លូវការ កាលពីថ្ងៃទី២៧ ខែកុម្ភៈ គឺលោក Philippe Troussier ដែលត្រូវកាន់តួនាទីជាគ្រូជម្រើសជាតិក្រុមធំផង និងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំផង សម្រាប់កិច្ចសន្យារយៈពេល៣ឆ្នាំ។

តាមផែនការ ដំណើរការហ្វឹកហាត់របស់ក្រុមU22 វៀតណាម ក្នុងខែមីនា ឆ្នាំ២០២៣ នឹងចែកចេញជា៤ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា គឺជាដំណាក់កាលជួយគ្រូបង្វឹកថ្មី និងសហការី ពិនិត្យ និងវាយតម្លៃគុណភាពកីឡាករជាចម្បង ដើម្បីត្រៀមសម្រាប់ការហ្វឹកហាត់ នៅដំណាកកាលបន្ទាប់ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែមីនា។

ក្នុងរយៈពេលនេះ ចំនួននៃសមាជិក U22 វៀតណាម នឹងត្រូវកាត់បន្ថយពី ៤១នាក់ មកនៅត្រឹម ៣២នាក់ ហើយគ្រូបង្វឹកថ្មី ក៏នឹងចាប់ផ្តើមបញ្ចូលទម្រង់លេង កលល្បិច អនុវត្តចំពោះក្រុម និងបន្តវាយតម្លៃកម្លាំងសម្រាប់ដំណាក់កាលបន្ត។

វៀតណាម គឺជាក្រុមការពារមេដាយមាស ដែលគេបានឈ្នះ ២សម័យកាលជាប់ៗគ្នា ក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកធ្វើ ឆ្នាំ២០២២) នៅលើទឹកដីរបស់ខ្លួន ដែលជាការបង្កើនចំនួនឈ្នះមេដាយមាស ៣ដង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចាប់តាំងពីឆ្នាំ១៩៥៩ ជាឆ្នាំដែលបង្កើតព្រឹត្តិការណ៍លើកដំបូង ហើយវៀតណាម ឈ្នះមេដាយមាសលើកដំបូងមុនគេផងដែរ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី