• 2023-01-30 11:19:35
  • ព័ត៌មាន

អារ៉ាប៊ីសាអ៊ូឌីត​យក​កីឡា​បាល់ទាត់​ ដើម្បី​លើក​មុខ​មាត់​ប្រទេស​

  • 2023-01-30 11:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អារ៉ាប៊ីសាអ៊ូឌីត​បាន​ប្រើប្រាស់​ទឹក​លុយ​របស់​ខ្លួន ដើម្បី​យក​កីឡា​បាល់ទាត់​មក​លើកមុខមាត់​ប្រទេស​របស់​ខ្លួន។ នេះ​បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន Sky Sports

កន្លង​មក​ប្រទេស​នេះ​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ម្ចាស់​ផ្ទះ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ឆ្នាំ២០៣០ ជាមួយ​ប្រទេស​ទួរគី និង​ប្រទេស​ក្រិក។ ក្រៅ​ពី​ក្ដី​សុបិន​មួយ​នេះ អារ៉ាប៊ីសាអ៊ូឌីត​ក៏​ចង់​ពង្រឹង​លីគ​បាល់ទាត់​របស់​ខ្លួន ឱ្យ​ក្លាយ​ជា​លីគ​ស្តង់ដារ​អន្តរជាតិ​មួយ​ផង​ដែរ។

ប្រកួត El Clasico ដែល​ធ្វើ​នៅ​រាជធានី​រីយ៉ាដ​កាល​ពី​ខែ​មករា​កន្លង​ទៅ

ប្រទេស​នេះ​បាន​ទាក់ទាញ​ឱ្យ​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​មក​លេង​នៅ​ប្រទេស​របស់​ខ្លួន​។ តួយ៉ាង​នៅ​ក្នុង​ខែ​មករា​នេះ រាជធានី​រីយ៉ាដ​បាន​បើក​ទ្វា​រៀប​ចំ​ការ​ប្រកួត​ El Clasico រវាង​ក្លឹប Barcelona និង​ក្លឹប Real Madrid ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​ពាន Super Cup អេស្ប៉ាញ ក៏​ដូច​ជា​រៀប​ចំ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​អ៊ីតាលី​រវាង AC Milan និង​ Inter Milan ផង​ដែរ។

ក្រៅ​ពី​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ក្រសួង​កីឡា​របស់​ប្រទេស​នេះ​ក៏​បាន​លើក​ទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ប្រទេស​របស់​ខ្លួន​ទិញ​ក្លឹប​ធំៗ​នៅ​លីគ​កំពូល​អង់គ្លេស​ដូច​ជា ក្លឹប​ Liverpool និង Manchester United ជា​ដើម ខណៈ​ក្លឹប​ទាំង​ពីរ​នេះ​កំពុង​តែ​ដាក់​លក់។ តាម​ពិត​ទៅ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​គ្រប់គ្រង​ក្លឹប Newcastle United បាត់​ទៅ​ហើយ ក្រោយ​ពី​ទិញ​កាល​ពី​ខែ​តុលា ឆ្នាំ២០២១៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់