• 2022-12-20 06:51:54
  • ព័ត៌មាន

Burn X Flash ​រំពឹង​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​ M4 ​ដែល​ប្រាក់​រង្វាន់​សរុប​៨០​ម៉ឺន​ដុល្លារ​

  • 2022-12-20 06:51:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​អេឡិចត្រូនិក​តំណាង​កម្ពុជា Burn X Flash​ នឹង​ចូលរួម​កីឡា​អេឡិចត្រូនិក​កម្រិតពិភព​លោក​ M4 World Championship​ ហៅកាត់ M4 ​សម្រាប់វិញ្ញាសា Mobile Legends: Bang Bang រៀប​ចំ​ឡើង​ដោយ​ក្រុមហ៊ុន Moonton ​នៅប្រទេសឥណ្ឌូនេស៊ី។

ការ​ប្រកួត​ត្រូវ​បាន​បែងចែក​ជា​ពីរ​ដំណាក់​កាល​គឺ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល ​ចាប់ពីថ្ងៃទី១​ ដល់ទី៤ ​ខែមករា និង​វគ្គ​ចាញ់​ធ្លាក់ ​ឈ្នះ​ឡើង​រហូត​ដល់​វគ្គផ្តាច់ព្រ័ត្រ ​ចាប់ពីថ្ងៃទី៧ ដល់ទី១៧ ​ខែមករា ​ឆ្នាំ២០២៣។ព្រឹត្តិ​ការណ៍​អន្តរជាតិ​នេះ​មាន​ក្រុម​ចំនួន១៦​មកពី​ប្រទេស​ផ្សេងៗ ​ទូទាំង​ពិភពលោក​ និង​ត្រូវ​បាន​បែងចែក​ជា​៤ពូល​ ហើយ​ក្នុង​១​ពូល​មាន​៤ក្រុម។ ​ដោយឡែក​សម្រាប់​ក្រុមកម្ពុជា​ Burn X Flash ស្ថិត​នៅ​ក្នុង ​A ដែល​មាន​ក្រុម​ខ្លាំង​ៗដូចជា​ Blacklist International របស់​ប្រទេស​ហ្វីលីពីន​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់ ​ក្រុម Falcon Esports ​ជាជើង​ខ្លាំងរបស់ប្រទេសមីយ៉ាន់ម៉ា ​និងក្រុម Incendio Supremacy ​របស់​តួកគី។

ក្រុម Burn X Flash ​មុន​ចេញ​ទៅ​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា​ពួកគេ​ត្រៀម​រួច​ហើយ​ក្នុង​ការ​ប្រកួត​ខាង​មុខ​នេះ ជា​ពិសេស​ការ​ប៉ះ​ក្រុម​ខ្លាំង​ៗ​ជា​ច្រើន​ដូចជា Blacklist ​និង Falcon Esport ​ជា​ដើម។ ជាក់​ស្ដែង Falcon Esport ​នេះ​ក៏​ទើប​លើក​ពាន​អន្ដរជាតិ​មួយ​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ដែរ ​ដោយ​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ​នៅ​កម្ពុជា​ជា​ច្រើន។ ​ដូច្នេះ Burn X Flash ​រំពឹង​ថា​អ្នក​គាំទ្រ​នឹង​គាំទ្រ​ពួកគេ​ខ្លះ​ដើម្បី​យក​ឈ្នះ​សងសឹក​ឱ្យ​ក្រុម​កម្ពុជា​វិញ​បាន។ ​

សម្រាប់​ព្រឹត្តិការណ៍​នេះ​ មានប្រាក់រង្វាន់សរុបចំនួន ៨០​ម៉ឺន​ដុល្លារ​អាមេរិក ​($800,000 USD) ដែល​មាន​ការបែងចែក​ប្រាក់រង្វាន់ទាំងនេះ​ទៅតាមចំណាត់ថ្នាក់ចាប់ពីលេខ១ ​ដល់​លេខ​១៦។

​វគ្គក្នុងពូល

​- ពូល A៖ Blacklist International (ហ្វីលីពីន), Burn X Flash (កម្ពុជា), Falcon Esports (មីយ៉ាន់ម៉ា) និង Incendio Supremacy (តួកគី)។

​- ពូល B៖ Malvinas Games (អាហ្សង់ទីន), MDH Esports (វៀតណាម), ONIC Esports (ឥណ្ឌូនេស៊ី) និង TODAK (ម៉ាឡេស៊ី)។

​- ពូល C៖ ECHO (ហ្វីលីពីន), Occupy Thrones (អេហ្ស៊ីប), RRQ Hoshi (ឥណ្ឌូនេស៊ី), និង RSG Singapore (សិង្ហបុរី)។

​- ពូល D៖ RRQ Akira (ប្រេស៊ីល), S11 Gaming Angentina (ប៊ូឡាវី), Team HAQ (ម៉ាឡេស៊ី), និង The Valley (អាមេរិកខាងជើង)។

កាលពីឆ្នាំ២០២១ ​ដែលជាព្រឹត្តិការណ៍ M3 ​ឆ្នាំ២០២១ រៀបចំការប្រកួតនៅប្រទេសសិង្ហបុរី​ ក្រុម​កម្ពុជា​ See You Soon​ ធ្វើ​បាន​ល្អ​ដែរ ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៩ ​ក្នុង​ចំណោម​១៦ក្រុម​ ដោយ​ទទួល​បាន​ប្រាក់​រង្វាន់ ១៥ ០០០ដុល្លារអាមេរិក៕​

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់