• 2021-12-16 11:23:48
  • ព័ត៌មាន

Man City៖ ពី​ក្លឹប​​អតីត​នាយករដ្ឋមន្ត្រី​ថៃ ទៅ​ជា​ក្លឹប​របស់​ព្រះ​អង្គ​ម្ចាស់​ឧប​នាយករដ្ឋមន្ត្រី​អារ៉ាប​រួម

  • 2021-12-16 11:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អំឡុង​ដើម​ទសវត្ស​ឆ្នាំ២០០០ ក្លឹប​នៅ​ Premier League ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ម្ចាស់​ពី​ជនជាតិ​អង់គ្លេស ទៅ​កាន់​មហាសេដ្ឋី​បរទេស​នានា​ហើយ។ ចំណែក​ឯ​ក្លឹប Manchester City ក៏​ដូច​គ្នា​ដែរ ដោយ​កាល​ពី​ឆ្នាំ​២០០៧ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែល​ទើប​ត្រូវ​បាន​យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី បាន​ទិញ​យក​ក្លឹប​នេះ​តម្លៃ​ប្រមាណ ១១២លាន​ដុល្លារ ដែល​កាល​នោះ​ក្លឹប​មួយ​នេះ នៅ​ជាប់​បំណុល​ប្រមាណ ៨២លាន​ដុល្លារ។

នៅ​ពេល​លោក​ឡើង​កាន់​ Man City ភ្លាម ក្លឹប​មេឃខៀវ​នេះ​ចំណាយ​ប្រមាណ ៥៥លាន​ដុល្លារ​ភ្លែត​លើ​កីឡាករ​បរទេស​ចំនួន ៨នាក់ ខណៈ​មួយ​រដូវ​កាល​មុន​នេះ ចំណាយ​ត្រឹម​តែ​ក្បែរ ៣លាន​ដុល្លារ​ប៉ុណ្ណោះ។ លោក​ក៏​បាន​តែងតាំង​គ្រូ​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ពេល​នោះ​គឺ បុរស​ជនជាតិ​ស៊ុយអែត​លោក Sven-Göran Eriksson។ ទម្រង់​លេង​របស់​ក្លឹប​ក៏​ឡើង​មួយ​កម្រិត​ដែរ ដោយ​កាល​ពី​រដូវ​កាល​២០០៦/០៧ ក្លឹប​នេះ​ជាប់​លេខ ១៤ តែ​នៅ​រដូវ​កាល​ ២០០៧/០៨ ក្លឹប​នេះ​ឡើង​ជាប់​លេខ ៩។

យ៉ាងណាមិញ អ្វីៗ​គ្រប់​យ៉ាង​មិន​សប្បាយ​ដូច​ការ​គិត​ទុក​មុន​នោះ​ទេ។ លោក ថាក់ស៊ីន ខណៈ​ជាប់​ដៃ​ខ្លាំង​ជាមួយ​នយោបាយ​ក្នុង​ស្រុក​ថៃ មិន​សូវ​ជា​ចាប់​អារម្មណ៍​នឹង​បាល់ទាត់​ប៉ុន្មាន​នោះ​ទេ។ មិន​ដល់​មួយ​ឆ្នាំ​ផង​ លោក​ក៏​ឈប់​និយាយ​រក​អ្នក​ចាត់ការ Man City នៅ​ពេល​នោះ​។ មាន​ពាក្យ​ល្ហិចល្ហៀង​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា លោក ថាក់ស៊ីន បាន​ខ្ចី​លុយ​ម្ចាស់​ក្លឹប​ Man City ចាស់​ចំនួន​ប្រមាណ ៣លាន​ដុល្លារ​ចំនួន ៣ដង ដើម្បី​បណ្ដោះ​រឿង​ប្រាក់​ខែ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail

