• 2022-06-14 12:54:16
  • ព័ត៌មាន

មាន​ដឹង​អត់​មូលហេតុ​អ្វី​បាន​ជា​កម្ពុជា​ត្រូវ​បាន​ FIFA ជ្រើសរើស​ដើម្បី​ដង្ហែ​ពាន​ World Cup?

  • 2022-06-14 12:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាន​ FIFA World Cup ពិត​ប្រាកដែល​ធ្វើពី​មាស​សុទ្ធ​ជាង​៦គីឡូក្រាម​ ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ​​២០លានដុល្លារ នឹង​​ធ្វើ​ពិធី​ដង្ហែ​ដឹក​មក​ដល់​កម្ពុជា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ ឆ្នាំ​២០២២​ស្អែក​នេះ​ នៅ​ម៉ោង​១០ព្រឹក​ ដោយ​មាន​ការ​ចូល​រួម​ស្វាគមន៍​ពី​សំណាក់​វត្តមាន​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​ មុន​នឹង​ពាន​នេះ​ដង្ហែ​ទៅ​តាំង​នៅ​ពហុកីឡាដ្ឋាន​មរតក​តេជោ​។

យ៉ាង​ណា​តើ​មាន​ដឹង​ពី​មូលហេតុ​អ្វី​ដែល​ធ្វើ​ឲ្យ​ FIFA សម្រេច​ជ្រើសរើស​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​ការ​ដង្ហែ​ពាន​ World Cup នេះ​?

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ទាំង​ស្រុង​របស់​សារព័ត៌មាន​ Fresh News ទាក់​ទង​នឹង​ចម្ងល់​ខាង​លើ​នេះ​ ឯកឧត្ដម​ វ៉ាត់ ចំរើន​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និងជា​​​អគ្គលេខាធិការគណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា(NOCC) ក៏​ដូចជា​អគ្គលេខាធិការគណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡាស៊ីហ្គេម​ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានពន្យល់ថា មានហេតុផលជាច្រើន មុន FIFA សម្រេចជ្រើសរើសប្រទេសនីមួយៗ ដើម្បីដង្ហែពានមាសសុទ្ធខាងលើ រួមទាំងកម្ពុជាផងដែរ៖

ទី១៖ ការពិនិត្យ និងការចាប់ឆ្នោតយកប្រទេស ។ បន្ទាប់ពីការពិនិត្យ និងចាប់ឆ្នោតរួច កម្ពុជា បានជាប់ស្ថិតក្នុងចំណោម ៥១ប្រទេស ដែល FIFA ត្រូវដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកឆ្លងកាត់ មុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា ។

ទី២៖ ការពិនិត្យលើសក្ដានុពលផ្នែកកីឡាបាល់ទាត់ ក៏ដូចជាពិនិត្យមើលប្រទេសដែលកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រមួយចំនួន ដើម្បីជួយ ជាក់ស្ដែងភាគច្រើនប្រទេសនៅអាហ្វ្រិក ។

ទី៣៖ ក្រុមហ៊ុនកូកាកូឡា ដែលជាក្រុមហ៊ុនដៃគូរបស់ FIFA ក្នុងការដង្ហែពាននេះ ទៅគ្រប់បណ្ដាប្រទេស ក៏ជាផ្នែកមួយនៃការសម្រេចចិត្តក្នុងការជ្រើសរើសប្រទេសនេះដែរ ។

