• 2024-06-24 05:32:45
  • បាល់ទះ

បាល់ទះ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ទៀត​ហើយ​ដោយ​បញ្ជូន​ U-20​ ប្រកួត​ជម្រុះ​ដណ្ដើម​កៅអី​លេង​​ជើងឯក​អាស៊ី​

  • 2024-06-24 05:32:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​ក្រុម​បាល់ទះ​កម្ពុជា​ ដោយ​លើក​នេះ​បញ្ជូន​កីឡាករ​យុវជន​ U-20​ ទៅ​ប្រកួត​នៅ​អន្តរជាតិ​ដណ្ដើម​កៅអី​ឆ្ពោះ​ទៅ​លេង​ពាន​រង្វាន់​ជើងឯក​យុវជន​អាស៊ី​ ខណៈ​ជាង​ ៦០​ឆ្នាំ​មក​ហើយ​ដែល​កម្ពុជា​មិន​ដែល​បាន​បញ្ជូន​បែប​នេះ។​

លោក​ អាំង​ សិរីពិសិដ្ឋ​ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះបាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​នេះ​ថា​ ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​ដែល​បាល់ទះ​កម្ពុជា​មាន​រៀបចំ​ប្រមូល​ផ្ដុំ​ជា​ថ្នាល​អាយុ​ក្រោម​ ២០ឆ្នាំ​ និង​បាន​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​បែប​នេះ។​ នេះ​ជា​ការ​បោះជំហាន​ថ្មី​មួយ​ទៀត​សម្រាប់​បាល់ទះ​កម្ពុជា​ពិសេស​យុវជន​ថ្នាល​ក្មេងៗ​ដែល​ឈាន​ទៅ​ដល់​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ដូច​ជា​នៅ​ទ្វីប​អាស៊ី​តែ​ម្ដង។​

បើ​ទោះ​ជា​ការ​ប្រមូលផ្ដុំ​បាន​ត្រឹម​ ៦សប្ដាហ៍​ អគ្គលេខាធិការ​ខាង​លើ​ជឿជាក់​ថា​ក្រុម​កម្ពុជា​នឹង​ធ្វើ​បាន​ល្អ​ចំពោះ​ការ​ប្រកួត​ប៉ះ​ជា​មួយ​ក្រុម​វៀតណាម​ថ្ងៃ​ទី២៥​ មិថុនា​ ២០២៤​ ខាង​មុខ​នេះ។​ ព្រោះ​ថា​ឥលូវ​នេះ​បាល់ទះ​កម្ពុជា​ចេញ​ទៅ​​ដណ្ដើម​ជ័យជម្នះ​មិនមែន​ចេញ​ទៅ​យក​បទ​ពិសោធ​នោះ​ទេ។​

ជា​មួយ​គ្នា​នោះ​ដែរលោក​ អាំង​ សិរីពិសិដ្ឋ​ បាន​ពង្រឹង​ស្មារតី​ដល់​កីឡាករ​ទាំង​អស់​ថា​ចូល​ដល់​ទីលាន​ប្រកួត​កុំ​ខ្វល់​អ្វី​ទាំង​អស់​ហើយ​គិត​ថា​ទីនោះ​ជា​ផ្ទះ​ ជា​ទឹកដី​កម្ពុជា​ដូច​ទៅ​ហ្នឹង​ការ​ហាត់​ ឬ​ប្រកួត​នៅ​កម្ពុជា​នោះ​ដែរ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទះ​ U-20​ របស់​កម្ពុជា​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​ ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ម្សិលមិញ​នេះ។​ ថ្ងៃ​ទី២៥​ មិថុនា​ ស្អែក​នេះ​ក្រុម ​U-20​ កម្ពុជា​ នឹង​ត្រូវ​ប្រកួត​ជម្រុះ​ដណ្ដើម​កៅអី​ជា​មួយ​ U-20​ វៀតណាម​ លើ​ទឹកដី​កណ្ដាល​ (ប្រទេស​ថៃ)។​ អ្នក​ដែល​ឈ្នះ​នឹង​មាន​សិទ្ធ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​ U-20​ ​ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី