• 2020-03-20 03:01:22
  • វិភាគ

សេណេរីយ៉ូ​​ សំខាន់​៣​ដែល​ Champions League អាច​ប្រើ​​ដើម្បី​បិទ​រដូវ​កាល​នេះ​

  • 2020-03-20 03:01:22
  • ចំនួនមតិ 6 | ចំនួនចែករំលែក 20

ចន្លោះមិនឃើញ

UEFA Champions League បាន​សម្រេច​ផ្អាក​មួយ​រយៈ​ធំ​ ​មិន​ទាន់​បញ្ជាក់​ពី​ពេលវេលា​ត្រឡប់​វិញ​​ ក្រោយ​ទ្វីប​អឺរ៉ុប​ទាំង​មូល​កំពុង​រង​ការ​រីក​រាល​ដាល​យ៉ាង​គំហុក​ពី​វីរុស​ Covid-19 ឬ​កូរ៉ូណា។

កីឡាករ​​ និង​គ្រូ​បង្វឹក​មួយ​ចំនួន​សុទ្ធ​តែ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ​ដ៏​កាច​សាហាវ​ខាង​លើ​។​​ ទោះ​សម្រេច​ផ្អាក​​ប៉ុន្តែ​ គេ​នៅ​​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ​​ដោយសារ​​មិន​ទាន់​ដឹង​ថា​ស្ថានភាព​នឹង​ធូរ​ស្បើយ​នៅ​ពេល​ណា ​ខណៈ​ UEFA ជំរុញ​ឲ្យ​គ្រប់​កម្មវិធី​ប្រកួត​បញ្ចប់​ត្រឹម​ដើម​ខែ​មិថុនា។​

មាន​សេណេរីយ៉ូ​​ សំខាន់​៣​ដែល​ Champions League អាច​ប្រើ​​ដើម្បី​បិទ​រដូវ​កាល​៖​

១. លុប​ចោល​ការ​លេង​២​ជើង​ ក្រៅ​ដី​ និង​ក្នុង​ផ្ទះ៖

​សេណេរីយ៉ូ​នេះ​គឺ​តម្រូវ​ឲ្យ​ក្រុម​ទាំង​អស់​លេង​ដី​កណ្ដាល​ និង​ប្រកួត​តែ​១​ជើង​ប៉ុណ្ណោះ​ នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ និង​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ដើម្បី​រក​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​ដោយ​មិន​ខ្វល់​ពី​គ្រាប់​ចំណេញ​ក្រៅ​ដី (Away Goal) ហើយ​វា​អាច​ធ្វើ​ឲ្យ​កម្មវិធី​ UCL ឆាប់​បញ្ចប់​តាម​ផែនការ។​

២. ប្រកួត​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ៖

សេណេរីយ៉ូ​នេះ​បាន​ប្រើ​រួច​ទៅ​ហើយ​សម្រាប់​ក្រុម​មួយ​ចំនួន​នៅ​អ៊ីតាលី​ ដោយ​សារ​ទីនោះ​មាន​ការ​រីករាលដាល​មេរោគ​ខ្លាំង​ក្លា​ពេក។​ វិធី​នេះ​អាច​ធ្វើ​ឲ្យ​ក្លឹប​ខាត​បង់​ចំណូល​ច្រើន​ពី​ការ​លក់​សំបុត្រ​ប៉ុន្តែ​វា​អាច​រក្សា​ការ​ប្រកួត​ ក្នុង​ផ្ទះ​ និង​ក្រៅ​ដី​បាន​ដដែល។​

៣. រំសាយ​ពាន​ចោល៖

សេណេរីយ៉ូ​នេះ​​អាច​ប្រើ​ក្នុង​ករណី​ស្ថានការណ៍​កាន់​តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​ លែង​អាច​គ្រប់គ្រង​បាន។​ បើ​សិន​ជា​ UEFA មិន​អាច​ពន្យារ​ពេល​តទៅ​ទៀត ឬ​មិន​ចង់​ឲ្យ​ប៉ះ​ពាល់​ដល់​កម្មវិធី​ប្រកួត​រដូវ​កាល​ថ្មី​ ការ​រំសាយ​ពាន​ចោល គ្មាន​អ្នក​ឈ្នះ​ និង​អ្នក​ចាញ់​គឺ​ជា​វិធី​ល្អ​បំផុត​ និង​ស្មើ​ភាព​ទាន់​ពេល​ Champions League មិន​ទាន់​ចប់​វគ្គ​១៦​ក្រុម​ស្រួលបួល​ផង៕

អត្ថបទ៖ សៀនហួរ

មតិយោបល់