• 2024-08-08 04:32:47
  • កីឡា​ផ្សេង​ៗ

អ្នក​ចេះ​ក្បាច់​គុន​ខ្មែរ​មិន​ថា​ទម្រង់​ណា​ទេ​ឲ្យ​តែ​ប្រាកដ​អាច​ចុះឈ្មោះ​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ហ៊ុន​ ម៉ាណែត​

  • 2024-08-08 04:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​សេចក្ដី​ប្រកាស​ និង​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី៧​ ខែ​សីហា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ​ដោយ​តំណាង​ NOCC​ បាន​លើក​ឡើង​ថា​អ្នក​ដែល​ចេះក្បាច់​គុន​ខ្មែរ​ពិត​ប្រាកដ​មិន​ថា​ទម្រង់​ក្បាច់​គុន​ប្រយុទ្ធ​ ក្បាច់​សម្ដែង​ដោយ​គ្មាន​អាវុធ​ និង​មាន​អាវុធ​ បើ​មាន​បំណង​ចង់​ចូលរួម​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ហ៊ុន​ ម៉ាណែត​ លើក​ទី១​ អាច​ចុះ​ឈ្មោះ​បាន​ឥលូវ​នេះ។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ជា​ប្រធាន​ចំពោះ​កិច្ច​ដែល​ទទួល​រៀបចំ​ការ​ប្រកួត​ «កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ»​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​នេះ​គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច​បវរធិបតី​ក្នុង​គោលបំណង​ស្រាវជ្រាវ​គាស់រំលើង​ឡើង​វិញ​ក្បាច់​បុរាណ​របស់​ខ្មែរ​គ្រប់​ជំនាន់​ក្រោម​ស្មារតី​អភិរក្ស​ដើម្បី​អភិវឌ្ឍន៍​ អភិវឌ្ឍន៍​ដើម្បី​អភិរក្ស។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

ចំណែក​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​កីឡាករ​ កីឡា​ការិនី​ និង​មហាជន​ទូទៅ​ដែល​ចេះ​ក្បាច់​គុន​បុរាណ​នានា​គ្រប់​ទម្រង់​ច្បាស់លាស់​បើ​មាន​បំណង​ចង់​ចូលរួម​ប្រកួត​ពាន​រង្វាន់​សម្ដេច​ ហ៊ុម​ ម៉ាណែត​ លើក​ទី១​ នេះ​ចេះ​ចុះឈ្មោះ​ពី​ឥលូវ​នេះ​បាន។​ មហាជន​តាម​ស្រុក​ភូមិ​ដែល​មិន​មាន​សហព័ន្ធ​ ឬ​ក្លឹប​នោះ​ទេ​ក៏​អាច​ចុះឈ្មោះ​បាន​ដែរ​ដោយ​គ្រាន់​តែ​បំពេញ​តាម​លក្ខខ័ណ្ឌ​អត្តសញ្ញាណ​តាម​តម្រូវការ​មួយ​ចំនួន​ប៉ុណ្ណោះ។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

ឯកឧត្ដម​បញ្ជាក់​បន្ថែម​ទៀត​ថា​ ការ​ចូលរួម​ប្រកួត​នេះ​គឺ​បាន​តែ​អ្នក​ដែល​ហ្វឹកហាត់​ ឬ​ចេះ​ក្បាច់​គុន​ខ្មែរ​ប៉ុណ្ណោះ​ សម្រាប់​កីឡា​បរទេស​ផ្សេងៗ​ទៀត​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​នេះ​នោះ​ឡើយ។​ ចំពោះ​វិញ្ញាសា​វិញ​មាន​ផ្នែក​ប្រយុទ្ធ​ ផ្នែក​សម្ដែង​ជា​មួយ​អាវុធ​ និង​សម្ដែង​គ្មាន​អាវុធ។​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

បញ្ជាក់​ដែរ​ថា​ សេចក្ដី​ប្រកាស​ និង​ការផ្សព្វផ្សាយ​ជា​ផ្លូវ​ការ​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៧​ ខែ​សីហា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នៅ​ NOCC។​ ចំពោះ​ការ​ប្រកួត​ «កីឡា​យុទ្ធគុន​ចម្រុះ​ខ្មែរ​បុរាណ»​ លើក​ទី១​ នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨​ ដល់​ ២០​ ខែ​តុលា​ ឆ្នាំ​២០២៤​ ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕​

ទិដ្ឋភាព​សន្និសីទ​សារព័ត៌មាន​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់