• 2021-06-08 01:34:47
  • ព័ត៌មាន

ផ្ទុះ​កូវីដ ​ពេល​នេះ​វៀតណាម ​លើក​ពេល​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ​វិញ​

  • 2021-06-08 01:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់ផ្ទះ​ស៊ីហ្គេម​ វៀតណាម ឆ្នាំ២០២១​បានផ្ញើលិខិត​ជូនដល់បណ្តា​ប្រទេស​នានា​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ​ស្តីពីការពន្យាពេលនៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣១​ ដែល​គ្រោង​នឹងធ្វើ​ឡើងពី​ថ្ងៃទី​២១ ​ខែវិច្ឆិកា​ដល់​ថ្ងៃទី​២ខែ​ធ្នូ ​ឆ្នាំ២០២១ ដោយគ្រោងទៅធ្វើឡើង នាឆ្នាំ២០២២ជំនួសវិញ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) ​លើកទី​៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) និងជាអគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិអូឡាំពិក​កម្ពុជាបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះថា ម្ចាស់ផ្ទះ ស៊ីហ្គេម ​វៀតណាមបានជូនដំណឹងស្តីពីការពន្យាពេលនៃស៊ីហ្គេម ឆ្នាំ២០២១នេះ ប៉ុន្តែ​មិនទាន់​ផ្លូវការ​នៅ​ឡើយទេ។​ ពេលនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួល​លិខិតពី​គណៈ​កម្មាធិការ​ជាតិវៀតណាមថា អូឡាំពិកវៀតណាមមានបំណងចង់ពន្យារពេលរហូតដល់ខែកក្កដា ឆ្នាំ២០២២​ ប៉ុន្តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គ​ប្រជុំគណៈអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដើម្បី​ស្នើ​សុំ​យោបល់​ជាមុនសិន មុននឹងសម្រេចជាផ្លូវការ។ កិច្ចប្រជុំបន្ទាន់នេះនឹងត្រូវធ្វើឡើង នៅថ្ងៃស្អែកទី៩ ខែមិថុនា ២០២១ វេលាម៉ោង ១រសៀល តាមប្រព័ន្ធ Zoom។

សូមរំឭកថា កាលពីចុង​ខែឧសភា ឆ្នាំ២០២១ ម្ចាស់ផ្ទះវៀតណាម​បាន​បញ្ជាក់ជំហរ​របស់ខ្លួនថា​ប្តេជ្ញា​ចិត្ត​ខ្ពស់​នឹងព្យាយាមធ្វើ​ស៊ីហ្គេម ​នាចុងឆ្នាំ២០២១ឲ្យបាន ប៉ុន្តែ​ដោយសារស្ថានភាព​ជាក់​ស្តែង​នៃ​វិបត្តិ​ជំងឺ​កូវីដ-១៩​ ដែលនៅតែរី​ករាលដាល​ជាសកលនេះ​បានធ្វើឲ្យផ្ទះមួយ​នេះបានជូនដំណឹង​ស្តីពីការ​ពន្យា​ពេលបណ្តោះអាសន្ន ដោយរង់ចំា ការសម្រេចក្នុងអង្គប្រជុំអន្តរជាតិ តាម​ប្រព័ន្ធ​អនឡាញ​ នារសៀលថ្ងៃស្អែកនេះ។

​ម្ចាស់ផ្ទះស៊ីហ្គេមវៀតណាមបានកំណត់បង្ហាញថា ស៊ីហ្គេម២០២១នេះមាន​ប្រភេទ​កីឡាដាក់​ឲ្យ​បណ្តា​ប្រទេសក្នុងអាស៊ានសរុបចំនួន១១ប្រទេសប្រកួតប្រជែងលើ៤០ប្រភេទកីឡា និង​មាន​វិញ្ញាសា​សរុប​ចំនួន ៥២៦៕

ប្រភព៖ Camsoc

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី