• 2021-04-28 08:59:41
  • ព័ត៌មាន

ក្រុម​ Orange Esports ​នឹង​តំណាង​ឱ្យ​កម្ពុជា​ចូល​លេង​ពាន​អន្តរជាតិ ​PUBG Mobile Pro League

  • 2021-04-28 08:59:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សូម​ចូលរួម​អបអរសាទរ​ដល់​ក្រុម​ Orange Esports​ សម្រាប់​ឱកាស​ក្នុង​ការ​ចូលរួម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍ ​PUBG Mobile Pro League។​ កាលពីសប្តាហ៍កន្លងទៅនេះ​ ក្រុម Orange Esports របស់​ក្រុមហ៊ុន​សែលកាត​ បានចូលរួមប្រកួតនៅក្នុងកម្មវិធី​ PUBG Mobile Club Open ដោយ​ទទួល​បាននូវ​ចំណាត់​ថ្នាក់​លេខ​ ២​ ដែលជាលទ្ធផលដ៏គាប់ប្រសើរបំផុតមួយ។​ នេះមានន័យថា ពួកគេនឹង​អាច​បន្ត​ចូលរួម​ការ​ប្រកួត​ដោយ​ធ្វើ​ជា​តំណាង​ឱ្យប្រទេសកម្ពុជា​នៅលើឆាកអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ PUBG​ Mobile Pro League ​ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខក្នុងឆ្នាំនេះ។

PUBG Mobile Club Open ​គឺ​ជាព្រឹត្តិការណ៍ប្រកួតហ្គេមដ៏ធំបំផុតមួយក្នុងឆ្នាំនេះ​ ដោយក្នុង​នោះមាន​ក្រុមកីឡាករ​មកពី​តំបន់ចំនួន 27 ​នៅទូទាំងពិភពលោក​ ធ្វើការប្រកួតប្រជែងគ្នា​ ដើម្បី​មាន​ឱកាស​ទៅប្រកួត​បន្ត​នៅក្នុង​វគ្គ ​Pro Leagues។​ The Club Open គឺជាកម្មវិធីប្រកួតមួយ​ ដែល​មានការចូលរួម​ទៅ​ដោយ​កីឡាករ​ហ្គេមឆ្នើមៗ​ រួមមានកីឡាករហ្គេមចំណូលថ្មី កីឡាករអាជីព និង​កីឡាករពាក់​កណ្តាល​អាជីព ​មកពីជុំវិញពិភពលោក​ ដែលនឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងវគ្គ Spring និង Fall។​

ក្រុម Orange Esports ​ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង 8 របស់កម្ពុជា​ បានជាប់ចំណាត់​ថ្នាក់លេខ ​២​ ដោយ​ឈរ​នៅបន្ទាប់ពីក្រុម​ Demigod Incognito របស់ប្រទេសហ្វីលីពីន ​នៅក្នុងកម្មវិធី PUBG ​Mobile Club Open ​កាលពីសប្តាហ៍កន្លងទៅនេះ​។ ការប្រកួតនេះ​ គឺជាកម្មវិធី​ប្រកួត​ពិសេស​ក្នុង​តំបន់​ ដែលមាន ​៨​ក្រុមមកពីប្រទេសកម្ពុជា​ និង ​៨​ក្រុមទៀត មកពីប្រទេសហ្វីលីពីន ប្រកួត​ប្រជែងគ្នា​ដើម្បី​ដណ្តើម​យក​ឱកាសទៅចូលរួមនៅក្នុងកម្មវិធី Pro League។​ ក្រុមដែលឈរ​នៅចំណាត់​ថ្នាក់​បន្ទាប់​ដែល​ជា​លំដាប់​ទីបី ​គឺជាក្រុម JM Yellow​ របស់កម្ពុជា។

ក្រុម Orange Esports​ របស់សែលកាត ​បានទទួលនូវប្រាក់រង្វាន់ចំនួន​ ២ ០០០​ ដុល្លារ ក្នុង​ចំណោម​ប្រាក់​រង្វាន់​សរុបចំនួន ១៨ ០០០​ ដុល្លារ សម្រាប់បែងចែកនៅក្នុងកម្មវិធីប្រកួត។​ ពួកគេពិ​ត​ជា​សម្រេច​បាននូវសមិទ្ធផលដ៏គាប់ប្រសើរបំផុត។​

លោក អៀន វ៉ាតសុន (Ian Watson) ​នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “យើង​ពិត​ជា​មាន​មោទនភាព​បំផុត​ដែល​ក្រុម Orange Esports មានឱកាស​បានចូលរួម​ប្រកួតប្រជែង​នៅក្នុងជុំ​ Southeast Asia Wildcard របស់ព្រឹត្តិការណ៍ PUBG Mobile Pro League។ សមិទ្ធផលនេះ បាន​បង្ហាញឱ្យ​ឃើញយ៉ាងច្បាស់​នូវការគាំទ្ររបស់​ក្រុមហ៊ុនសែលកាត ក្នុងការជួយយុវជន​ខ្មែរ​ឱ្យ​សម្រេច​បាន​នូវក្តីសុបិនរបស់ពួកគេ។ យុវជនដែលពោរពេញដោយសមត្ថភាពខ្ពស់ទាំងនេះ នឹងបន្ត​ធ្វើជា​តំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាណែ​នាំកម្ពុជាឱ្យពិភព​លោកទាំង​មូល​បាន​ស្គាល់កាន់តែច្បាស់។ នេះ​ជាដំណឹងដ៏អស្ចារ្យបំផុត​មួយសម្រាប់វិស័យហ្គេមនៅ​ក្នុង​ប្រទេស​កម្ពុជា! ពួកយើងពិតជាមានមោទនភាពយ៉ាងក្រៃលេងបំផុត! "។

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជា​ សែលកាតតែងចូលរួម​គាំទ្រ​ជានិច្ច​ក្នុង​ការជួយសម្រេច​ឱ្យបាន​នូវក្តីសុបិន្តរបស់យុវជនខ្មែរ។ តាមរយៈការជួយឧបត្ថម្ភដល់ក្រុម Orange Esports ​ក្រុមហ៊ុនសែលកាតចង់បង្ហាញឱ្យឃើញច្បាស់ថា យុវជននៅក្នុងប្រទេសកម្ពុជា ពិតជា​អាចសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេ ក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Pro League៕

អត្ថបទ៖ វិធាវី

មតិយោបល់