
- 2022-07-07 08:52:14
- ព័ត៌មាន
ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail ក្នុងឧទ្យាជាតិគីរីរម្យ បានទាក់ទាញអ្នកចូលរួម មកពី ១២ប្រទេស
- 2022-07-07 08:52:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail ក្នុងឧទ្យាជាតិគីរីរម្យ បានទាក់ទាញអ្នកចូលរួម មកពី ១២ប្រទេស
ចន្លោះមិនឃើញ
កាលពីព្រឹកថ្ងៃអាទិត្យ ទី ៣ ខែកក្កដា សហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail លើកទីពីរ ក្នុងគោលបំណងលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជន និងផ្ដល់បទពិសោធថ្មីក្នុងការរត់នៅតាមតំបន់ព្រៃភ្នំជាមួយនឹងទេសភាពធម្មជាតិស្រស់បំព្រង។ កម្មវិធីនេះទទួលបានការឧបត្ថម្ភដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងក្រុមហ៊ុនជាច្រើនទៀត ។
លោក ជីម គង់ហ៊ុយ ជាអ្នករៀបចំកម្មវិធី Cambodia Elephant Trail 2022 បានថ្លែងថា៖ “ខ្ញុំសប្បាយរីករាយយ៉ាងខ្លាំងពេលដែលបានឃើញការចូលរួមយ៉ាងសកម្មពីអ្នករត់ប្រណាំងមកពីបណ្ដាប្រទេសនានា ជាពិសេសស្នាមញញឹមចេញពីអ្នកចូលរួមទាំងអស់ដែលបង្ហាញពីការពេញចិត្តជាខ្លាំងទៅនឹងកម្មវិធីនេះ។ ខ្ញុំសូមអរគុណដល់ក្រុមការងាររៀបចំកម្មវិធីទាំងអស់ ព្រមទាំងអ្នកឧបត្ថម្ភនានា ជាពិសេសក្រុមហ៊ុន FWD Cambodia ដែលជាអ្នកឧបត្ថម្ភធំ បានគាំទ្រធ្វើឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន។ ខ្ញុំក៏សូមអរគុណដល់អ្នកចូលរួមរត់ប្រណាំងទាំងអស់ផងដែរ ហើយសង្ឃឹមថានឹងមានការអញ្ជើញចូលរួមកាន់តែច្រើននៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងលើកក្រោយៗទៀត”។
លោក ចាន់ រដ្ឋា អគ្គនាយក ក្រុមហ៊ុន FWD Cambodia ក៏បានអញ្ចើញចូលរួមក្នុងការរត់ប្រណាំងចម្ងាយ ៣២គីឡូម៉ែត្រ ដែលជាបទពិសោធដំបូងបំផុតសម្រាប់លោកផ្ទាល់។ លោកបានមានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍រត់ប្រណាំង Cambodia Elephant Trail នេះជាបទពិសោធថ្មីមួយសម្រាប់ការរត់ប្រណាំង ហើយភាពរីករាយ និងការយកចិត្តទុកដាក់លើសុខភាពតាមរយៈការរត់ប្រណាំងនេះបានធ្វើឱ្យខ្ញុំមានមោទនភាពបំផុតក្នុងការគាំទ្រដល់ព្រឹត្តិការណ៍នេះ ក៏ដូចជាក្នុងការចូលរួមជាកីឡាករមួយរូបក្នុងថ្ងៃនេះដែរ។ សកម្មភាពនេះដើរស្របគ្នាយ៉ាងល្អទៅនឹងការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន FWD ក្នុងការជួយឱ្យសហគមន៍ និងក្រុមគ្រួសាររស់នៅប្រកបដោយភាពរីករាយ”។
គួរបញ្ជាក់ផងដែរថា Cambodia Elephant Trail គឺជាការរត់ប្រណាំងផ្លូវលំលើភ្នំនៅឧទ្យានជាតិគីរីរម្យ ដែលការប្រកួតមានការរត់ប្រណាំងចម្ងាយ ១២គីឡូម៉ែត្រ និង ៣២គីឡូម៉ែត្រ។ ឆ្នាំ ២០២២ នេះជាលើកទីពីរដែលព្រឹត្តិការណ៍នេះបានកើតឡើង បន្ទាប់ពីការរត់ប្រណាំងលើកទីមួយកាលពីឆ្នាំ ២០១៩។ ព្រឹត្តិការណ៍នេះត្រូវបានផ្អាកនៅឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយសារការរាតត្បាតនៃជំងឺ COVID-19។