• 2022-08-05 04:21:49
  • ព័ត៌មាន

លម្អិត​រឿង រុស្ស៊ី​ចាប់​តារា​បាល់​បោះ​ល្បី​ឈ្មោះ​អាមេរិក​ដាក់​គុក​៩​ឆ្នាំ ​ធ្វើ​ឱ្យ Joe Biden ​ក្ដៅ​ចិត្ត​

  • 2022-08-05 04:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រុស្ស៊ី​បាន​ប្រកាស​ជា​ផ្លូវការ​ដើម្បី​ដាក់​ទោស​កីឡា​ការិនី Brittney Griner ​តារា​បាល់បោះ​និង​ម្ចាស់​មេដាយ​មាស​អូឡាំពិក​អាមេរិក ​ជាប់​គុក​ដល់​ទៅ​៩​ឆ្នាំ​ឯ​ណោះ​ពី​បទ​ជួញដូរ​គ្រឿង​ញៀន។

​តាម​ពិត​ទៅ​រឿង​ខាង​លើ​នេះ​កើត​ឡើង​តាំង​ពី​ខែ​កុម្ភៈ​ដើម​ឆ្នាំ​២០២២​នេះ​ម្ល៉េះ។ ដោយ​កាល​នោះ​ Griner ​បាន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី​វិញ​ដើម្បី​ទៅ​លេង​ឱ្យ​ក្លឹប​អាជីព​របស់​ខ្លួន UMMC Ekaterinburg ។ ទៅ​ដល់​ព្រលាន​ក៏​ស្រាប់​តែ​គេ​ឆែក​ឃើញ​ក្នុង​វ៉ាលី​របស់​នាង ​មាន Vape ​១​ដើម​និង​ទឹក​ថ្នាំ ​ទើប​បណ្ដាល​ឱ្យ​មាន​ការ​ចាប់​ខ្លួន ​និង​បទ​ចោទ​ប្រកាន់​លើ​រូប​នាង​ថា​ជួញដូរ​គ្រឿង​ញៀន។ ការ​កាត់​ក្ដី​ក៏​ត​មក​រហូត​ដល់​ពេល​នេះ ទើប​ប្រកាស​ពី​ទោស​ឱ្យ​ជាប់​គុក​នៅ​រុស្ស៊ី​រហូត​ដល់​៩​ឆ្នាំ​តែ​ម្ដង។

​សេចក្ដី​សម្រេច​ដាក់ទោស​នេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក ​និង​កីឡាករ​ កីឡា​ការិនី​បាល់​បោះ​ជា​ច្រើន​សោកស្ដាយ ​និង​ចង់​ជួយ​ម្ចាស់​មេដាយ​មាស​អាមេរិក​ខាង​លើ​នេះ​មែនទែន។ ​រហូត​ដល់​លោក Joe Biden ​ប្រធានាធិបតី​អាមេរិក​ផ្ទាល់​ក៏​បាន​ប្រកាស​ថា​វា​ជា​សេចក្ដី​សម្រេច​ដែល​មិន​អាច​ទទួល​យក​បាន​ផង​ដែរ។

​លោក ​បាន​បញ្ជាក់​ថា​៖ “រុស្ស៊ី​កំពុង​ឃុំ​ខ្លួន​ Brittney ​ខុស​។ ​វា​មិន​អាច​ទទួល​យក​បាន​ទេ​ ហើយ​ខ្ញុំ​សូម​អំពាវ​នាវ​ឱ្យ​រុស្ស៊ី​ដោះលែង​នាង​ជា​បន្ទាន់​ ដើម្បី​ឲ្យ​នាង​អាច​នៅ​ជាមួយ​ភរិយា ​មនុស្ស​ជាទី​ស្រឡាញ់ ​មិត្ត​ភក្តិ​ និង​មិត្ត​រួម​ក្រុម​”។ ​លោក​ប្រធានាធិបតី​ក៏​អះអាង​ទៀត​ថា​នឹង​ធ្វើ​ការ​មិន​ខ្លាច​នឿយហត់ ​ហើយ​ក៏​រក​វិធី​ដើម្បី​ជួយ​នាង​ឱ្យ​បាន​ផង​ដែរ។

ការកាត់ក្តីរបស់ Griner ​បានកើតឡើងជាមួយ​នឹង​ភាព​តានតឹង​កើនឡើងរវាងទីក្រុងមូស្គូ និង​ទីក្រុង​វ៉ាស៊ីន​តោន ជុំវិញអន្តរាគមន៍យោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ដែល​បានបង្កឱ្យ​មានការថ្កោល​ទោស​ពី​អន្តរជាតិ និង​ទណ្ឌកម្ម​របស់លោកខាងលិច។

ប្រភព៖ RT អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី