• 2024-05-25 04:46:00
  • បាល់ទះ

ខ្លាំងមែន! ក្លឹបបាល់ទះ វិសាខា មិនធ្វើឲ្យអ្នកគាំទ្រកម្ពុជាខកបំណងឡើយ

  • 2024-05-25 04:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹបបាល់ទះវិសាខា មិនធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទះកម្ពុជាខកបំណងឡើយ ក្រោយពួកគេបានយកឈ្នះក្លឹបបាល់ទះអាជីពវៀតណាម Lavie Long An បីសិតសូន្យក្នុងជំនួបមិត្តភាពអន្តរជាតិ នៅសាលបាល់ទះពហុកីឡដ្ឋានជាតិ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ក្លឹបាល់ទះវិសាខា

ក្លឹបបាល់ទះវិសាខាដែលមានកីឡាករចំណូលថ្មីសញ្ជាតិបារាំងបីរូប បានសហការគ្នាយ៉ាងល្អនៅពាក់កណ្ដាលសិតទី១ ដោយពួកគេបានយកឈ្នះក្នុងលទ្ធផលពិន្ទុ ២៥-១៣។

ចូលដល់សិតទី២និងទី៣ ក្រុមទាំងពីរបានតតាំងគ្នាយ៉ាងស្វិតស្វាញបំផុតដោយមានពិន្ទុប្រដេញគ្នា។ ទោះបីជាយ៉ាងណាសិតទី២ វិសាខា នៅតែបន្តដាក់សម្ពោធនិង​យក​ឈ្នះ Long An ២៥-២៣ និងសិតទី៣វិសាខាឈ្នះ ២៦-២៤ពិន្ទុ។

ក្លឹបបាល់ទះ Lavie Long An វៀតណាម

ជ័យជម្នះមិត្តភាពអន្តរជាតិនេះ ជើងឯក​ពាន​រង្វាន់​ WURZ Special Volleyball Cup 4x4 ឆ្នាំ​២០២៤ វិសាខាពិតជាធ្វើបានល្អ បើទោះបីកីឡាករបរទេសរបស់ពួកគេទើបហាត់ជុំគ្នាបានប៉ុន្មានថ្ងៃក៏ដោយ។

ជំនួបមិត្តភាព​អន្តរជាតិ​ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​រាប់ពាន់នាក់ ជាការប្រកួតមួយដើម្បីដកស្រង់បទពិសោធន៍ និង​បច្ចេកទេស មុនពួគគេចេញទៅប្រកួតដណ្ដើមពានរង្វាន់ Win+Streak Volleyball Invitational នៅកោះតៃវ៉ាន់ប្រទេសចិន។ ពានរង្វាន់​ដែល​នឹង​ចាប់​ផ្ដើមពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤នេះ​ រៀបចំឡើងដោយក្លឹបបាល់ទះ Win Streak ជាក្លឹបដែលកីឡាករឆ្នើមកម្ពុជា វឿន វាសនា កំពុងប្រកបអាជីព៕

អត្ថបទ៖ Um Sopheak

មតិយោបល់