• 2020-05-23 11:14:55
  • ព័ត៌មាន

មកដឹង​ហេតុផល ប៉ាក់គីអៅ ចាប់យក​អាជីព​ប្រដាល់ ទាំងមិនគ្រប់គីឡូ

  • 2020-05-23 11:14:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​អ្នកប្រដាល់​តែម្នាក់គត់ ដែលអាច​ឈ្នះ​ខ្សែក្រវាត់ចំនួន ១២ ក្នុង​ ៨ប្រភេទ​ទម្ងន់​ផ្សេងគ្នា Manny Pacquiao (ម៉ានី ប៉ាក់គីអៅ) ត្រូវបានគេចាត់ទុកថាជាអ្នកប្រដាល់​ខ្លាំងបំផុត​មួយ ក្នុង​ប្រវត្តិសាស្រ្ដ​ប្រដាល់​សាកល​អាជីព។

តើប្រិយមិត្ត បានដឹងពីដំណើរដើមទង​ដំបូង ដែល​ធ្វើឲ្យ​ ប៉ាក់គីអៅ ក្លាយជាអ្នកប្រដាល់​សាកលអាជីព​ដែរឬទេ?

ប៉ាក់គីអៅ បាន​ចាកចេញពីស្រុក​កំណើត ទៅកាន់រដ្ឋធានី​ម៉ានីល នៅអាយុ ១៤ឆ្នាំ ដោយ​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នកប្រដាល់​ស្ម័គ្រចិត្ត។ នៅឆ្នាំ១៩៩៥ ប៉ាក់គីអៅ ដែលមានអាយុ ត្រឹម​ ១៦ឆ្នាំ កម្ពស់ ១,៤៩ម៉ែត្រ និងទម្ងន់ ៤៤គីឡូក្រាម (ខ្វះ ៣គីឡូទៀត បានគ្រប់ទម្ងន់ទាបបំផុត ដែល​កំណត់​ក្នុង​ប្រដាល់អាជីព) បាន​ចាប់ផ្ដើម​ប្រកួត​ប្រដាល់​សាកល​អាជីពដំបូង (ក្រោយឆ្លងកាត់​ការប្រកួត​ស្ម័គ្រចិត្ត​ ៦៤ប្រកួត)។ ប៉ាក់គីអៅ ធ្លាប់​ប្រាប់​ថា​ ការ​ស្លាប់​របស់​​អ្នកប្រដាល់​ Eugene Barutag ដែល​ជា​មិត្តជិតស្និទ្ធ (ស្លាប់ពេលប្រកួត) គឺជា​កត្តា​ដែលជំរុញ​ចិត្តខ្លួន​ ឲ្យ​ឈាន​ជើង​ចូល​ប្រឡូក​ក្នុងប្រដាល់អាជីព។

ប៉ាក់គីអៅ បានទម្លាយ​ឲ្យដឹងទៀតថា ដើម្បិ​ឡើង​ប្រកួត​បាន ខ្លួនបាន​ដាក់​ដុំទម្ងន់​នៅ​ក្នុង​ហោប៉ៅ​ខោ ដើម្បី​គ្រប់គីឡូ ៤៧គីឡូក្រាម។ ប្រកួត​អាជីព​ដំបូង​របស់​ប៉ាក់គីអៅ គឺ​ក្នុង​ប្រភេទ​ទម្ងន់​ light flyweight ទល់នឹង​កីឡាករ Edmund Enting Ignacio (ប្រកួត​ ៤ទឹក) នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៩៥។ ជាលទ្ធផល​ប៉ាក់គីអៅ ឈ្នះ​ដោយ​ពិន្ទុ​ដាច់។ ជ័យជម្នះដែល​កើត​ចេញ​ពី​ក្បាច់​ប្រដាល់​រហ័សរហួស គួរ​ជា​ទីជក់ចិត្ត បូក​ជាមួយ​រូបរាង​ដ៏ស្គម​ប្លែកគេ បាន​ធ្វើ​ឲ្យឈ្មោះ​ប៉ាក់គីអៅ ត្រូវ​បាន​គេស្គាល់​យ៉ាង​រហ័ស។

បន្ទាប់ពីប្រកួត​នោះមក ប៉ាក់គីអៅ បានឈ្នះ ១០ប្រកួត​ជាប់គ្នាទៀត មុនចាញ់​អ្នកប្រដាល់​រួមជាតិ​ Rustico Torrecampo ដោយសន្លប់​នៅទឹកទី៣ ។ មុនប្រកួត​នោះ ប៉ាក់គីអៅ អត់គ្រប់​គីឡូ ទើប​ត្រូវ​ពាក់​ហ្គង់​ដែលធ្ងន់ជាង​គូប្រកួត ដែល​ជា​ការ​ចាញ់​ប្រៀប​មួយ។

ក្រោយ​បរាជ័យ​នោះ ប៉ាក់គីអៅ បាន​ឈ្នះ ១៥ប្រកួត​ជាប់​គ្នា ហើយ​បាន​ដំឡើង​ទៅ​វ៉ៃ​ប្រភេទ​ទម្ងន់ Flyweight និង​បានឈ្នះ​ខ្សែក្រវាត់ OPBF Flyweight ថែមទៀតផង។ ក្រោយ​ការពារខ្សែក្រវាត់​នោះ​បានម្ដង បូករួមជ័យជម្នះ​២ដងថែមទៀត ធ្វើ​ឲ្យ​ប៉ាក់គីអៅ មានឱកាស​ប្រកួត​ខ្សែក្រវាត់ពិភពលោក ដោយបានឈ្នះ​ខ្សែក្រវាត់ WBC។

ក្រោយឆ្លងកាត់ ៣៤ប្រកួត នៅទីបំផុត ប៉ាក់គីអៅ បានឈានជើង​ទៅប្រកួ​តនៅទឹកដីអាមេរិក​ជា​លើកដំបូង ក្នុង​សង្វៀន​ល្បី MGM Grand Garden Arena នាឆ្នាំ២០០១ ដោយបានយកឈ្នះ​កីឡាករអាហ្រ្វិកខាងត្បូង Lehlohonolo Ledwaba ក្នុងទឹកទី៦ (វ៉ៃ ១២ទឹក)។

បច្ចុប្បន្ន ប៉ាក់គីអៅ ជាវីរបុរស​ប្រដាល់​មួយរូបរបស់​ហ្វីលីពីន ដែលឆ្លងកាត់​ការប្រកួត ៧១ដង ឈ្នះ ៦២ដង ចាញ់ ៧ដង និង​ស្មើ ២ដង។

ចង់ដឹងប្រកួត​ដំបូងៗ​របស់​ប៉ាក់គីអៅ យ៉ាងណា​នោះ សូមទស្សនា​វីដេអូការប្រកួត​ទី៤ ទល់នឹង​ Dele Decierto នាខែកក្កដា ឆ្នាំ១៩៩៥ (ប្រភពខ្លះ បានចាត់ទុក​ប្រកួត​នេះ ថាជា​ប្រកួត​អាជីព​លើកដំបូង​សម្រាប់​ប៉ាក់គីអៅ)៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់