• 2023-01-30 11:43:25
  • ព័ត៌មាន

Juventus ធ្លាប់​ត្រូវ​បាន​ទម្លាក់​ទៅ​ Serie B ទោះ​បាន​លើក​ពាន​ Serie A ក្ដី

  • 2023-01-30 11:43:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Juventus ត្រូវ​បាន​អាជ្ញាធរ​បាល់ទាត់​អ៊ីតាលី​ដក​ ១៥ពិន្ទុ ក្រោយ​រក​ឃើញ​ថាក្លឹប​នេះ​មាន​ភាព​មិន​ប្រក្រតី​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​រឿង​បំប៉ោង​ប្រាក់​ចំណូល​របស់​ខ្លួន​ពី​ការ​ទិញ​ដូរ​កីឡាករ​អំឡុង​ឆ្នាំ២០១៩ ដល់​ឆ្នាំ២០២១។ ថ្ងៃ​នេះ​ដែរ Sabay សូម​បង្វែរ​ចំណាប់អារម្មណ៍​ប្រិយមិត្ត​មក​ដឹង​អំពី​រឿង​អាស្រូវ​មួយ​ កាល​ពី​ជាង ១៥ឆ្នាំ​មុន ដោយ​ Juventus ត្រូវ​បាន​គេ​ទម្លាក់​ទៅ​លេង​លីគ​ទី២ ទោះ​ជា​ខ្លួន​ឈ្នះ​ពាន Serie A ក្ដី។

ក្នុង​ឆ្នាំ ២០០៦ ក្លឹប​សេះបង្កង់​ Juventus ត្រូវ​បាន​ទម្លាក់​ទៅ​លីគ Serie B ភ្លាម​ៗ​ក្រោយ​ពេល​ដែល​ខ្លួន​បាន​ឈ្នះ​ពាន Serie A។ នេះ​គឺ​ដោយសារ​តែ​រឿង​អាស្រូវ​ Calciopoli (រឿង​អាស្រូវ​បាល់ទាត់​អ៊ីតាលី​ឆ្នាំ ២០០៦) ដែល​ពាក់ព័ន្ធ​នឹង​ការ​ឃុបឃិត​ជាមួយ​អាជ្ញាកណ្ដាល។

នៅ​រដូវ​កាល​ ២០០៥/០៦ Juventus បាន​ឈ្នះ​លីគ​កំពូល​អ៊ីតាលី​យ៉ាង​ងាយស្រួល​ជាមួយ​នឹង​ពិន្ទុ​កំណត់ត្រា​មួយ ដោយ​ពេល​នោះ​ក្លឹប​មួយ​នេះ​មាន​ ៩១​ពិន្ទុ​ដែល​លើស​ក្លឹប​ AC Milan ៣​ពិន្ទុ​ ប៉ុន្តែ​នៅ​មុន​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០០៦ រឿង​អាស្រូវ​នេះ​ក៏​បាន​ផ្ទុះ​ឡើង​។

រឿង​អាស្រូវ​នេះ​ កើតឡើង​តាំង​ពី​អំឡុង​រដូវ​កាល​ ២០០៤/០៥​មក​ម្ល៉េះ ដោយ​អ្នក​ដែល​ដើរ​តួ​សំខាន់​ជាង​គេ​ក្នុង​រឿង​នេះ គឺ​គណៈ​គ្រប់គ្រង​ក្លឹប​ Juventus ២​រូប​ មាន​លោក​ Luciano Moggi និង​ Antonio Giraudo ដោយ​ពួក​លោក​ ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ ឃុបឃិត​ជាមួយ​នឹង​អាជ្ញាកណ្ដាល​ Serie A ដើម្បី​ឲ្យ​កាត​ទៅ​កីឡាករ​សំខាន់​ៗ​ដែល​លេង​ប៉ះ​នឹង​ក្លឹប​យក្ស​អ៊ីតាលី​នេះ។

ការ​សន្ទនា​ទូរស័ព្ទ​របស់​ពួក​ថ្នាក់ដឹកនាំ​ទាំង​នោះ​ ត្រូវ​បាន​គេ​ធ្វើ​ជា​កំណត់ហេតុ​ និង​ចុះ​ព្រោងព្រាត​នៅ​តាម​កាសែត​ និង​សារព័ត៌មាន​អ៊ីតាលី​នៅ​ពេល​នោះ។

ក្រោយ​បើក​ការ​ស៊ើបអង្កេត​រួច​រាល់​ហើយ ក្លឹប​សេះបង្កង់​ត្រូវ​បាន​ទម្លាក់​ទៅ​លីគ​លំដាប់​ ២ ហើយ​ពាន​ Serie A ឆ្នាំ​២០០៥ និង​ឆ្នាំ​២០០៦ របស់​ពួក​គេ ត្រូវ​បាន​ដក​ហូត​។ ​រឿង​នេះ​ក៏​ជាប់​ទាក់ទង​ជាមួយ​ក្លឹប​មួយ​ចំនួន​ដែល​មាន​ដូច​ជា​ AC Milan, Fiorentina, Lazio និង​Reggina ដោយ​ Fiorentina និង​Lazio បាន​ធ្លាក់​ទៅ​លេង​នៅ​ Serie B ជាមួយ​ Juventus។

ទន្ទឹម​នឹង​ការ​ធ្លាក់​ពី Serie A ពេល​នោះ Juventus បាត់បង់​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ ខ្សែ​ការពារ​ Fabio Cannavaro និង​ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic និង​កីឡាករ​សំខាន់​ជា​ច្រើន​ទៀត​ ហើយ​សល់​តែ​កីឡាករ​ល្បី​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ដូច​ជា​ អ្នក​ចាំទី​ Gianluigi Buffon ជា​ដើម​៕

ប្រភព៖ Sports Keeda អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី