- 2018-08-04 03:36:40
- ព័ត៌មាន
រដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីការបរទេសជួបក្រុម E-Sport កម្ពុជា នៅសិង្ហបុរី
- 2018-08-04 03:36:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីអប់រំ និងរដ្ឋមន្ត្រីការបរទេសជួបក្រុម E-Sport កម្ពុជា នៅសិង្ហបុរី
ចន្លោះមិនឃើញ
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានជួបសំណេះសំណាលជាមួយក្រុមកីឡាអេឡិចត្រូនិកកម្ពុជានៅប្រទេសសិង្ហបុរីកាលពីម្សិលមិញ។
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជា បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អេឡិចត្រូនិកអន្តរជាតិ Hyperplay ដែលរៀបចំឡើងដោយប្រទេសសិង្ហបុរី និងមានការចូលរួមពីក្រុមជើងឯកតំណាងប្រទេសចំនួន១០នៅតំបន់អាស៊ាន។
ការប្រកួតកីឡាអេឡិចត្រូនិកនេះ ត្រូវបានប្រទេសសិង្ហបុរីរៀបចំឡើងជាមួយនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការប្រគំតន្ត្រីអន្តរជាតិ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ សហគមន៍ និងយុវជនរបស់សិង្ហបុរី។ កិច្ចប្រជុំនេះជាផ្នែកមួយដ៏សំខាន់ដែលរដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ានយកចិត្តដាក់លើវិស័យបច្ចេកវិទ្យាក្នុងនោះ ក៏មានកីឡា E-Sports ដែរ។
ក្នុងនេះផងដែរ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក៏បានចូលរួមក្នុងពិធីតាំងពិពណ៌អន្តរជាតិនៅប្រទេសសិង្ហបុរីដែលមានរដ្ឋមន្ត្រីមកពីប្រទេសផ្សេងៗនៅតំបន់អាស៊ាន។
ក្រុមកីឡាអេឡិចត្រូនិកទាំង១០ប្រទេសក៏បានជួបថ្នាក់ដឹកនាំមកពីប្រទេសទាំង១០ក្នុងពិធីនោះដែរ។ ជាពិសេស ឯកឧត្តម ហង់ ជួនណារ៉ុន និង ឯកឧត្តម ប្រាក់ សុខុន ក៏បានជួបសំណេះសំណាលជាមួយក្រុមកីឡាអេឡិចត្រូនិកកម្ពុជា Revenge Team និងថ្នាក់ដឹកនាំជុំវិញដំណើរការចូលរួមប្រកួតនៅប្រទេសសិង្ហបុរី ព្រមទាំងដំណើរការវិវត្តន៍របស់កីឡា E-Sport នៅប្រទេសកម្ពុជា។
ឯកឧត្តម ប្រាក់ សុខុន និងក្រុមកីឡា E-Sport កម្ពុជា
ក្រុមកីឡាអេឡិចត្រូនិកកម្ពុជាក៏បានថតអនុស្សាវរីយ៍ជាមួយ ឯកឧត្តម ហង់ ជួនណារ៉ុន និង ឯកឧត្តម ប្រាក់ សុខុន ព្រមទាំងថ្នាក់ដឹកនាំរបស់ម្ចាស់ផ្ទះសិង្ហបុរីក៏ដូចជាប្រទេសផ្សេងៗ។ នេះកិត្តិយសដ៏វិសេសវិសាលដែលក្រុមកីឡាអេឡិចត្រូនិកកម្ពុជាបានជួបថ្នាក់ដឹកនាំជាន់ខ្ពស់៕