- 2024-08-13 13:46:46
- បាល់ទាត់
ល្ហិចល្ហៀងថា Diaz អាចចេញពីហង្សក្រហម
- 2024-08-13 13:46:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Diaz អាចចេញពីហង្សក្រហម
ចន្លោះមិនឃើញ
ពាក្យចចាមអារ៉ាមចុងក្រោយមួយចំនួនបានលើកឡើងថា ខ្សែស្លាប Luis Diaz អាចចាកចេញពីក្លឹប Liverpool ទៅចូលរួមជាមួយក្លឹប Manchester City នាពេលឆាប់ៗនេះ។
យោងតាមសារព័ត៌មានអង់គ្លេស Metro បានឲ្យដឹងថា Manchester City និង Liverpool កំពុងចរចា ហើយត្រូវរ៉ូវគ្នារឿងផ្ទេរ Luis Diaz ក្នុងតម្លៃរង្វង់ប្រមាណ ៧៥ លានដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍នេះត្រូវបានរំលេចឡើងជាខ្លាំងក្នុងសារព័ត៌មានធំៗនៅអង់គ្លេស ក្រោយក្លឹប Manchester City បានផ្ទេរចេញខ្សែប្រយុទ្ធ Julian Alvarez ទៅ Atletico Madrid កាលពីម្សិលមិញក្នុងតម្លៃសរុបប្រមាណជិត ១០០ លានដុល្លារសហរដ្ឋអាមេរិក។
យ៉ាងនេះក្ដី ក៏មានប្រភពសំខាន់ៗមួយចំនួនដូចជា Fabrizio Romano បានលើកឡើងថា មិនទាន់មានអ្វីត្រូវរ៉ូវគ្នាទេរវាងហង្សក្រហម និង Man City រឿងថ្លៃផ្ទេរខ្សែស្លាប Luis Diaz។
ខណៈពេលនេះ Diaz ក៏មិនទាន់ចេញមុខនិយាយអ្វីដែរទាក់ទងនឹងពាក្យចចាមអារ៉ាមខាងលើ។
Luis Diaz គឺជាកីឡាករបង្គោលមួយរបស់ក្លឹបហង្សក្រហម។ តាំងពីចូលរួមជាមួយក្លឹបកាលពីឆ្នាំ ២០២១មក ខ្សែស្លាបសញ្ជាតិកូឡុំប៊ីវ័យ ២៧ ឆ្នាំរូបនេះ លេងសរុប ៩៨ ប្រកួត និងស៊ុតចូលចំនួន ១៣ គ្រាប់ឲ្យក្លឹប។
ដំណឹងល្ហិចល្ហៀងរឿងផ្ទេរ Luis Diaz កំពុងអង្រួនមជ្ឈដ្ឋានអ្នកគាំទ្រក្លឹប Liverpool ព្រោះទើបតែខែមេសាកន្លងទៅប៉ុណ្ណោះ ដែលខ្សែស្លាប Diaz និយាយថារូបគេមិនមានចេតនាផ្ទេរចេញពី Liverpool ទៅក្លឹបណាមួយនោះទេនាពេលអនាគតដ៏ខ្លីខាងមុខ។ ណាមួយ ក្លឹបហង្សក្រហមទើបផ្លាស់ប្ដូរអ្នកចាត់ការពីលោក Jurgen Klopp ទៅលោក Arna Slot គួបផ្សំការណ៍ដែលក្លឹបមិនទាន់នាំចូលកីឡាករសំខាន់ៗណាមួយសោះ គិតមកពេលនេះ ដែលធ្វើឲ្យភាពប្រកួតប្រជែងរបស់ក្រុមស្ថិតនៅក្នុងភាពមិនច្បាស់លាស់។
តើ Luis Diaz ចេញ ឬនៅ Liverpool?៕