• 2024-08-13 13:46:46
  • បាល់ទាត់

ល្ហិចល្ហៀង​ថា Diaz អាច​ចេញ​ពី​ហង្ស​ក្រហម

  • 2024-08-13 13:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ខ្សែ​ស្លាប Luis Diaz អាច​ចាក​ចេញ​ពី​ក្លឹប Liverpool ទៅ​ចូល​រួម​ជាមួយ​ក្លឹប Manchester City នា​ពេល​ឆាប់ៗ​នេះ។

យោង​តាម​សារព័ត៌មាន​អង់គ្លេស Metro បាន​ឲ្យ​ដឹង​ថា Manchester City និង Liverpool កំពុង​ចរចា ហើយ​ត្រូវ​រ៉ូវ​គ្នា​រឿង​ផ្ទេរ Luis Diaz ក្នុង​តម្លៃ​រង្វង់​ប្រមាណ ៧៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

របាយការណ៍​នេះ​ត្រូវ​បាន​រំលេច​ឡើង​ជា​ខ្លាំង​ក្នុង​សារព័ត៌មាន​ធំៗ​នៅ​អង់គ្លេស ក្រោយ​ក្លឹប Manchester City បាន​ផ្ទេរ​ចេញ​ខ្សែ​ប្រយុទ្ធ Julian Alvarez ទៅ​ Atletico Madrid កាល​ពី​ម្សិលមិញ​ក្នុង​តម្លៃ​សរុប​ប្រមាណ​ជិត ១០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

យ៉ាង​នេះ​ក្ដី ក៏​មាន​ប្រភព​សំខាន់ៗ​មួយ​ចំនួន​ដូចជា Fabrizio Romano បាន​លើក​ឡើង​ថា មិន​ទាន់​មាន​អ្វី​ត្រូវ​រ៉ូវ​គ្នា​ទេរវាងហង្សក្រហម និង Man City រឿង​ថ្លៃ​ផ្ទេរ​ខ្សែ​ស្លាប Luis Diaz។

ខណៈ​ពេល​នេះ​ Diaz ក៏​មិន​ទាន់​ចេញ​មុខ​និយាយ​អ្វី​ដែរ​ទាក់ទង​នឹង​ពាក្យ​ចចាមអារ៉ាម​ខាង​លើ។

Luis Diaz គឺ​ជា​កីឡាករ​បង្គោល​មួយ​របស់​ក្លឹប​ហង្សក្រហម។ តាំង​ពី​ចូល​រួម​ជាមួយ​ក្លឹប​កាល​ពី​ឆ្នាំ ២០២១​មក ខ្សែ​ស្លាប​សញ្ជាតិ​កូឡុំប៊ី​វ័យ ២៧ ឆ្នាំ​រូប​នេះ លេង​សរុប ៩៨ ប្រកួត និង​ស៊ុត​ចូល​ចំនួន ១៣ គ្រាប់​ឲ្យ​ក្លឹប។

ដំណឹង​ល្ហិចល្ហៀង​រឿង​ផ្ទេរ Luis Diaz កំពុង​អង្រួន​មជ្ឈដ្ឋាន​អ្នក​គាំទ្រ​ក្លឹប Liverpool ព្រោះ​ទើប​តែ​ខែ​មេសា​កន្លង​ទៅ​ប៉ុណ្ណោះ ដែល​ខ្សែ​ស្លាប Diaz និយាយ​ថា​រូប​គេ​មិន​មាន​ចេតនា​ផ្ទេរ​ចេញ​ពី​ Liverpool ទៅ​ក្លឹប​ណា​មួយ​នោះ​ទេ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។ ណា​មួយ ក្លឹប​ហង្ស​ក្រហម​ទើប​ផ្លាស់​ប្ដូរ​អ្នក​ចាត់​ការ​ពី​លោក Jurgen Klopp ទៅ​លោក Arna Slot គួប​ផ្សំ​ការណ៍​ដែល​ក្លឹប​មិន​ទាន់​នាំ​ចូល​កីឡាករ​សំខាន់ៗ​ណា​មួយ​សោះ​ គិត​មក​ពេល​នេះ​ ដែល​ធ្វើ​ឲ្យ​ភាព​ប្រកួត​ប្រជែង​របស់​ក្រុម​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់។

តើ​ Luis Diaz ចេញ ឬ​នៅ Liverpool?៕

ប្រភព៖ Metro អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី