• 2024-04-13 04:43:20
  • ប្រដាល់

ពេជ្រ សម្បត្តិ៖​ ដឹង​តែ​កក្រើក​ និង​ល្អ​មើល​ហើយ​អ្នក​កំពង់ចាម​ថ្ងៃ​បើក​សង្វៀន​ថ្មី​ DRAGON KUN KHMER

  • 2024-04-13 04:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​កំពុង​ល្បី​ឈ្មោះ​ខ្លាំង​ ពេជ្រ​ សម្បត្តិ​ ថា​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​ និង​រួចរាល់​ហើយ​គឺ​រង់ចាំ​តែ​ការ​ប្រកួត​យប់​នេះ​មក​ដល់​ប៉ុណ្ណោះ​ ខណៈ​រូប​គេ​ប្ដេជ្ញា​ចិត្ត​នឹង​ធ្វើ​ឲ្យ​កក្រើក​កម្មវិធី​ថ្មី​ DRAGON KUN KHMER ​ពិសេស​ជូន​អ្នក​កំពង់ចាម​តែ​ម្ដង។​

សម្បត្តិ និង​ដៃគូ

កីឡាករ​ ពេជ្រ សម្បត្តិ​ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទូរទស្សន៍​ម្សិលមិញ​នេះ​ថា​ ការ​ហ្វឹកហាត់​ ការ​ត្រៀម​ខ្លួន​គឺ​បាន​ពេញ​ល្អ​តែ​ម្ដង​ ពោល​រួចរាល់​រង់ចាំ​តែ​ការ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។​ ចំពោះ​ជំនឿ​ចិត្ត​វិញ​កូន​សិស្ស​លោក​ ពេជ្រ សុផាន់​ រូប​នេះ​ដាក់​ត្រឹម​ ៥០%​ សិន​ ព្រោះ​មិន​ទាន់​ដឹង​ពី​សមត្ថភាព​ដៃគូ​យ៉ាងណា​នោះ​ទេ​ ប៉ុន្តែ​សន្យា​ថា​នឹង​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព។​

សន្និសីទ​សារព័ត៌មាន​

សម្បត្តិ​ បញ្ជាក់​ច្បាស់ៗ​ថា​នឹង​វ៉ៃ​ឲ្យ​កក្រើក​ជូន​អ្នក​ទស្សនា​ពិសេស​នោះ​គឺ​អ្នក​កំពង់ចាម​ដែល​ជា​ម្ចាស់​ស្រុក​ផ្ទាល់​តែ​ម្ដង​ ដើម្បី​បាន​កម្សាន្ត​សប្បាយ​ពេល​មក​ផ្ទាល់។​ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​សំណូមពរ​ឲ្យ​មហាជន​ចូលរួម​គាំទ្រ​ក៏​ដូច​ជា​មក​ទស្សនា​ការ​ប្រកួត​យប់​នេះ​ឲ្យ​បាន​ច្រើន​ជា​កម្លាំង​ចិត្ត​ដល់​កីឡាករ​កម្ពុជា។​

លោក​ Tommy Kim

ចំណែក​លោក​ Tommy Kim ​ទីប្រឹក្សា​ស្ថានីយ​ទូរទស្សន៍​ថោន​ (TOWN)​ បាន​ឲ្យ​ដឹង​ថា​ កីឡាករ​កម្ពុជា​ទាំង​អស់​ដែល​ត្រូវ​ប្រកួត​យប់​នេះ​សូម​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ដល់​ក្រុម​ភ្ញៀវ​ដែល​មក​ឲ្យ​​បាន​ដឹង​ពី​សមត្ថភាព​ ដឹង​ពី​សក្ដានុពល​កីឡាករ​គុន​ខ្មែរ​ឲ្យ​សម​ជា​ម្ចាស់​ក្បាច់​គុន។​

សន្និសីទ​សារព័ត៌មាន​

បញ្ជាក់​ដែរ​ថា​ ស្ថានីយ​ទូរទស្សន៍​ថោន​ (TOWN)​ បាន​បង្កើត​កម្មវិធី​ប្រដាល់​ថ្មី​មួយ​ទៀត​ហើយ​គឺ​ DRAGON KUN KHMER ​ដែល​នឹង​ប្រកួត​នៅ​យប់​ថ្ងៃ​ទី១៣​ ខែ​មេសា​ ឆ្នាំ​២០២៤​ នេះ​ហើយ។​ បើក​ឆាក​ដំបូង​នេះ​ធ្វើ​ឡើង​ចាប់​ពី​ម៉ោង​ ៨យប់​តទៅ​នៅ​ទីតាំង​សង្កាត់​កំពង់ចាម​ ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម។​ កាន់​តែ​ពិសេស​នោះ​គឺ​កម្មវិធី​នឹង​ដាក់​ខ្សែក្រវាត់​ចំនួន​ ៥គ្រឿង​ឲ្យ​ជើងខ្លាំង​កម្ពុជា​ដណ្ដើម។​ ចំណែក​ ពេជ្រ​ សម្បត្តិ​ គឺ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​ គីឡូក្រាម​ជា​មួយ​បរទេស​៣រូប​ផ្សេង​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី