• 2022-04-26 03:47:50
  • ព័ត៌មាន

ប្លែក​ភ្នែក​ហើយ! កីឡា​ថាសហោះនឹង​បើក​ទំព័រ​ថ្មី​ឡើង​វិញ​នាថ្ងៃទី៨ខែក្រោយ​នេះហើយ

  • 2022-04-26 03:47:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ខកខាន​ប្រកួត​អស់​រយៈ​ពេល​ជាង​២​ឆ្នាំ​ ដោយសារ​កា​ររីករាលដាល​នៃ​ជំងៃ​កូវីដ-១៩ នា​ថ្ងៃ​អាទិត្យទី៨ ខែ​ឧសភា ឆ្នាំ​២០២២​ខាង​មុខ​ កីឡា​ថាស​ហោះនៅ​កម្ពុជា​នឹង​ត្រូវ​បាន​​បើក​ដំណើរ​ការ​ឡើង​វិញ​ ដើម្បី​​ប្រកួតដណ្ដើម​ពាន​រង្វាន់ ​កីឡាថាសហោះសសយករាជធានីភ្នំពេញ

ការ​ប្រកួត​​ដែល​នឹង​ធ្វើ​ក្នុង​សាល​តូច​​នៅ​ទី​តាំងសសយករាជធានីភ្នំពេញនេះ​ មាន​៨​ក្រុម​ចូល​រួម​ចែក​ចេញ​​ជា​២​ពូល។ ក្នុង​ក្រុម​នីមួយៗ​តម្រូវ​ឱ្យ​មាន​សមាជិក​១១​នាក់ (ស្រី៤នាក់)។ ការ​ប្រកួត​នេះទៀត​សោត​ត្រូវ​លេង​ជា​ក្រុមពោលគឺ ៤នាក់​ទល់​៤​នាក់ (បុរស២​ស្រី២ ឬ​ប្រុស​៣​ស្រី​១)។

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ថាសហោះសសយករាជធានីភ្នំពេញ​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ធំៗ​៣​ ទី១​ គឺ​ស្វាគមន៍​និង​អប់អរ​ក្នុង​ការ​ដាក់​បញ្ចូល​កីឡាថាសហោះ​ជា​ផ្នែក​មួយ​នៃ​កម្ម​វិធី​កីឡារបស់​សសយក​រាជធានីភ្នំពេញ ទី២ អបអរ​ការ​បើក​ទំព័រ​ថ្មី​នៃ​ការ​ដណ្ដើម​ពាន​រង្វាន់​មួយ​នេះ បន្ទាប់​ពី​ជាប់​គាំង​ជាង​២​ឆ្នាំ​ដោយ​ជំងឺ​កូវីដ​-១៩ និង​ទី​៣​ ដើម្បី​ផ្សព្វផ្សាយ​កីឡាថាសហោះ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ និង​ផ្ដល់​ឱកាស​ដល់​យុវជន​និង​មហាជន​នៅ​កម្ពុជាចូល​រួម​លេង​​ឱ្យ​កាន់​តែ​ច្រើន​។

រូប​តំណាង

តើ​កីឡា​ថាស​ហោះ​មាន​ប្រភព​មក​ពី​ណា និង​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​ណា?

កីឡាថាស​ហោះ​មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក និង​បាន​ចូល​មក​ដល់​កម្ពុជា​នៅ​ឆ្នាំ​២០០០ ដោយ​ក្រុម​ជនជាតិ​បរទេស។ ពេល​នោះ​មិន​ទាន់​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ទេ រហូត​ដល់​ឆ្នាំ​២០១១ លោក កូវ​ ពុទ្ធិរតន៍ ស្ថាបនិក​ក្រុម​ស្វា​អាល់ធិមីតកម្ពុជា បាន​ដឹក​នាំ​និង​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​​កីឡា​ថាសហោះ​ដល់​សិស្ស​សាលា​រដ្ឋ និង​ឯកជន​រហូត​ដល់​បច្ចុប្បន្ន​។ នៅ​កម្ពុជា​មាន​ក្រុម​កីឡា​ថាសហោះ​១១​ក្រុម​ ៧​ក្រុម​នៅ​ភ្នំពេញ និង​៤​ក្រុម​នៅ​តាម​បណ្ដា​ខេត្ត​ ដោយ​មាន​កីឡាករ​កីឡាការិនី​ចំនួន​៣០០​នាក់​។