បញ្ហា​ទាំង​អស់​គឺ​មក​ពី លោក ថាក់ស៊ីន​ខ្វះ​ខាត​លុយ​ខ្លាំង​តែ​ម្ដង ដោយ​លោក​សង្ឃឹម​ថា លោក​អាច​ប្រើប្រាស់​ទឹកប្រាក់​ប្រមាណ ១.៤ប៊ីលាន​ដុល្លារ​ ដែល​នៅ​ជាប់​នៅ​ស្រុក​ថៃ តែ​លុយ​ទាំង​អស់​នោះ​នៅ​ជាប់​បង្កក​ដោយ​អាជ្ញាធរ​ថៃ។ ក្រោយ​ពេល​រដ្ឋប្រហារ​ទម្លាក់​លោក​ថាក់ស៊ីន តុលាការ​កំពូល​ថៃ​ក៏​បាន​ស៊ើបអង្កេត​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ ក្រោម​បទ​ពុក​រលួយ​។ ស្ថានភាព​នយោបាយ​នៅ​ថៃ​មិន​អំណោយ​ផល​ដល់​លោក​ថាក់ស៊ីន សោះ​នៅ​ពេល​នោះ។

ពាក្យ​សន្យា​របស់​លោក ថាក់ស៊ីន ដែល​ប្រែក្លាយ​ Man City ឱ្យ​ទៅ​ជា Manchester United ត្រូវ​បាន​រលាយ​ដូច​ផេះ ខណៈ​ក្លឹប​នៅ​ពេល​នោះ​កំពុង​តែ​ជាប់​បំណុល​លិច​កើត​។

ជួប​ជាមួយ​នឹង​ស្ថានភាព​បែប​នេះ លោក ថាក់ស៊ីន ក៏​សម្រេច​ចិត្ត​លក់​ក្លឹប​ទៅ​ឱ្យ​ព្រះអង្គម្ចាស់ Mansour bin Zayed Al Nahyanមហាសេដ្ឋី​រាជាណាចក្រ​អារ៉ាប​រួម​អេមីរ៉ាត (UAE) ដែល​ជា​ពូជ​ស្ដេច​នៃ​បុរី​អាប៊ូដាប៊ី ដែល​ជា​រាជធានី​ UAE កាល​ពី​ឆ្នាំ២០០៨។ មួយ​ឆ្នាំ​ក្រោយ​មក ព្រះអង្គម្ចាស់​ Mansour ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី​របស់​ប្រទេស​នេះ។

នៅ​កាល​នោះ​ លោក ថាក់ស៊ីន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជិត ២៩០លាន​ដុល្លារ​អាមេរិក។​ លោក​នៅ​ពេល​ដំបូង​ៗ នៅ​មាន​ភាគ​ហ៊ុន ១០% តែ​ក្រោយ​មក ក៏​លក់​ចោល​អស់​ទៀត។

លោក ថាក់ស៊ីន បាន​ប្រាប់ Sky Sports ថា ដោយសារ​តែ​លោក​ជួប​រឿង​លំបាក​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ ដូច្នេះ​ហើយ​លោក​ត្រូវ​ការ​ឱ្យ​អ្នក​មាន​ដែល​គេ​ស្រលាញ់​បាល់ទាត់​រុញ​ក្លឹប​នេះ​ឱ្យ​ទៅ​មុខ។

ក្លឹប Man City ក្នុង​រជ្ជកាល​ព្រះអង្គម្ចាស់ Mansour ក្លាយ​ជា​ក្លឹប​អ្នក​មាន​នៅ​ក្នុង​អង់គ្លេស ហើយ​គេ​ចាប់​ផ្ដើម​ឃើញ​កីឡាករ​លំដាប់​ពិភពលោក​មួយ​ចំនួន​ដូច​ជា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Sergio Aguero ចូល​លេង​នៅ​លើ​ទីលាន។ លុះ​នៅ​ឆ្នាំ២០១៦ ក្រោយ​ពី​ការ​តែងតាំង​លោក Pep Guardiola ជា​អ្នក​ចាត់ការ​ទូទៅ​ ក្លឹប​នេះ​បាន​ស្គាល់​ជាតិ​ពាន​តូច​ធំ​រាប់​ឆ្នាំ លើកលែង​តែ​ពាន UEFA Champions League ប៉ុណ្ណោះ។

ត្រឹម​តែ​រយៈពេល​មិន​ដល់ ១៥ឆ្នាំ​សោះ Manchester City ប្រែ​ក្លាយ​ជា​ក្លឹប​កណ្ដាល​តារាង Premier League ទៅ​ជា​ក្លឹប​កម្មសិទ្ធិ​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ដល់​ទៅ​ ២រូប៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម