• 2024-08-20 03:30:00
  • បាល់ទះ

ក្រុមជម្រើសជាតិរីកចម្រើន ពាន SEA V League ខាងមុខនេះ ប៊ន ណារិទ្ធ យល់ថាកម្ពុជានឹងទទួលបានលទ្ធផលល្អ

  • 2024-08-20 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាកររបស់ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ប៊ន ណារិទ្ធ កាលពីពេលថ្មីៗនេះត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា កោះហៅឲ្យចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជាវិញ ខណៈពានរង្វាន់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត SEA V League Challenge ឆ្នាំ២០២៤ នឹងចាប់ផ្ដើមក្នុងពេលដ៏ខ្លីខាងមុខ។

តាមរយៈបទពិសោធជាមួយក្រុមជម្រើសជាតិកន្លងមក អ្នកលើកបាល់ដៃទីមួយនៃក្លឹបបាល់ទះក្រសួងមហាផ្ទៃ យល់ឃើញសមត្ថភាពរបស់ក្រុមជម្រើសជាតិបាល់ទះកម្ពុជាមានការរីកចម្រើនច្រើន តាមរយៈស្នាដៃដែលទទួលបានដូចជាមេដាយសំរឹទ្ធិស៊ីហ្គេមលើក ៣១ នៅប្រទេសវៀតណាម មេដាយប្រាក់ស៊ីហ្គេមលើកទី ៣២ នៅកម្ពុជានិងស្នាដៃជាច្រើនទៀត។ ដូច្នេះ​ការប្រកួត​ពាន​រង្វាន់ SEA V League Challenge ឆ្នាំ​២០២៤ ក្រុម​កម្ពុជា​នឹង​ទទួល​បាន​លទ្ធផល​ល្អ។

អ្នកលើកបាល់ទះមានដើមកំណើតមកពីខេត្តកណ្ដាលបានលើកឡើងបែបនេះ ៖"សម្រាប់ក្រុមជម្រើសជាតិសម្រាប់សមត្ថភាពរបស់ពួកគាត់ឃើញថារីកចម្រើនទាំងអស់គ្នា ហើយអ្វីដែលសំខាន់បទពិសោធរបស់យើងក៏ច្រើនជាងមុនដែរ ហើយស្នាដៃក៏យើងធ្លាប់ទទួលបានច្រើនដែរ យើងទៅជួបគេសារនេះមិនដូចសារមុនទេ យើងទៅជួបលើកនេះជួបដោយទំនុកចិត្ត ទី១បទពិសោធយើងក៏មានស្នាដៃយើងក៏មាន ហើយបទពិសោធក្នុងទីលានរបស់យើងក៏គ្រប់គ្រាន់ហើយ ចឹងយើងជួបគ្នាក្នុង SEA V League គឺមិនសូវជាបារម្ភច្រើន"។

ប៊ន ណារិទ្ធ ទទួលស្គាល់​ថា​ក្រុមបាល់ទះជម្រើសជាតិឡាវ ម៉ាឡេស៊ី និងសិង្ហបុរីក៏​ប្រឹងប្រែងហ្វឹកហាត់ខ្លាំងដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួកគេ ប៉ុន្តែកីឡាករឆ្នើម​រូប​នេះ​នៅតែមានទំនុក​ចិត្ត​ និង​ជំនឿខ្ពស់លើក្រុមបាល់ទះជម្រើសជាតិកម្ពុជា។

ងាកមកការវិលចូលជុំរុំជម្រើសជាតិវិញ អ្នកលើកបាល់ជំនាញដៃឆ្វេង បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជាផ្ដល់សេចក្ដីទុកចិត្តលើខ្លួនជាថ្មីម្ដងទៀត។ យ៉ាងណាកីឡាកររូបនេះមិនទាន់ប្រាកដចិត្តថាជាប់ជម្រើសដំបូងឡើង តែគេនឹងខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាព៕

អត្ថបទ៖ Um Sopheak

មតិយោបល់