• 2020-03-17 06:46:39
  • ប្រដាល់

ចាន់ រតនា ជឿជាក់ថាកម្លាំងរបស់ខ្លួនប្រសើរវិញ ខណៈ គ្រូ Lorenzo មានពាក្យនិយាយ

  • 2020-03-17 06:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រក្នុងស្រុកជាច្រើនបានដឹងរួចហើយថា ចាន់ រតនា ដែលជាអ្នកលេងគុនចម្រុះប្រចាំនៅសង្វៀនល្បីលំដាប់ពិភពលោក ONE Championship ខកខនឡើងសង្វៀនប្រមាណជាប្រ៨ខែមកហើយនាពេលនេះបើគិតចាប់ពីការឡើងសង្វៀនលើកចុងក្រោយនាពាក់កណ្ដាលខែសីហា។

ទោះជាមិនទាន់ឡើងសង្វៀនសាជាថ្មី ចាន់ រតនា បានថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ ONE បែបនេះ៖«ខ្ញុំនៅតែហាត់រាល់ថ្ងៃ ជាមួយគ្រូជឺជិតស៊ូ និង គ្រូ Lorenzo រួមទាំងគុនខ្មែរ។ ក្នុងនោះប្រដាល់សកលក៏ហាត់ជាមួយគ្រូជម្រើសជាតិសញ្ជាតិគុយបាដែរ។ ខានវ៉ៃយូរតែខ្ញុំសង្ឃឹមថាកម្លាំងរបស់ខ្ញុំសូវជាបញ្ហា។ ខ្ញុំខំហាត់បុកផ្នែកកម្លាំងច្រើន»។

កីឡាករវ័យ ៣៤ឆ្នាំសង្កត់ធ្ងន់ទៀតថា៖«ខ្ញុំនៅហាត់ខ្លួនឯងជាប្រចាំដែរ មិនសម្រាកទេទោះជាមេរោគ Covid-19 ផ្ទុះឡើងថ្មីៗនេះក្ដី។ ប៉ុន្តែយើងត្រូវការពារខ្លួននិងថែរក្សាអនាម័យឲ្យបានល្អ។ ខ្ញុំហាត់ខ្លួនឯងដើម្បីឲ្យកម្លាំងល្អឡើងព្រោះដៃគូជប៉ុនរបស់ខ្ញុំត្រូវជួបខាងមុខគេខ្លាំងណាស់។ ចំពោះក្លិបសិល្បៈរបស់ខ្ញុំវិញ ខ្ញុំនឹងប្រាប់កូនសិស្សឲ្យសម្រាប់រយៈពេល២សប្ដាហ៍ដើម្បីរួមចំណែកទប់ស្កាត់ជំងឺកាចសាហាវនេះ»។

បន្ទាប់ពីឈ្នះកីឡាករជំនាញចំបាប់គុយបា Gustavo Balart នៅក្នុងកម្មវិធី ONE: DREAM OF GOLD កាលខែ សីហា ឆ្នាំ ២០១៩ កន្លងទៅនៅប្រទេសថៃ ម្ចាស់ក្លិបសិល្បៈរូបនេះមានការតាំងចិត្តខ្ពស់យ៉ាងដូច្នេះ ៖«ពេលខ្ញុំខានវ៉ៃច្រើនខែខ្ញុំក៏មិនទាន់ហ៊ានប៉ាន់ស្មានថាកម្លាំងរបស់ខ្ញុំខ្លាំងជាងមុន ឬ យ៉ាងណាទេ ប៉ុន្តែគោលដៅរបស់ខ្ញុំគឺបង្កើនកម្លាំងស៊ុហ្វឲ្យល្អជាងមុន»។

ជាមួយគ្នានោះដែរ Lorenzo តែងតែបង្ហាត់កម្លាំងដល់កូនសិស្សដើម្បីឲ្យរូបគេអាចទប់ទល់ការប្រកួតរយៈពេល៣ទឹកបានងាយស្រួល និង ត្រូវចេះគ្រប់គ្រងការប្រកួតនៅពេលហត់។ គ្រូបង្វឹកមកពី LLFitness បានគូសបញ្ជាក់៖«កម្លាំងសំខាន់ណាស់ យើងត្រូវបង្ហាត់ ចាន់ រតនា ឲ្យកាន់តែល្អ និងចេះគ្រប់គ្រងការប្រកួតថាពេលអស់កម្លាំងត្រូវធ្វើយ៉ាងណា ឬ ពេលកម្លាំងពេញត្រូវធ្វើយ៉ាងណា។ អ្វីដែលសំខាន់ រតនា នឹងជួបគូប្រកួតខ្លាំងជាង Balart ទៅទៀត ដូច្នេះត្រូវរៀបចំកម្លាំងឲ្យបានល្អជាងមុន»។

នាពេលកន្លងទៅនេះ គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរំលឹកថា៖« រតនា ខំប្រឹងខ្លាំងណាស់។ រតនា ហាត់ក្បាច់ជីជិតស៊ូនៅក្លិប H/art Academy ជាមួយគ្រូបង្វឹក ខូវ វិវឌ្ឍនា ដើម្បីត្រៀមរួចជាស្រេចក្នុងការប្រកួតនាពេលខាងមុខ និងហាត់ការពារកុំឲ្យគ្រោះថ្នាក់ពេលគូប្រកួតចាប់ផ្ដួលលើក្ដាររេញ។ យើងចង់ឲ្យ រតនា កើនកម្លាំងខ្លាំង មានភាពអំណត់ និង ថាមពលខ្លាំងដើម្បីបំបាក់គូប្រជែង»។

ចាន់ រតនា ជាកីឡាករកម្ពុជាតែម្នាក់គត់ដែលទទួលជោគជ័យច្រើនជាងគេបំផុតនៅសង្វៀន អន្តរជាតិ ONE និងឈ្នះ ៣ដងជាប់គ្នាក្លាយជាកីឡាករកម្ពុជាល្អបំផុតប្រចាំសង្វៀនធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី។ ក្នុងការប្រកួតបន្ទាប់ ចាន់ រតនា ទំនងជួបជើងខ្លាំងមកពីជប៉ុន Yuya Wakamatsu នាពេលឆាប់ៗនេះប៉ុន្តែកម្មវិធីមួយចំនួនរបស់ ONE ត្រូវបានពន្យារពេលដោយសារមេរោគ Covid-19។ រតនា បានបង្ហើបថារូបគេត្រូវជួប Yuya តាំងពីខែ តុលា ម៉្លេះ ប៉ុន្តែបែរខកខានទៅវិញដោយសារ រូបគេមានបញ្ហាសុខភាព។

កុំភ្លេចទស្សនា កម្មវិធីប្រកួតបន្ទាប់របស់ស្ថាប័ន ONE Championship សូមទស្សនាការប្រកួតក្នុងកម្មវិធី ONE INFINITY 1 នៅសុក្រទី ១០ ខែ មេសា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៦:៣០ ល្ងាចតទៅពីក្រុងហ្សាកាតាប្រទេសឥណ្ឌូណេស៊ី ដែលមានផ្សាយផ្ទាល់តាមរយៈ Facebook, Twitter, YouTube,និង ONE Super App៕

អត្ថបទ៖ ស៊ីធី

មតិយោបល់