• 2020-05-23 04:36:26
  • ព័ត៌មាន

ណែនាំ​ឲ្យ​ស្គាល់​កីឡាករ​ខ្លាំងបំផុត​ទាំង ៦ ក្នុង​ប្រភេទទម្ងន់​របស់ ចាន់ រតនា នៅសង្វៀន ONE

  • 2020-05-23 04:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាន់ រតនា ជាអ្នកប្រដាល់គុន​ខ្មែរ​តែមួយរូបគត់ ដែលអាច​ឈ្នះ​ ៣ប្រកួត​ជាប់​គ្នា​នៅស្ថាប័ន​លំដាប់​ពិភពលោក ONE Championship។ ជ័យជម្នះផ្ទួនៗគ្នានេះ ធ្វើ​ឲ្យ​រតនា ក្លាយ​ជា​កីឡាករ​លេច​ធ្លោមួយរូប ក្នុង​ប្រភេទ​ទម្ងន់ Flyweight (៦១,២គីឡូក្រាម) ដែល​ត្រូវ​បាន​ផ្គូរផ្គង​ឲ្យ​ប៉ះ​កីឡាករ​លំដាប់​ A របស់​ជប៉ុន Yuya Wakamatsu ថែមទៀតផង កាលពី​ខែមេសា​កន្លងទៅ ប៉ុន្តែ​ត្រូវ​លើក​ពេល ដោយសារការរាតត្បាត​នៃជំងឺកូវីដ-១៩។

យ៉ាងណាក្ដី ប្រភេទ​ទម្ងន់ Flyweight នេះ គឺជា​ប្រភេទទម្ងន់ ដែល​ប្រជុំ​ទៅ​ដោយ​ជើងខ្លាំង​ច្រើនជាង​ប្រភេទទម្ងន់ផ្សេងៗទៀត។ ថ្ងៃនេះ [Sabay] សូម​ណែនាំ​ជើងខ្លាំងបំផុតទាំង ៦រូប ដូចខាងក្រោម៖

១. Adriano Moraes (ម្ចាស់​ខ្សែក្រវាត់ទម្ងន់ Flyweight នាពេលបច្ចុប្បន្ន)

Moraes ជា​អធិរាជ​ក្នុងប្រភេទទម្ងន់ Flyweight នៅ ONE Championship។ កីឡាករ​ប្រេស៊ីលរូបនេះ ឈ្នះខ្សែក្រវាត់​នេះ​លើក​ដំបូង ក្រោយឈ្នះ​ Geje Eustaquio កាលពីឆ្នាំ២០១៤ ពោល​គឺ​នៅពេល ONE Championship រៀបចំ​ការ​ប្រកួត​នៅ​កម្ពុជា។ ក្រោយរបូត​ខ្សែក្រវាត់​ដោយសារ Kairat Akhmetov នៅឆ្នាំ២០១៥ Moraes បាន​កាន់កាប់​វា​ម្ដង​ទៀត នៅ​ឆ្នាំ២០១៦ ដោយយកឈ្នះ Danny Kingad។ នៅឆ្នាំ ២០១៨ Moraes បានរបូត​ខ្សែក្រវាត់​ម្ដងទៀត ដោយចាញ់ Geje Eustaquio ប៉ុន្តែ​បានសងសឹក ដណ្ដើម​យក​មក​វិញ នៅ​ដើម​ឆ្នាំ២០១៩ ហើយ​បន្ត​កាន់កាប់ដល់បច្ចុប្បន្ន។

បើនិយាយពីប្រវត្តិប្រកួត MMA វិញ កីឡាករ​វ័យ ៣១ឆ្នាំរូបនេះ ធ្លាប់ប្រកួត​ ២១ដង ឈ្នះ ១៨ដង និងចាញ់តែ ៣ដង​ប៉ុណ្ណោះ។

Adriano Moraes

២. Demetrious Johnson (ម្ចាស់ខ្សែក្រវាត់ Flyweight World Grand Prix និង​ជា​អ្នកឈរ​លេខ ១ ក្នុង​តារាង Flyweight Ranking របស់ ONE)

Demetrious Johnson ត្រូវបាន​គេចាត់ទុកថាជា​អ្នក​វៃ៉ MMA ល្អបំផុត​ ក្នុង​ប្រវត្តិសាស្រ្ដ។ មុន​មក​ដល់ ONE Championship កីឡាករ​អាមេរិក​រូបនេះ ធ្លាប់​ជា​ម្ចាស់​ខ្សែក្រវាត់ UFC ដល់ទៅ ១១សម័យ ច្រើនជាង​កីឡាករ​ណាៗទាំងអស់។ ពេល​មក​ដល់ ONE កីឡាករ​វ័យ ៣៣ឆ្នាំ បានឈ្នះ ៣ប្រកួត​ជាប់គ្នា ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ Flyweight Grand Prix និង​ក្លាយជា​បេក្ខភាពដណ្ដើម​ខ្សែក្រវាត់ពី Moraes។ ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ Moraes ត្រូវបាន​រៀបចំ​ក្នុង​ខែមេសា ប៉ុន្តែ​ត្រូវ​លើកពេលវិញ ដោយសារ​ការ​រាតត្បាត​ នៃជំងឺកូវីដ ១៩។ បើនិយាយពីប្រវត្តប្រកួត MMA វិញ Johnson ធ្លាប់ប្រកួតដល់ទៅ ៣៤ដង ឈ្នះ ៣០ដង និងចាញ់តែ ៣ដងប៉ុណ្ណោះ (ស្មើម្ដង)។

បច្ចុប្បន្ន Johnson ស្ថិតនៅលើគេ ក្នុង​តារាង Ranking ប្រភេទទម្ងន់ Flyweight នៅ ONE Championship។

Demetrious Johnson

៣. Danny Kingad (អតីត​អ្នកវាយដណ្ដើម​ខ្សែក្រវាត់​ និង​ជា​អ្នក​ឈរលេខ ២ ក្នុងតារាង Flyweight Ranking របស់ ONE)

អ្នកប្រដាល់ហ្វីលីពីន មកពីក្លឹបល្បី Team Lakay រូបនេះ ធ្លាប់ប្រកួត​ដល់ទៅ ១៦ដង ឈ្នះ ១៤ និងចាញ់តែ ២ដងប៉ុណ្ណោះ។ បរាជ័យ ២ដង​នោះ គឺចាញ់​ Moraes ពេលប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ឆ្នាំ២០១៧ និងចាញ់​ជើងខ្លាំង Demetrious Johnson ដោយ​ពិន្ទុ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Flyweight World Grand Prix កាលពីខែតុលា ឆ្នាំ២០១៩។ ប្រកួតចុងក្រោយ Kingad ឈ្នះជើងខ្លាំងចិន Wei Xie កាលពីខែមករា ដើមឆ្នាំនេះ។

បច្ចុប្បន្ន KIngad ស្ថិត​នៅ​លេខ២ ក្នុង​តារាង Flyweight Ranking របស់ ONE។

Danny Kingad

៤. Kairat Akhmetov (អតីត​ម្ចាស់​ខ្សែក្រវាត់ និង​ជា​អ្នក​ឈរលេខ ៣ ក្នុង​តារាង Flyweight Ranking របស់ ONE)

កីឡាករ​កាហ្សាក់ស្ថាន​រូបនេះ ធ្លាប់កាន់កាប់ខ្សែក្រវាត់ Flyweight កាលពីឆ្នាំ២០១៥ ប៉ុន្តែរបូត​វិញ នៅឆ្នាំ២០១៧ ដោយសារ​ Moraes។ ប្រវត្តិប្រកួត ២៥ដង Akhmetov ឈ្នះ ២៣ និងចាញ់តែ ២ដងប៉ុណ្ណោះ គឺចាញ់​ Moraes ពេលប្រកួត​ការពារ​ខ្សែក្រវាត់ និង​ចាញ់ Geje Eustaquio។ ប្រកួត​ ២ដងចុងក្រោយ ឈ្នះ Ma Haobin និងឈ្នះ Reece McLaren។

បច្ចុប្បន្ន Akhmetov ឈរ​លេខ ៣ ក្នុង​តារាង Flyweight Ranking របស់ ONE។

Kairat Akhmetov

៥. Yuya Wakamatsu (អតីតបេក្ខភាព​ប្រកួត Flyweight World Grand Prix និងជា​អ្នកឈរ​លេខ ៤ ក្នុង​តារាង Flyweight Ranking របស់ ONE)

Yuya ជាអ្នកវ៉ៃ​គុនចម្រុះជប៉ុន ដែល​សាងកេរ្តិ៍ឈ្មោះ​ល្បី ក្នុង​ស្ថាប័ន Pancrase មុន​ផ្លាស់​មក ONE Championship។ ពេល​មក​ដល់ ONE កីឡាករ​វ័យ ២៥ឆ្នាំនេះ ចាញ់ Danny Kingad និង Demetrious Johnson មុនឈ្នះ Geje Eustaquio និង Dae Hwan Kim។ គូប្រកួត​បន្ទាប់របស់​ Yuya គឺចាន់ រតនា ដែលត្រូវជួបគ្នា ក្នុងខែមេសា តែត្រូវលើកពេល​វិញ ដោយសារជំងឺកូវីដ ១៩។

បច្ចុប្បន្ន Yuya ឈរ​លេខ ៤ ក្នុងតារាង Flyweight Ranking។

Yuya Wakamatsu

៦. Reece Mclaren (ឈរលេខ ៥ ក្នុង​តារាង​ Flyweight Ranking របស់ ONE)

Mclaren ជា​អ្នកប្រដាល់ MMA សំបូរបទពិសោធន៍របស់អូស្រ្ដាលី។ កីឡាករ​វ័យ ២៨ឆ្នាំរូបនេះ បាន​ចូលប្រឡូក​ក្នុង​សង្វៀន ONE តាំងពីឆ្នាំ២០១៥ មក​ម្ល៉េះ។ ប្រវត្តិប្រកួត ២០ដង គឺឈ្នះ ១៣ដង និងចាញ ៧ដង។ ប្រកួត​ចុងក្រោយ ឈ្នះ​ជើងខ្លាំងឥណ្ឌា Gurdarshan Mangat ក្នុងទឹកទី១ កាលពីចុងឆ្នាំ២០១៩។

បច្ចុប្បន្ន Mclaren ឈរ​លេខ៥ ក្នុង​តារាង​ចំណាត់ថ្នាក់ Flyweight Ranking របស់ ONE។

Reece Mclaren

ក្រៅពីជើងខ្លាំងទាំង ៦ នេះ នៅមាន​អ្នកខ្លាំងៗច្រើនទៀត ក្នុង​ប្រភេទ​ទម្ងន់ Flyweight នេះ ដែលមានដូចជា ចាន់ រតនា របស់​កម្ពុជា, Dae Hwan Kim (កូរ៉េខាងត្បូង) Gianni Subba (ម៉ាឡេស៊ី), Ma Hao Bin (ចិន), Tatsumitsu Wada (ជប៉ុន), Eka Aprilianto (ឥណ្ឌូណេស៊ី), Gurdarshan Mangat (ឥណ្ឌា) ជាដើម៕

រូបភាពទាំងអស់ពី ONE Championship

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់