• 2024-03-28 07:05:00
  • បាល់ទះ

សោកស្ដាយ! ក្លឹប​ជើងឯកតេជោលីគ បញ្ជាការដ្ឋានអង្គរក្ស គ្មានឈ្មោះប្រកួតពាន៤ស្មើនៅភ្នំពេញទេ

  • 2024-03-28 07:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៦ក្រុមចុងក្រោយដែលបានឡើងមកជុំទី២នៃពានរង្វាន់តេជោលីគរដូវកាលទី​១​ឆ្នាំ​២០២៣​-២០២៤ មានសិទ្ធិឈរចាំក្រុមទាំង១០ដែលឡើងពីភូមិភាគទាំង៥ ប៉ុន្តែគួរឲ្យស្ដាយក្លឹបជើងឯក បញ្ជាការដ្ឋានអង្គរក្ស មិនគ្មាន​ឈ្មោះ​ប្រកួតប្រជែង​ពាន​៤ស្មើ Wurkz Special Volleyball Cup 4x4 នេះទេ។ ហេតុអ្វីបានជាក្លឹបធំសំបូរធនធានកីឡាករល្អមួយនេះគ្មានវត្តមានប្រកួតប្រជែង?​

រូបថត៖ក្លឹបបញ្ជាការដ្ឋានអង្គរក្ស

ពាក់ព័ន្ធនឹងចម្ងល់នេះលោក ទែន ឡន អគ្គលេខាធិការងសហព័ន្ធកីឡាបាល់ទះកម្ពុជាបានលើកឡើងថា សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាស​ជូនដំណឹងដល់សមាគមក្លឹបទាំងអស់ អំពីការដាក់ពាក្យចូលរួមប្រកួតពានរង្វាន់​៤ស្មើ ហើយ​មានតែ​សមាគមក្លឹបចំនួន៥ប៉ុណ្ណោះបានដាក់ពាក្យ។ ដោយឡែកក្លឹបជើងឯកបញ្ជាការដ្ឋានអង្គរក្សមិនបាន​ដាក់ពាក្យឡើយ ហើយនេះជាមូលហេតុលដែលក្លឹបធំមួយនេះគ្មាន​មានវត្តមានក្នុងការប្រកួត​។​

រូបភាពហ្វេសប៊ុកលោក ទែន ឡន

លោក ទែន ឡន បានពន្យល់ថា ៖«យើងបានបើកចំហ និងប្រកាសជូនដំណឹងជាសាធារណៈ ក៏ប៉ុន្តែដល់ថ្ងៃផុតកំណត់ទទួលពាក្យ អត់បានទទួលពាក្យពីក្លឹបបាល់ទះខាងលើ...ដោយសារធម្មតាយើងប្រកាសជូនដំណឹងបើកឲ្យសមាគមក្លឹបក្រុមចុះឈ្មោះក្នុងការប្រកួតបាល់ទះ Wurkz Special Volleyball Cup 4x4 ឆ្នាំ២០២៤ យើងអត់បានទទួលពាក្យ តែប៉ុណ្ណឹងឯង»​។​

ក្រុមទាំង៥ក្នុងពានរង្វាន់តេជោលីគជុំទី២មានសមាគមបាល់ទះវិសាខា A ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សមាគមបាល់ទះក្រសួងមហាផ្ទៃ A ក្លឹបបាល់ទះកងពលធំអន្តរាគមលេខ៣ A និងស្នងការដ្ឋាននគរបាល​ខេត្តពោធិ៍សាត់​។​

ចំណែកក្រុមទាំង១០មកពី៥ភូមិភាគដែលឡើងមកលេងនៅភ្នំពេញមានភូមិភាគបាត់ដំបងលេខ១ក្លឹបបាល់ទះបាត់ដំបង លេខ២សមាគមបាល់ទះក្រសួងមហាផ្ទៃ B។ ភូមិភាគសៀមរាប លេខ១ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ B លេខ២ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តឧត្ដមានជ័យ។ ភូមិភាគកំពង់ចាម លេខ១​ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លេខ​២​ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។ ភូមិភាគព្រៃវែង លេខ១​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លេខ២​ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។ ភូមិភាគព្រះសីហនុ លេខ១ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លេខ២ក្លឹបបាល់ទះបុរីឈ្នះឈ្នះ​។

ក្នុងការប្រកួតដណ្ដើមពានរង្វាន់ខាងលើក្រុមទាំង១៥នឹងត្រូវបែងចែក​ជា៤ពូល ប្រកួតវិលជុំ​សន្សំពិន្ទុ ហើយការចាប់ពូលនឹងធ្វើឡើងនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២៤​​ខាង​មុខ​។ សម្រាប់ព័ត៌មានបន្ថែមសហព័ន្ធកីឡាបាល់ទះកម្ពុជានឹងជម្រាបដំណឹងនៅពេលក្រោយ៕

អត្ថបទ៖ Um Sopheak

មតិយោបល់