• 2019-02-20 10:50:58
  • បាល់ទាត់

ទ្វីប​អាហ្វ្រិក​ទាំង​មូល​ធ្លាប់​ដើរ​ចេញ​ពី​ប្រកួត​ World Cup ដោយ​មិន​ស្ដាយ​ស្រណោះ

  • 2019-02-20 10:50:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រទេស​ជា​ច្រើន​ប្រាថ្នា​ចង់​ចូល​រួម​លេង​។ ដោយ​ឡែក​ក្នុង​ឆ្នាំ​១៩៦៦ ទ្វីប​អាហ្វ្រិក​ទាំង​មូល​ដែល​មាន​ប្រទេស​ចំនួន ១៥​ សម្រេច​ចិត្ត​ធ្វើ​ពហិការ​មិន​ចូល​រួម​តាំង​ពី​វគ្គ​ជម្រុះ។

នេះ​គឺ​ដោយសារ​តែ​ ការ​សម្រេច​ចិត្ត​របស់​ FIFA នៅ​ឆ្នាំ​ ១៩៦៤ ដោយ​ឲ្យ​មាន​ប្រទេស​ចំនួន ១៦ លេង​នៅ​វគ្គ​ចុង​ក្រោយ​នៃ World Cup ឆ្នាំ​១៩៦៦។ ១៦​ប្រទេស​នោះ​ មាន​១០​ក្រុម សម្រាប់​ប្រទេស​អឺរ៉ុប​ ដោយ​រាប់​បញ្ចូល​ទាំង​ម្ចាស់​ផ្ទះ​អង់គ្លេស​ ៤​ក្រុម​សម្រាប់​ប្រទេស​អាមេរិក​ឡាទីន ១​ក្រុម​សម្រាប់​ប្រទេស​តំបន់​ការីប៊ៀន និង​តំបន់​អាមេរិក​កណ្ដាល ហើយ​ ១​ក្រុម​ទៀត​សម្រាប់​ប្រទេស​ទ្វីប​អាហ្វ្រិក ទ្វីប​អាស៊ី​ និង​ទ្វីប​អូសេអានី។

សហភាព​បាល់ទាត់​ទ្វីប​អាហ្វ្រិក​បាន​យល់​ឃើញ​ថា​ វា​មាន​ភាព​អយុត្តិធម៌​ណាស់​សម្រាប់​ខ្លួន​ ដែល​តម្រូវ​ឲ្យ​លេង​វគ្គ​ Play-Off ជាមួយ​នឹង​ទ្វីប​ ២ ទៀត​។ ពួក​គេ​តវ៉ា​ថា​ យ៉ាង​ហោច​ណាស់​មាន​ ១​កៅអី​សម្រាប់​ទ្វីប​អាហ្វ្រិក​ចូល​លេង​ដោយ​ស្វ័យប្រវត្តិ​ (មិន​ឆ្លងកាត់​វគ្គ Play-Off ជាមួយ​ទ្វីប​ផ្សេង​ទៀត​) ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។

ម៉្យាង​ទៀត​ សហភាព​បាល់ទាត់​ទ្វីប​អាហ្វ្រិក​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ FIFA ដែល​សម្រេច​ឲ្យ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ចូល​លេង​វគ្គ​ជម្រុះ​ World Cupក្នុង​កូតា​ទ្វីប​អាស៊ី បន្ទាប់​ពី​ទ្វីប​អាហ្វ្រិក​បាន​ហាម​ឃាត់​ប្រទេស​មួយ​នេះ ដោយសារ​តែ​របប​អាប៉ាថេត​ឆ្នាំ១៩៥៨ ដែល​ជា​របប​រើសអើង​ពណ៌​សម្បុរ​ពួក​ស្បែក​ខ្មៅ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ក្នុង​ព្រឹត្តិការណ៍​ World Cup ឆ្នាំ​១៩៦៦​ ប្រទេស​អង់គ្លេស​ជា​ជើង​ឯក​ពាន​នេះ​ជា​លើក​ទី ១ និង​តែ​ម្ដង​គត់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម