• 2017-05-23 07:53:55
  • បាល់ទះ

សមាជិក​បាល់ទះ​វិសាខា​គ្រោង​បង្កើត​មូលនិធិ​​ជួយ​ធ្វើ​ទី​លាន​បាល់ទះ​១​នៅ​ព្រៃ​វែង​

  • 2017-05-23 07:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​បាល់ទះ​ដ៏​លេច​ធ្លោ​វិសាខា​ម្នាក់​គ្រោង​​នឹង​បង្កើត​មូលនិធិ​ដើម្បី​​ជួយ​កសាង​ទី​លាន​បាល់ទះ​នៅ​សាលា​អនុវិទ្យាល័យ​អង្គរ​ទ្រេត​ដែល​ស្ថិត​នៅ​ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃ​វែង​​ដោយ​មាន​ការ​គាំទ្រ​ពី​នាយក​សាលា។

អ្នក​លេង​បាល់ទះ​ ប៉ូច​ ចាន់ថុល​ បាន​ឲ្យ​ដឹង​ថា​​ សព្វ​ថ្ងៃ​នេះ​ កីឡា​បាល់ទះ​កំពុង​ពេញ​និយម​លេង​ពេញ​ផ្ទៃ​ប្រទេស​កម្ពុជា​ ដោយ​សារ​កីឡា​នេះ​មិន​ទាមទារ​ទី​ធ្លា​ធំ​ និង​ចំនួន​មនុស្ស​ច្រើន​ដូច​កីឡា​មួយ​ចំនួន​នោះ​ទេ។ ​ដោយ​មើល​ឃើញ​ពី​សកម្មភាព​បំផុស​កីឡា​បាល់ទះ​នៅ​ស្រុក​ស្វាយ​អន្ទរ​កន្លង​មក​ ទើប​ធ្វើ​ឲ្យ​លោក​កើត​ក្តី​អាណិត​អាសូរ​ដល់​ប្អូន​ៗ​សិស្ស​សាលា​ និង​ប្រជា​ពលរដ្ឋ​នៅ​ទី​នោះ​ ហើយ​មាន​គម្រោង​បង្កើត​មូលនិធិ​កសាង​ទីលាន​បាល់ទះ​សាលា​អង្គរ​ទ្រេត​ ដើម្បី​ប្រមូល​ថវិកា​ ឯក​សណ្ឋាន​ និង​សម្ភារៈ​ហ្វឹក​ហាត់​យក​ទៅ​ជួយ​សាលា​រៀន​នោះ។

ទោះ​ជា​យ៉ាង​ណា​ លោក​បាន​បញ្ជាក់​ថា​ ការ​បង្កើត​​មូលនិធិ​ទៅ​បាន​មិន​មែន​ស្រ័យ​លើ​លោក​តែ​ម្នាក់​នោះ​ទេ​គឺ​លោក​នឹង​ព្យាយាម​ប្រមូល​កៀរគរ​មិត្តភ័ក្ដិ អ្នក​ស្គាល់​ និង​អំពាវ​នាវ​ដល់​សប្បុរស​ជន​ឲ្យ​ចូល​រួម​បរិច្ចាគ​ទាំង​អស់​គ្នា​ដើម្បី​មាន​លទ្ធភាព​ឈាន​ដល់​ការ​កសាង។

ចំណែក​​​​លោក​ ទេព​ ចាន់​ នាយក​សាលា​អង្គរ​ទ្រេត​បាន​ឲ្យ​ដឹង​ថា​ សាលា​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៧​ លើ​ផ្ទៃ​ដី​ទំហំ​ជាង​៦​ពាន់​ម៉ែត្រ​ក្រឡា។ សាលា​មាន​តារាង​បាល់​បោះ​ដី​១​កន្លែង​ តារាង​ប៊ូល​ដី​១​កន្លែង​ ប៉ុន្តែ​មិន​ទាន់​មាន​តារាង​បាល់ទាត់​ និង​បាល់ទះ​នៅ​ឡើយ​ទេ​ ដោយ​សារ​ទី​ធ្លា​ក្នុង​បរិវេណ​សាលា​ស្ទើរ​តែ​ទាំង​ស្រុង​ជា​ដី​ស្រែ​ និង​ស្រះ​ទឹក​ ដូច្នោះ​ហើយ​ទើប​សាលា​ខ្វះ​ទី​ធ្លា​សាង​សង់​អគារ​សិក្សា​ ទី​លាន​បាល់ទាត់​មួយ​ និង​ទីលាន​កីឡា​មួយ​ចំនួន​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

លោក​បញ្ជាក់​ថា​ ស្រះ​ទឹក​ដែល​គ្រោង​នឹង​ចាក់​ដី​បំពេញ​នោះ​អស់​ថវិកា​ចំនួន​៣​០០០​០០០​រៀល​ ហើយ​សាលា​មាន​ថវិកា​ចំនួន​៤០០​០០០​រៀល​ ដូច្នេះ​នៅ​ខ្វះ​ថវិកា​ចំនួន​២​៦០០​០០០ រៀល​ទៀត៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី