- 2024-06-18 02:16:00
- បាល់ទះ
ប៊ន ណារិទ្ធ បង្ហាញអារម្មណ៍ធម្មតាក្រោយមិនជាប់ជម្រើសជាតិ
- 2024-06-18 02:16:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ន ណារិទ្ធ បង្ហាញអារម្មណ៍ធម្មតាក្រោយមិនជាប់ជម្រើសជាតិ
ចន្លោះមិនឃើញ
ក្នុងឆ្នាំ២០២៣ ប៊ន ណារិទ្ធ បានជាប់ជាកីឡាករជម្រើសជាតិបាល់ទះកម្ពុជាក្នុងសាលជាថ្មី និងបានជួយឲ្យក្រុមជម្រើសជាតិឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ក្រោយអាកខានជាប់តាំងពីឆ្នាំ ២០១៨-២០១៩ មក។ យ៉ាងណាឆ្នាំ២០២៤នេះ ណារិទ្ធ មិនបានជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិបាល់ទះកម្ពុជាឡើយ។
ក្នុងបទសម្ភាសន៍តាមរយៈសារអេឡិចត្រូនិកកាលពីពេលថ្មីៗ Sabay បានសាកសួរពីអារម្មណ៍មិនជាប់ជម្រើសជាតិ។ អ្នកប៉ះសេដៃទីមួយរបស់សមាគមបាល់ទះក្រសួងមហាផ្ទៃ បានប្រាប់ថារូបគេមានអារម្មណ៍ធម្មតា ព្រោះការជាប់ជម្រើសអាស្រ័យទៅលើកត្តាជាច្រើន។
កីឡាករជួយឲ្យក្រសួងមហាផ្ទៃឈ្នះជើងឯករងពានរង្វាន់បាល់ទះ៤ស្មើទូទាំងប្រទេស Wurkz Special Volleyball 4x4 ឆ្នាំ២០២៤ បានបង្ហើបថា ៖«សម្រាប់ខ្ញុំមានអារម្មណ៍ថាធម្មតា ដោយសារពីមុនយើងធ្លាប់ជាប់ហើយ អត់ជាប់ចឹងជារឿងធម្មតាទេ យើងមិនមានអីចម្លែកចិត្តខ្លាំងទេ កត្តាសមត្ថភាព កត្តាអាយុ កត្តាជាច្រើន យើងអត់ជាប់ក៏អត់មានអីចម្លែកដែរ»។
កាលពីឆ្នាំ២០២៣ក្នុងក្រុមឈុតធំជម្រើសជាតិបាល់ទះកម្ពុជា ក្លឹបបាល់ទះក្រសួងមហាផ្ទៃមានកីឡាករបីរូបជាប់ជម្រើសជាតិមានដូចជា ធី ម៉េងហួង, មឿន ម៉េងឡាយ និង ប៊ន ណារិទ្ធនេះឯង។ ទោះបីជាឆ្នាំ២០២៤ ក្លឹបបាល់ទះក្រសួងមហាផ្ទៃបាត់បង់អ្នកប៉ះសេឆ្នើម ប៊ន ណារិទ្ធ ពីក្រុមជម្រើសជាតិ ប៉ុន្តកីឡាកររបស់ពួកគេ៧រូប ត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជា ផ្ដល់សេចក្ដីទុកចិត្តកោះហៅឲ្យចូលជុំរុំក្រុមជម្រើសជាតិដោយឈុតធំមានកីឡាករ ធី ម៉េងហួង មឿន ម៉េងឡាយ ខុម ហុងទ្រី និង មុត រ៉ាណាត់ ចំណែកឈុត U20 មានកីឡាករ កែវ ស្រេងលីហួរ ឆោម ទីណា និង គីម ហាន។
ត្រង់ចំណុចនេះ ប៊ន ណារិទ្ធ បានសម្ដែងការសាទរដល់សិស្សប្អូនរបស់ខ្លួនដែលមានឱកាសដ៏ល្អនិងកម្រមួយនេះ ហើយសង្ឃឹមថាពួកគេនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពនិងលទ្ធភាព ដើម្បីជួយលើកមុខមាត់ក្លឹប និងប្រទេសជាតិមាតុភូមិ។
ណារិទ្ធ បានបញ្ជាក់បែបនេះ ៖«សម្រាប់ប្អូនៗដែលបានចូលរួមជាមួយជម្រើសជាតិទាំងឈុតតូចនិងឈុតធំមានរហូតដល់៧នាក់ ឈុត U បីនាក់ឈុតធំបួននាក់ ចឹងសប្បាយចិត្តសម្រាប់ប្អូនៗដែលគាត់បានបង្ហាញខ្លួននិងមានសមត្ថភាព រហូតថ្នាក់ដឹកនាំ ក៏ដូចជាសហព័ន្ធកីឡាបាល់ទះមើលឃើញ កោះហៅចូលរួមជម្រើសជាតិ អត់មានអីទេក្រៅពីជូនពរពួកគាត់ជោគជ័យក្នុងវិស័យមួយហ្នឹង!»៕