• 2016-02-18 14:30:07
  • បាល់ទាត់

Mahrez ​ខំ​បំពេញ​បំណង​ឪពុក​ តែ​​​ស្ដាយ​លោក​មិន​បាន​ឃើញ

  • 2016-02-18 14:30:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Riyad Mahrez ​ខ្សែ​បម្រើ​​ឆ្នើម​របស់​ក្រុម​ Leicester City ​ដែល​កំពុង​​ឈរ​កំពូល​តារាង​ Premier League ​​​​បាន​សម្រេច​គោល​បំណង​របស់​ឪពុក​ ដែល​ចង់​ឲ្យ​​ខ្លួន​ក្លាយ​ជា​កីឡា​​បាល់ទាត់​​អាជីព ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ ឪពុក​របស់​កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​បាត់​បង់​ជីវិត​មុនសម្រេច​បំណង​​ តាំង​ពី​រូប​គេ​នៅ​វ័យ​១៥​ឆ្នាំ​មក​ម្ល៉េះ។

 

 

​ឪពុក​ចង់​​ឲ្យ​ក្លាយ​ជា​កីឡាករ​អាជីព​ មុន​ពេល​ស្លាប់៖

 

​​Ahmed Mahrez ​ឪពុក​របស់​ Riyad Mahrez ​សញ្ជាតិ​អាល់ហ្សេរី​ បាន​ស្លាប់​​នៅ​វ័យ​៥៤​ឆ្នាំ​ ដោយសារ​ជំងឺ​គាំង​បេះដូង ខណៈ​ដែល​ពេល​នោះ​ Mahrez ​មាន​អាយុ​​ត្រឹម​១៥​ឆ្នាំ​ប៉ុណ្ណោះ។ ​មុន​ពេល​ស្លាប់​ ​Ahmed ​ដែល​ធ្លាប់​ជា​កីឡាករ​​លេង​នៅ​ក្លឹប​តូច​មួយ​នៅ​ប្រទេស​អាល់ហ្សេរី ​តែង​ជួយ​បង្វឹក​កូន​ និង​ទៅ​មើល​កូន​លេង​បាល់​ជានិច្ច ព្រោះ​លោក​ចង់​ឃើញ​ Mahrez ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​មួយ​រូប​ នា​ពេល​អនាគត។

 

“ឪពុក​របស់​ខ្ញុំ តែង​តែ​គាំទ្រ​ខ្ញុំ​ជានិច្ច។ គាត់​ចង់​​​ឃើញ​ខ្ញុំ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​ ​ហើយ​គាត់​តែង​នៅ​ក្បែរ​ខ្ញុំ។ គាត់​តែង​ទៅ​មើល​ខ្ញុំ​លេង​គ្រប់​ប្រកួត​កាល​ខ្ញុំ​នៅ​តូច​ ដើម្បី​ជួយ​ណែនាំ​ខ្ញុំ។ គាត់​ធ្លាប់​លេង​នៅ​ក្លឹប​តូច​មួយ​នៅ​​ប្រទេស​អាល់ហ្សេរី និង​​បារាំង ដូច្នេះ​គាត់​ដឹង​រឿង​ច្រើន​ពី​បាល់ទាត់ ហើយ​ខ្ញុំ​តែង​ស្ដាប់​គាត់។ ប៉ុន្តែ​ក្រោយ​​ពេល​គាត់​ស្លាប់ ​ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​តែ​ចាប់​ផ្ដើម​ខិត​ខំ​ខ្លួន​ឯង និង​ត្រូវ​​ធ្វើ​អ្វី​​ឲ្យ​បាន​ច្រើន​ ជាង​​អ្វី​ដែល​គាត់​រំពឹង​ពី​ខ្ញុំ”។ Mahrez ​បាន​ប្រាប់​ដល់ Guardian។

 

​​គ្រូ​បង្វឹក​ភាគ​ច្រើន​ថា ស្គម​ពេក​មិន​អាច​ក្លាយ​ជា​កីឡាករ៖

 

Mahrez ​ចាប់​ផ្ដើម​ដំបូង​លេង​ឲ្យ​​ក្រុម​នៅ​ក្នុង​ស្រុក Sarcelles ​មុន​ពេល​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្រុម​ Quimper និង​ Le Havre II នៅ​លីគ​កម្រិត​ទាប​ប្រទេស​បារាំង លុះ​ដល់​ឆ្នាំ​២០១១ ទើប​បាន​ជាប់​ឈុត​ធំ​​ក្រុម​ Le Havre លេង​នៅ​លីគ​ Ligue 2 របស់​បារាំង​ មុន​​ពេល​ផ្ទេរ​ទៅ​អង់គ្លេស​ឆ្នាំ​២០១៣ ​លេង​ឲ្យ​ Leicester ​នៅ​លីគ​លំដាប់​ទី​២ Championship។

