• 2024-04-03 04:21:20
  • ប្រដាល់

TOWN​ បន្ត​ចេញ​ផ្សព្វផ្សាយ​គុន​ខ្មែរ​ទៀត​ហើយ​ដោយ​នាំ​កីឡាករ​ ម៉ឺន​ មេឃា​ ទៅ​ចិន​ស្អែកនេះ​

  • 2024-04-03 04:21:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរទស្សន៍​ TOWN​ ម្សិលមិញ​នេះ​បាន​ធ្វើ​សន្និសិទ​សារព័ត៌មាន​ប្រកាស​នាំ​កីឡាករ​ជើង​ខ្លាំង​ ម៉ឺន​ មេឃា​ ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​ថ្ងៃ​ទី៦ ខែ​មេសា​ ឆ្នាំ​២០២៤​ ដើម្បី​ពង្រីក​ផ្សព្វផ្សាយ​គុន​ខ្មែរ។​

ទិដ្ឋភាពម្សិលមិញ

លោក​ Tommy Kim​ ទីប្រឹក្សា​ទូរទស្សន៍​ TOWN​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ជ្រើសរើស​យក​កីឡាករ​ ម៉ឺន​ មេឃា​ ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​នេះ​គឺ​ដោយ​សារ​តែ​សមត្ថភាព​ខ្លាំង​របស់​គេ​ ពិសេស​កេរ្តិ៍ឈ្មោះ​ល្បី​ដែល​ធ្លាប់​យក​ឈ្នះ​ជើង​ខ្លាំង​ចិនកុងហ្វូ​កន្លង​ទៅ។​

ការ​ឈ្នះ​របស់​ ម៉ឺន​ មេឃា​ លើ​អ្នក​លេង​កុងហ្វូ​ អំឡុង​ដើម​ឆ្នាំ​២០២៤​ នេះ​បាន​ធ្វើ​ឲ្យ​ភាគី​ខាង​ប្រទេស​ចិន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​មក​លើ​រូប​គេ។​ ទន្ទឹម​និង​នេះ​គឺ​ភាគី​ខាង​ចិន​ចង់​បាន​ ម៉ឺន​ មេឃា​ និង​កីឡាករ​ ពេជ្រ​ សម្បត្តិ​ ជា​ខ្លាំង​ដើម្បី​ទៅ​ប្រកួត​នៅ​ទីនោះ។​

លោក​ Tommy Kim​

ទីប្រឹក្សា​ទូរទស្សន៍​ TOWN​ ខាង​លើ​បន្ថែម​ទៀត​ថា​ ស្ថានីយ​របស់​លោក​មិន​ត្រឹម​ផ្សព្វផ្សាយ​គុន​ខ្មែរ​ក្នុង​ស្រុក​នោះ​ទេ​ ពោល​ពង្រីក​បន្ថែម​ទៀត​ទៅ​កាន់​ប្រទេស​ផ្សេងៗ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ យ៉ាងណា​ការ​ពង្រីក​ផ្សព្វផ្សាយ​នេះ​បើ​គ្មាន​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ពី​បណ្ដា​ក្រុមហ៊ុន​ជា​ដៃគូ​នេះ​ក៏​អាច​ធ្វើ​ទៅ​រួច​ដែរ។​​លោក​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ GANZBERG ដែល​បាន​ឧបត្ថម្ភ​កន្លង​មក​ពិសេស​ការ​ចេញ​ទៅ​ប្រកួត​របស់​ ម៉ឺន​ មេឃា​ លើក​នេះ​ទៀត​ផង។​

លោក អេ ភូថង

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ម៉ឺន​ មេឃា​ នឹង​ត្រូវ​ប្រកួត​លក្ខណៈ​ Kick Boxing ជា​មួយ​កីឡាករ​ចិន​ ឈ្មោះ​ FANG KEJIN នៅ​ថ្ងៃ​ទី៦​ ខែ​មេសា​ ឆ្នាំ​២០២៤​ នៅ​ប្រទេស​ចិន។ មេឃា​ និង​ឪពុក​ រួម​ទាំង​ក្រុម​ការងារ​នឹង​ចាកចេញ​ពី​កម្ពុជា​នៅ​ថ្ងៃ​ទី៤​ មេសា​ ស្អែក​នេះ​ហើយ៕​

ម៉ឺន មេឃា និងដៃគូ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី