• 2016-09-16 18:45:27
  • បាល់ទះ

ក្រុម​ជើង​ឯក​បាល់ទះ​ព្រៃ​វែង​តំណាង​ខេត្ត​ចូល​រួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​​​

  • 2016-09-16 18:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជ័យលាភី​នៃ​ការ​ប្រកួត​កីឡា​បាល់ទះ​មហា​ជន​ប្រចាំ​ខេត្ត​ព្រៃ​វែង​នឹង​តំណាង​ឲ្យ​ខេត្ត​មួយ​នេះ​សម្រាប់​ចូល​រួម​ការ​ប្រកួត​កីឡា​ជាតិ​(National Game)​​ដែល​នឹង​ចាប់​​ផ្តើម​នា​ពេល​ខាង​មុខ​នេះ​ បន្ទាប់​ពី​ការ​​បាល់ទះ​មហាជន​ខេត្ត​ព្រៃវែង​ ត្រូវ​បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ១៤​ កញ្ញា​ ២០១៦​ នៅ​ទីលាន​បាល់ទះ​សាលា​បឋម​សិក្សា​ព្រៃវែង​ក្រុង​ព្រៃ​វែង​ ក្រោម​អធិបតី​ភាព​លោក​ ហ៊ឹម​ សុផល​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត។

 

 

ការ​ប្រកួត​នេះ​មាន​រយៈ​ពេល​៣​ថ្ងៃ​ គឺ​ចាប់​ថ្ងៃ​ទី​ ១២​ដល់​១៤​ កញ្ញា​ ២០១៦​ ដោយ​មាន​ក្រុម​កីឡា​៦​ស្រុក​-ក្រុង​ចូល​រួម​​ក្នុង​នោះ​មាន​ក្រុម​ស្រុក​កំចាយមារ​ កញ្ជ្រៀច​ ពាមជរ​ ស្វាយអន្ទរ​ ស៊ីធរ​កណ្តាល​ និង​ក្រុម​សសយក​ខេត្ត​ព្រៃវែង​ ដោយ​បែង​ចែក​ជា​ពីរ​ពូល។ ពូល​(ក)​​មាន​៖ ស្រុក​ពាមជរ​ ស្រុក​ស៊ីធរ​កណ្តាល​ និង​ស្រុក​កំចាយមារ​ ខណៈ​ពូល​ ខ​មាន​៖​ ស្រុក​កញ្ជៀច ស្រុក​ស្វាយអន្ទរ​ និង​ក្រុម​សសយក​ព្រៃ​វែង។

 

ការ​ប្រកួត​យក​តាម​រូប​មន្ត​វិល​ជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ពីរ​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ក្នុង​ពូល​ឡើង​ទៅ​ប្រកួត​វគ្គ​ពាក់​ផ្តាច់​ព្រ័ត្រ។ ឆ្លង​កាត់​ការ​ប្រកួត​រយៈ​បី​ថ្ងៃ​កន្លង​ទៅ​នេះ​ ជើង​ឯក​បាន​ទៅ​លើ​ក្រុម​​ស៊ី​ធរ​កណ្តាល​ ជើង​ឯក​រង​ក្រុម​ សសយក​ខេត្ត​ព្រៃ​វែង​ ហើយ​​លេខ​៣ និង​លេខ​៣​​ស្ទួន​គឺ​ក្រុម​ស្វាយអន្ទរ​ និង​កំចាយមារ។

 

 សកម្មភាព​ប្រកួត

 

 

ចំពោះ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​វិញ​ ក្រុម​ជើង​ឯក​ទទួល​បាន​ថវិកា​ ២០០០០០០​រៀល​ ជើង​ឯក​រង​ទទួល​បាន​ថវិកា​ ១ ៦០០ ០០០រៀល និងក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ទាំង​ពីរ​ក្រុម​ទទួល​បាន​ថវិកា​ ១ ២០០ ០០០​រៀល​ដូច​គ្នា។

 

លោក​ ហ៊ឹម​ សុផល មាន​ប្រសាសន៍​ថា​ មន្ទីរ​អប់រំ​ខេត្ត​ព្រៃវែង​រៀប​ចំ​ការ​ប្រកួត​នេះ​ឡើង​ គឺ​ដើម្បី​ចម្រាញ់​យក​កីឡាករ​ល្អ​ៗ​តំណាង​ឲ្យ​ខេត្ត​ព្រៃវែង​ទៅ​ចូល​រួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​១​ នៅ​រាជ​ធានី​ភ្នំពេញ​ក្នុង​ខែ​តុលា​ ឆ្នាំ​២០១៦​ ដែល​រៀប​ចំ​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​សហព័ន្ធ​កីឡា​នានា​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ស៊ីហ្គេម​២០២៣​ ដែល​កម្ពុជា​ទទួល​រៀប​ចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

 

 សកម្មភាព​ប្រកួត

 

ទីលាន​បាល់ទះ​នៃ​ក្លឹប​កីឡា​ខេត្ត​ព្រៃវែង​ ដែល​ធ្លាប់​តែ​រៀប​ចំ​ការ​ប្រកួត​កន្លង​មក​ គឺ​កំពុង​​ជួស​ជុល​ កែ​លម្អ​​ឡើង​វិញ​ ទើប​ប្តូរ​ទៅ​ប្រកួត​នៅ​ទី​លាន​សាលា​បឋម​សិក្សា​វិញ៕

 

អត្ថបទ៖ សោម សារិទ្ធ​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី