- 2024-12-03 13:36:00
- បាល់ទាត់
លោក រិទ្ធ ឌីកា រៀបចំពាន K Cup 888 ដើម្បីឲ្យអ្នកលើសទម្ងន់ហើយឈប់លេងអាចមានឱកាសបានបង្ហាញខ្លួនលើទីលានវិញ
- 2024-12-03 13:36:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក រិទ្ធ ឌីកា រៀបចំពាន K Cup 888 ដើម្បីឲ្យអ្នកលើសទម្ងន់ហើយឈប់លេងអាចមានឱកាសបានបង្ហាញខ្លួនលើទីលានវិញ
ចន្លោះមិនឃើញ
លោក រិទ្ធ ឌីកា នាយកបច្ចេកទេសរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានសម្រេចរៀបចំការប្រកួតពានរង្វាន់ពានរង្វាន់ K Cup 888 ឡើងនៅតារាងបាល់ទាត់ក្នុងវិទ្យាល័យបឹងកេតកងចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។
បើតាមលោក រិទ្ធ ឌីកា បានបញ្ជាក់ថា ពានរង្វាន់នេះបង្កើតឡើងក្នុងគោលបំណង ដើម្បីឲ្យអតីតកីឡាករឬអ្នកដែលស្នេហាវិស័យបាល់ទាត់ ដែលបានវិវឌ្ឍន៍មាឌទៅធាត់ៗ ព្រោះតែខានលេង ហើយគ្មានឱកាសបានចូលលេងលើទីលាន ទទួលបានឱកាសបញ្ចេញជាតិពុលតាមរយៈការចូលលេងជាមួយពាន K Cup 888។ លោកពិតជាមានភាពរីករាយខ្លាំងមែនទែន ក្នុងការផ្ដួចផ្ដើមរៀបចំពាននេះឡើង ព្រោះអីគ្រាន់តែប្រកាសមិនដល់១០ម៉ោងផង មានក្រុមសម្រេចចិត្តចូលរួមដល់ទៅ១២ ។
លោកបន្ថែមថា ដើម្បីបង្កើតភាពងាយស្រួលក្នុងការរៀបចំពាននេះ លោកសម្រេចយកតែ៨ក្រុមទេ ដោយធ្វើការចុចយកក្រុមដែលមានលទ្ធភាពគ្រប់គ្រាន់ និងត្រឹមត្រូវតាមលក្ខខណ្ឌដែលបានកំណត់។ ៨ក្រុមដែលចូលរួមនោះនឹងធ្វើការបែកចែកពូលជាពីរពូល ហើយធ្វើការប្រកួតជម្រុះនៅតាមពូលនីមួយៗ ដើម្បីស្វែងរកក្រុមខ្លាំងនៅតាមពូលនីមួយៗសរុប៤ក្រុម យកមកប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នាយកបច្ចេកទេសដដែលបញ្ជាក់ទៀតថា ដ្បិតតែការចូលរួមមានការកំណត់លក្ខខណ្ឌ ប៉ុន្តែក៏មានការបន្ធូរបន្ថយខ្លះៗដែរ ដើមឡើយក្រុមការងារកំណត់ថាត្រូវតែមាន៨៨៨គីឡូក្រាម ក្នុងការចូលរួមប្រកួតនៅលើទីលាន ប៉ុន្តែប្រសិនបើមានចំនួនទម្ងន់មិនគ្រប់ក៏ក្រុមការងារអាចធ្វើការសម្របសម្រួលខ្លះដែរ គ្រាន់តែកុំឲ្យទម្ងន់ខុសគ្នាខ្លាំងពេក។ ពានរង្វាន់នេះប្រសិនមានការគាំទ្រខ្លាំងលោកសន្យាថា នឹងបន្តរៀបចំនាឆ្នាំក្រោយៗ ឬអាចធំជាងនេះបន្ថែមទៀត។
ពានរង្វាន់នេះមានលក្ខខណ្ឌកីឡាករត្រូវមានអាយុចាប់ពី៣៥ឆ្នាំឡើយ ហើយទម្ងន់ត្រូវមានយ៉ាងហោច៨៨៨គីឡូក្រាមនៅលើទីលានកំពុងប្រកួត កីឡាករត្រូវតែមានសញ្ជាតិខ្មែរ ហើយសមាជិកត្រូវមានយ៉ាងហោចណាស់២៥នាក់។ សូមបញ្ជាក់ថា ក្រៅពីពាន K Cup 888 គីឡូក្រាម លោក រិទ្ធ ឌីកា ក៏គ្រោងរៀបចំពានរង្វាន់១ទៀតដែលមានឈ្មោះថា ពានអាយុ៥០០ឆ្នាំ ដោយតម្រូវឲ្យកីឡាករចូលរួមបូកសរុបចូលគ្នាដាច់ខាតត្រូវតែមានអាយុ៥០០ឆ្នាំឡើងទៅ ហើយពានរង្វាន់ប្លែកនេះគឺគ្រោងរៀបចំឡើងនៅឆ្នាំ២០២៥ផងដែរ៕