ឯកឧត្ដម​ក៏​បាន​បន្ត​លើក​ឡើង​ថា​ ហេតុ​ផល​ក្រៅ​ពី​នេះ​ទៀត​គឺ​ទៅលើកត្ដាសន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ​ ព្រោះកន្លងមកពាននេះ ធ្លាប់មានករណីលួច និងបាត់បង់ចំនួន ២លើកមកហើយ កាលពីឆ្នាំ១៩៦៦ នៅអង់គ្លេស និងឆ្នាំ១៩៨៣ នៅប្រេស៊ីល ដោយ​សព្វថ្ងៃ​នេះ​កម្ពុជា​មាន​សន្ដិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពល្អ​ក៏​ទទួល​បាន​ការ​ចូល​រួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​ផង​ដែរ​។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ក៏​បាន​លើក​ឡើង​ពី​គោលបំណង​សំខាន់ៗនៃ​ការ​ដង្ហែ​ពាន​នេះ​ផង​ដែរ​ដោយ​មាន​ដូច​ជាទី១-ដើម្បីអបអរសាទរការប្រកួតជុំផ្ដាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា នាចុងឆ្នាំ២០២២ ខាងមុខ ។ ទី២-លើកទឹកចិត្តដល់បណ្ដាប្រទេសសមាជិក FIFA និងជំរុញការលើកទឹកចិត្តខាងផ្នែកកីឡាបាល់ទាត់ ដែលជាកីឡា ត្រូវបានចាត់ទុកជាការរួមចំណែកអភិវឌ្ឍន៍យុវជន និងសង្គម និងទី៣-ការគាំទ្រដល់រាជរដ្ឋាភិបាលប្រទេសនីមួយៗ ឲ្យស្រលាញ់ចូលចិត្ត និងគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡានេះ ។

បន្ទាប់​ពី​បញ្ជាក់​ពីមូលហេតុ​ដែល​ធ្វើ​ឲ្យ​ FIFA សម្រេច​ជ្រើសរើសកម្ពុជាស្ថិត​ក្នុង​ចំណោម​ប្រទេស​ដើម្បី​ដង្ហែ​ពាន​ World Cup នេះ​ ឯកឧត្ដម​ វ៉ាត់ ចំរើន ក៏​បាន​បង្ហាញគោលបំណង ក៏​ដូជា​ទិសដៅ​ដែល​កម្ពុជា​បាន​សម្រេចចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ផង​ដែរ​។

សម្រាប់​កម្ពុជា​វិញ​ការ​ចូល​រួម​ដង្ហែពាន​នេះ​ គឺជាការលើកទឹកចិត្ត និងជាការផ្ដល់នូវកម្លាំងចិត្តឲ្យកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ មានន័យថា ជាការអបអរសាទរ និងជំរុញឲ្យស៊ីហ្គេមនៅកម្ពុជា មានការផ្សព្វផ្សាយ និងទទួលបានការគាំទ្រជាសកលថែមទៀត ។ ហេតុនេះ គ្រប់ភាគីពាក់ព័ន្ធ មានកាតព្វកិច្ចរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព និងធ្វើឲ្យកេរ្ដិ៍ឈ្មោះកម្ពុជាលេចត្រដែតលើឆាកអន្ដរជាតិថែមទៀត។

ឯកឧត្ដម​បាន​លើក​ឡើង​ថា​៖" រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យពានរង្វាន់បាល់ទាត់ពិភពលោកនេះ ឆ្លងកាត់មកដល់កម្ពុជា គឺដើម្បីជួយផ្សព្វផ្សាយពីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយឲ្យមើលឃើញអំពីសមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំកម្មវិធីកីឡា និងទទួលព្រឹត្តិការណ៍កីឡាសំខាន់ៗ ។ ការណាការដង្ហែពាននេះ មានសុវត្ថិភាព មានសន្ដិសុខសណ្ដាប់ធ្នាប់ល្អ វាគឺជាកេរ្ដិ៍ឈ្មោះមួយដ៏ល្អ ជួយកម្ពុជា ក្នុងការធ្វើស៊ីហ្គេម និងទទួលភ្ញៀវអន្ដរជាតិរាប់ម៉ឺននាក់ នៅឆ្នាំ២០២៣ ដោយភាពកក់ក្ដៅ គ្មានក្ដីបារម្ភអ្វីទាំងអស់ "។ ​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ព្រឹត្តិការណ៍​ដង្ហែ​ពាន​ World Cup នេះ​នឹង​ចាប់​ផ្ដើម​ម៉ោង​១០ព្រឹម​ស្អែក​នេះ​ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅវិមានសន្ដិភាព ដោយ​ការ​ស្វាគមន៍​ដោយ​សម្ដេចតេជោ ហ៊ុន សែន រួច​នឹង​ទៅដាក់តាំង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពាន ចាប់ពីម៉ោង ១រសៀល ដល់ម៉ោង ១០យប់ថ្ងៃដដែល៕ ​​

ប្រភព៖ Fresh News

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់