- 2023-03-02 03:19:47
- ព័ត៌មាន
អគ្គលេខាធិការ CAMSOC បំភ្លឺរឿងសារព័ត៌មានថៃ ផ្សាយថា កម្ពុជាបានកំណត់តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍
- 2023-03-02 03:19:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គលេខាធិការ CAMSOC បំភ្លឺរឿងសារព័ត៌មានថៃ ផ្សាយថា កម្ពុជាបានកំណត់តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍
ចន្លោះមិនឃើញ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានស្រាយបំភ្លឺ ចំពោះសារព័ត៌មានថៃ ដែលបានផ្សាយថា កម្ពុជាបានកំណត់តម្លៃ លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ (ផ្សាយផ្ទាល់) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
ឯកឧត្តមអគ្គលេខាធិការ បានថ្លែង នៅថ្ងៃទី១ ខែមីនា នេះថា «ថ្មីៗនេះមានសារព័ត៌ចេញពីប្រទេសថៃ បានផ្សាយអំពីការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ សារព័ត៌មានថៃ បានផ្សព្វផ្សាយថា កម្ពុជាបានកំណត់តម្លៃលើការទិញសិទ្ធិផ្សព្វផ្សាយទូរទស្សន៍ពីព្រឹត្តិការណ៍កីឡាដ៏ធំ ឆ្នាំ២០២៣នេះ»។
«ខ្ញុំសូមបញ្ជាក់ថា CAMSOC មិនដែលបានកំណត់តម្លៃជាថវិកានូវចំនួនប៉ុណ្ណេះ ឬប៉ុណ្ណោះនោះទេ ដោយយើងបានចរចារគ្នា ជាមួយគណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសអាស៊ីអាគ្នេយ៍ ជាសមាជិកស៊ីហ្គេម ដោយគណៈកម្មាធិការជាតិទាំងនោះ នឹងធ្វើកិច្ចការផ្សាព្វផ្សាយនេះ ជាមួយស្ថានីយទូរទស្សន៍របស់គេរៀងៗខ្លួន ហើយបានគេយកតម្លៃនោះ មកចរចារជាមួយយើង។ កម្ពុជា មិនមែនជាអ្នកកំណត់តម្លៃនោះទេ។ ដូច្នេះសូមមតិសាធារណជនកុំយល់ច្រឡំ លើបញ្ហានេះថា កម្ពុជាជាអ្នកកំណត់តម្លៃលើការទិញ-លក់សិទ្ធិទូរទស្សន៍»។ ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់បន្ថែម។
ឯកឧត្តម អគ្គលេខាធិការ បានអះអាងទៀតថា «នេះជាចំណុចសំខាន់ ហើយក៏មិនមានអ្វីចម្លែកទេ ដែលសារព័ត៌មានថៃថា វាជារឿងចម្លែក ដែលស៊ីហ្គេម កន្លងមកមិនដែលធ្លាប់លក់សិទ្ធិទូរទស្សន៍បែបនេះ។ កម្ពុជាតែងតែធ្វើការងារស្របទៅតាមស្តង់ដានៃការប្រកួតកីឡាស៊ីហ្គេម ប្រកបដោយគុណភាពខ្ពស់ ជាពិសេសលើការផ្សព្វផ្សាយចំពោះការប្រកួតកីឡា ហើយកម្ពជាអនុវត្តទៅតាមផ្លូវច្បាប់ច្បាស់លាស់ ក្នុងការលក់សិទ្ធិទូរទស្សន៍ ដោយក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានផ្តល់សិទ្ធិនេះជូនដល់ម្ចាស់ផ្ទះកម្ពុជា»។
ដោយស្របទៅតាមផ្លូវច្បាប់ផង និងយោងតាមស្មារតីឯកភាពគ្នាជាឯកច្ឆន ក្នុងអាស៊ីអាគ្នេយ៍ផង ត្រូវបានឯកឧត្តម លើកឡើងទៀតថា មិនមានមតិណាមួយបានជំទាស់លើការលក់សិទ្ធិផ្សព្វផ្សាយទូរទស្សន៍របស់ម្ចាស់ផ្ទះកម្ពុជា ក្នុងការរៀបចំ ស៊ីហ្គេម ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កន្លងមកនោះទេ។ ដូច្នេះនេះជាសិទ្ធិរបស់កម្ពុជា ហើយក៏របៀបរបបធ្វើការមួយជាគំរូល្អ ដល់ដំណើរការស៊ីហ្គេមក្រោយៗទៀត ខណៈកម្ពុជាទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍។
«ខ្ញុំសូមបញ្ជាក់ជូនជាថ្មីម្តងទៀតថា កម្ពុជាមិនបានកំណត់តម្លៃលក់សិទ្ធិទូរទស្សន៍ ដើម្បីឱ្យគេទិញនោះទេ ពោលគឺវាស្ថិតនៅលើការចរចារគ្នាទៅតាមទីផ្សារ។ យើងឃើញថា ប្រទេសណាមួយដែលមានទីផ្សារធំ គឺចរចារក្នុងតម្លៃខ្ពស់ រីឯប្រទេសណា ដែលមានទីផ្សារតូច គឺនឹងចរចាពីតម្លៃតូច។ បើយើងកំណត់តម្លៃ គឺខុស ដោយវាស្ថិតនៅលើការចរចាគ្នា ដោយមិនមែនជាការកំណត់តម្លៃនោះទេ។ ដូច្នេះសូមបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិគួរយល់លើបញ្ហានេះឱ្យបានច្បាស់លាស់»។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ចុងក្រោយ៕