 

“មាន​អ្នកចាត់ការ​ក្រុម​ជា​ច្រើន​ ​ថា​​ខ្ញុំ​ស្គម​ពេក ​ហើយ​​នឹង​ឆាប់​ដួល​បើ​គូ​ប្រកួត​ប៉ះ​ ដូច្នេះ​​ខ្ញុំ​មិន​អាច​ក្លាយ​ជា​កីឡាករ​អាជីព​បាន​ទេ។ ​ប៉ុន្តែ​​​គ្រូ​ពីរ​ទៅ​បី​នាក់ ​យល់​ថា​ខ្ញុំ​មាន​បច្ចេកទេស​ល្អ តែ​កាយ​សម្បទា​មិន​រឹង​មាំ ​ដូច្នេះ​គាត់​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​សាក​ល្បង​ខំ​ប្រឹងប្រែង ទើប​ខ្ញុំ​អាច​​បង្ហាញ​សមត្ថភាព​ជា​បន្ត​បន្ទាប់​ រហូត​មាន​ថ្ងៃ​នេះ”។

 

ក្លាយ​ជា​កីឡាករ​លេចធ្លោ​ខ្លាំង​នៅ​ Premier League បច្ចុប្បន្ន៖

 

 

Mahrez ជា​តួអង្គ​ដ៏​សំខាន់​បំផុត (Key Player) ដែល​ជួយ​ឲ្យ​ក្រុម​ Leicester ឈរ​កំពូល​តារាង​លីគ​កំពូល​អង់គ្លេស​បច្ចុប្បន្ន ​បន្ទាប់​ពី​រូប​គេ​ស៊ុត​បាន​​១៤​គ្រាប់ ​និង​ Assists ​១០ ក្នុង​ការ​បង្ហាញ​ខ្លួន​​២៥​ប្រកួត​នៅ​ Premier League រដូវ​កាល​នេះ និង​ធ្វើ​ឲ្យ​ក្លឹប​​យក្ស​អេស្ប៉ាញ​ FC Barcelona បង្ហាញ​ការ​ចាប់​អារម្មណ៍​ផង​ដែរ។

 

រៀបការ​ជាមួយ​​​នារី​​អង់គ្លេស ​​កាល​ឆ្នាំ​២០១៥៖

 

កីឡាករ​ជម្រើស​ជាតិ​អាល់ហ្សេរី ដែល​មាន​ម្ដាយ​​សញ្ជាតិ​​ម៉ារ៉ុក​រូប​នេះ​ ​បច្ចុប្បន្ន​​កំពុង​រស់​នៅ​ទីក្រុង​ Leicester ​ប្រទេស​អង់គ្លេស និង​ទើប​តែ​រៀបការ​ជាមួយ​នារី​អង់គ្លេស​​ម្នាក់ កាល​​ចុង​ឆ្នាំ​២០១៥​កន្លង​ទៅ មុន​​ពេល​ចុះ​កុងត្រា​ជាមួយ​ក្លឹប​​ Leicester ដល់​ឆ្នាំ​២០១៩។

 

 

ដូច្នេះ​សរុប​មក Mahrez មិនត្រឹម​តែ​សម្រេច​បំណង​របស់​ឪពុក​ក្លាយ​ជា​កីឡាករ​បាល់ទាត់​អាជីព​​ប៉ុណ្ណោះ​​ទេ ពោល​គឺ​ថែម​ទាំង​ក្លាយ​​ខ្លួន​ជា​កីឡាករ​ល្បី​នៅ​លីគ​កំពូល​អង់គ្លេស ដែល​មាន​ទស្សនា​រាប់​លាន​នាក់​ជុំ​វិញ​​ពិភពលោក​ទៀត ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​សោកស្តាយ គឺ​ឪពុក​របស់​គេ ពុំ​បាន​ឃើញ​ភាព​ជោគជ័យ​របស់​​​គេ​ទាំង​អស់​នេះ​ឡើយ៕

 

-ចុចអាន៖ Mahrez ​បង្ហើប​ប្រាប់​រឿង​ចង់​ផ្ទេរ​ទៅ​លេង​ឲ្យ​​ Barcelona

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ theguardian | wiki

មតិយោបល់