របៀប​នៃ​ការ​លេង​

កីឡាថាសហោះ ឬ Ultimate Frisbee អាច​លេង​ជា​ក្រុម​៧​នាក់​ បុរស​និង​បុរសស្ត្រី​និង​ស្ត្រី​ និង​ចំណុច​ពិសេស​មួយ​ទៀត​អាច​លេង​ចូល​គ្នា​ជា​ក្រុម​បាន​ (Mixed Team) ដោយ​តម្រូវ​ឱ្យ​មាន​បុរស​៤​នាក់​ និង​នារី​៣​នាក់​ក្នុង​ក្រុម​តែ​មួយ​។ គួរ​បញ្ជាក់​ថា​ក្នុង​តំបន់​អាស៊ី គេ​និយម​លេង​ជា Mixed Team។ ការ​លេង​ជា​ Mixed Team គឺ​ជា​កត្តា​មួយ​ជម្រុញ​ឱ្យ​ស្ត្រី​ក្នុងតំបន់​ និង​ប្រទេស​​មាន​ការ​ចូល​រួម​លេង​ច្រើន។ កីឡា​នេះ​មិន​មាន​អាជ្ញា​កណ្ដាល​ទេ​ គឺ​តម្រូវ​ឱ្យ​កីឡាករ​មាន​ទំនួល​ខុស​ត្រូវ​លើ​កំហុស​ខ្លួន​ឯង។

រូប​តំណាង​

ការ​ចាប់​ផ្ដើម​ដំបូង​នៃ​ការ​ប្រកួត​គឺ​មាន​២​ក្រុម ដែល​ក្រុម​មួយ​ជា​ក្រុម​ការពារ និង​ក្រុម​មួយ​ទៀត​ជា​ក្រុម​ប្រយុទ្ធ​ ឈរ​ទល់​មុខ​គ្នា​ក្នុង​តំបន់​ End Zone របស់​ខ្លួន។ ក្រុម​ការពារ​ត្រូវ​គប់​ថាស​ទៅ​ឱ្យ​ក្រុម​ម្ខាង​ទៀត ដើម្បី​ចាប់​ផ្ដើម​ការ​ប្រកួត​។​ ក្រុម​ប្រយុទ្ធ​ត្រូវ​បណ្ដើរ​ថាសពី End Zone របស់​ខ្លួន​ទៅ​ End zone របស់​គូ​បដិបក្ខ។ ក្នុង​ការ​ប្រកួត​ពេល​កីឡាករ​ ឬកីឡាការិនី​ំណា​ម្នាក់​ទទួល​បាន​ថាស គឺ​មិន​អាច​បន្ត​ទៅ​មុខ​បាន​ទៀត​ទេ ហើយ​មាន​ពេល​តែ​១០​វិនាទី​ប៉ុណ្ណោះ​ក្នុង​ការ​រក្សា​ថាស​ក្នុង​ដៃ។ បើ​១០​វិនាទី​មិន​អាច​គប់​ថាស​ចេញ​ពី​ដៃ​ទេ ថាស​នឹងត្រូវ​ប្ដូរ​ឱ្យ​ទៅ​ក្រុម​ម្ខាង​ទៀត​ធ្វើ​ការ​ប្រយុទ្ធ​ម្ដង។

តារាង​នៃ​ការប្រកួត​កីឡាថាសហោះ​ស្តង់ដារ​មាន​ទំហំ ១០០ គុណ ៣៧​ ម៉ែត្រ ចែក​ជា​៣​ Zone គឺ End Zone ពីរ​និង Central Zone មួយ​។ End Zone គឺជា​តំបន់​មួយ​ក្នុង​ចំណោម​២​ដែល​នៅ​ចុង​បញ្ចប់​ទីលាន​ប្រកួត​ទាំងសងខាង មាន​ទំហំ​ ១៨ គុណ ៣៧ ម៉ែត្រ​ដែល​ក្រុម​ងាច​រកគ្រាប់​បាល់​បាន​ដោយ​ការ​ចាប់​ថាស​ក្នុង​តំបន់​នោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់