• 2024-05-23 08:00:00
  • បាល់ទះ

កក្រើក! ស្អែកនេះជើង​​ខ្លាំង​កម្ពុជា​ វិសាខា ប៉ះ​ក្លឹប​ខ្លាំង​ Long An របស់​វៀតណាម

  • 2024-05-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទះ​វិសាខា​នឹង​ចូល​ខ្លួន​បើកទ្វារ​សាល​បាល់ទះ​នៃ​ពហុកីឡដ្ឋាន​ជាតិ​ ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ជើង​ខ្លាំង​វៀតណាម Lavie Long An នៅ​ម៉ោង​ ៥​ ល្ងាច​ ថ្ងៃ​ទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០២៤​​ ស្អែក​នេះ​ក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ មុន​ចេញ​ទៅ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ Win+ Streak Volleyball Invitational ហៅកាត់ថា WSVI Tournament ក្នុងទីក្រុង Taichung ដែល​ធ្វើ​ឡើង​ដោយ​ក្លឹប​បាល់ទះ​ Win Streak។

នេះ​ជា​ការប្រកួត​មិត្តភាព​អន្តរជាតិ​លើក​ទី​មួយ​សម្រាប់​ក្លឹប​បាល់ទះ​វិសាខា និង​ក្លឹប​ Lavie Long An ក្នុង​​ឆ្នាំ​២០២៤​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ច្បាស់​ជា​កក្រើក​ព្រោះ​វិសាខា​ជា​ក្លឹប​ខ្លាំង​នៅ​កម្ពុជា ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្លឹប​មាន​ធនធាន​មួយ​នេះ បាន​នាំ​ចូល​កីឡា​ករ​បាំរាំង​៣​រូប​​ថ្មីៗ​នេះ​​។ អ្នកគាំទ្រ​​បាល់ទះ​នៅ​កម្ពុជា បាន​បង្ហាញ​អារម្មណ៍​ចង់​ទស្សនា​ការ​បញ្ចេញ​សមត្ថភាព​របស់​ពួកគេ​ខ្លាំង​ណាស់។

ក្លឹបបាល់ទះ​វិសាខា

ចំណែក Lavie Long An ថ្វី​បើ​ពួក​គេ​មិន​សូវ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​លីគ​នៅ​វៀតណាម ប៉ុន្តែ​ពួកគេ​ជា​ក្រុម​មួយ​មាន​សមត្ថភាព​ល្អ​មិន​អាច​មើល​ស្រាល​បាន​ ជាពិសេស​ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​នា​ថ្ងៃ​ស្អែក​នេះតែម្ដង​។

ក្លឹបបាល់ទះ Lavie Long An

ក្រៅ​ពី​នេះ​ក៏​មាន​ការប្រកួត​ដ៏​ជក់​ចិត្ត​មួយ​គូទៀត​ដែរ​គឺ​ការ​ជួប​គ្នា​រវាង​ក្រុម​បាល់​ទះ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២០​ឆ្នាំ ជាមួយ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ​ នៅ​ម៉ោង ៣ រសៀល​ ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៤។ ប្រកួត​ទៀត​សោត មិន​មាន​លក់​សំបុត្រ​ឡើយ ដូច្នេះ​ប្រិយមិត្ត​អាច​ចូល​រួម​ទស្សនា​ដោយសេរី និង​ឱ្យ​បាន​ច្រើន​កុះករ។ ​

គួរ​បញ្ជាក់​ថា ថ្ងៃទី​២៤ ខែ​ឧសភា​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​ក្លឹប​បាល់​ទះ​វិសាខា​នឹង​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្លឹប​វៀតណាម Lavie Long An មុន​ចេញ​ទៅ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់ Win+ Streak Volleyball Invitational ហៅកាត់ថា WSVI Tournament ក្នុងទីក្រុង Taichung រៀប​ចំ​ឡើយ​ដោយ​ក្លឹប​បាល់ទះ​តៃវ៉ាន​ Win Streak។ ចំណែក​ U20 កម្ពុជា ធ្វើ​មិត្តភាព​ជាមួយ​ក្លឹប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ​​មុន​ចេញ​ទៅ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Men's Asian U20 Volleyball Championship ជាមួយ​​ក្រុម​វៀតណាមនៅទឹកដីកណ្ដាលប្រទេសថៃ៕ ​

អត្ថបទ៖ Um Sopheak

មតិយោបល់