• 2022-10-05 01:31:00
  • ព័ត៌មាន

ស្នងការ​ប៉ូលិស​ឥណ្ឌូណេស៊ី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង ក្រោយ​ហេតុការណ៍​រត់​ជាន់​គ្នា​នៅ​ស្តាត

  • 2022-10-05 01:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នងការ​ប៉ូលិស​ខេត្ត​ម៉ាឡាង ភាគ​ខាង​កើត​កោះ​ជ្វា ឥណ្ឌូណេស៊ី​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ ក្រោយ​មាន​ព្រឹត្តិការណ៍​សោកនាដកម្ម​រត់​ជាន់​គ្នា​នៅ​កីឡដ្ឋាន​​កាន់ជូរូហាន់ ដែល​ស្ថិត​ក្នុង​ខេត្ត​នេះ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​។ ក្រៅ​ពី​លោក​ស្នងការ​ ប៉ូលិស​ក្នុង​កងកម្លាំង​ពិសេស​ ៩រូប​ទៀត​ក៏​ត្រូវ​បាន​ដេញ​ចេញ ហើយ​ប៉ូលិស ១៨រូប ដែល​បាន​បាញ់​ឧស្ម័ន​បង្ហៀរ​ទឹកភ្នែក កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន AP

កាល​ពី​ថ្ងៃ​សៅរ៍ មនុស្ស​ ១២៧នាក់​បាន​បាត់បង់​ជីវិត​ ដោយ​ការ​រត់​ជាន់​គ្នា ក្រោយ​ប្រកួត​រវាង​ក្រុម​ម្ចាស់​ផ្ទះ Arema ទល់​នឹង​ក្រុម​ភ្ញៀវ Persebaya។ ខាង​ភ្ញៀវ​បាន​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​ ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ២ទសវត្ស​ក្នុង​លទ្ធផល ៣-២ ដែល​បណ្ដាល​ឱ្យ​ក្រុម​អ្នក​គាំទ្រ​ Arema ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ហើយ​រត់​ចូល​សំដៅ​ទៅ​ក្នុង​ទីលាន។

សារព័ត៌មាន AP បាន​ចុះ​ផ្សាយ​ថា ក្រុម​អ្នកគាំទ្រ​ក្លឹប Arema រាប់​ម៉ឺន​បង្ហាញ​ក្ដី​ខឹង​សម្បារ​ ដោយ​រត់​ចូល​ទីលាន ហើយ​គប់​ដប​ទឹក​ទៅ​កាន់​មន្ត្រី​រៀប​ចំ​ការ​ប្រកួត។ ពេល​នោះ​ហើយ ក្នុង​គោលបំណង​រក្សា​សណ្ដាប់ធ្នាប់ ប៉ូលិស​បាន​ចូល​ទៅ​បំបែក​ហ្វូង ដោយ​ប្រើ​ឧស្ម័ន​បង្ហៀរ​ទឹក​ភ្នែក។ ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ប៉ូលិស​បាញ់​ឧស្ម័ន​នេះ​ មនុស្ស​ជា​ច្រើន​បាន​សម្រុក​ចេញ​ពី​ទីលាន បណ្ដាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​បាត់​បង់​ជីវិត។

នៅ​ពេល​នេះ​ដែរ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បាន​ដាក់​បទបញ្ជា​ផ្អាក​ការ​ប្រកួត​លីគ​កំពូល​ឥណ្ឌូណេស៊ី ហើយ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ជំនាញ​បន្ត​ធ្វើ​ការស៊ើបអង្កេត៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី