• 2024-02-19 07:55:00
  • បាល់ទះ

គួន ម៉ុម និង សួន ចាន់ណារ៉ូ ប្រាប់មូលហេតុក្រុមចាញ់បញ្ជាការដ្ឋានអង្គរក្សវគ្គផ្ដាច់ព្រ័ត្រ

  • 2024-02-19 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយចាញ់បញ្ជាការដ្ឋាននៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់តេជោលីគរដូវកាលទីមួយឆ្នាំ ២០២៣-២០២៤ ចំនួន៣សិតទល់១ ស្មាត់ធំសមាគមបាល់ទះវិសាខា គួន ម៉ុម និងអ្នកចែកបាល់ឆ្នើម សួន ចាន់ណារ៉ូ បានទម្លាយប្រាប់ពីមូលហេតុខ្លះៗឱ្យ​ក្រុមបរាជ័យ។

គួន ម៉ុម

គួន ម៉ុម បានប្រាប់ទៅកាន់អ្នកសារព័ត៌មានក្រោយបិទកម្មវិធីថា បញ្ហាក្រុមគឺការ​ធ្លាក់កម្លាំងដោយសារពួកគេលេងជាប់ៗគ្នាពេក ជាពិសេជាមួយបញ្ជាការដ្ឋានអង្គរក្សដល់ទៅ៥សិតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូច្នេះទើបធ្វើឲ្យថ្ងៃផ្ដាច់ព្រ័ត្រថមថយកម្លាំង និងបង្ករកំហុសខ្លះៗនៅសិតទី១និងទី២ ដោយពួកគេលេងបុកចង់ឈ្នះខ្លាំងពេក។ ម៉ុម​បន្តថាបើលេងតាមសម្រួលមួយៗពួកគេអាចនឹងកែប្រែស្ថានការណ៍បាន។

នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ វិសាខា បានដាក់កីឡាករសំខាន់ៗទាំងអស់លេងតទល់នឹងអង្គរក្ស ចំណែកអង្គរក្សបានដកកម្លាំងស្នូលសំខាន់ៗដូចជា Luvi និង Dio ចេញទុកឲ្យកីឡាករខ្មែរសុទ្ធលេងជំនួសវិញ ប៉ុន្តែការប្រកួតពោរពេញដោយភាពតានតឹង។

សួន ចាន់ណារ៉ូ

ចំណែក សួន ចាន់ណារ៉ូ បានលើកឡើងថាមិនមានការស្ដីបន្ទោសទៅអ្នកណាទេ ព្រោះនេះជាកីឡាលេងជាក្រុមបើចាញ់ចាញ់ទាំងអស់គ្នាឈ្នះឈ្នះទាំងអស់គ្នា។ ចំពោះចំណុចខ្វះខាតអ្នកចែកបាល់ឆ្នើមរូបនេះបានបកស្រាយថា ផែនការណ៍ចាប់កីឡាករ Luvi និង Doni របស់ក្រុមត្រូវបរាជ័យ ព្រោះកីឡាករឥណ្ឌូណេស៊ីទាំងពីរនេះល្អខ្លាំងពេកនាថ្ងៃនោះ។ មួយវិញទៀតផ្លែសេវារបស់ក្លឹបបញ្ជាការដ្ឋាន​អង្គរក្សល្អ ពិបាកក្នុងការទទួល ហើយបញ្ហាមួយទៀតនោះ​ក្រុមរបស់ខ្លួនធ្វើរនាំងមិនសូវបានល្អ។

ទោះបីជាយ៉ាងណាក្មេងតូច សួន ចាន់ណារ៉ូ ក៏សូមកោតសរសើរដល់ក្រុមខ្លួនថាបានបំពេញតួនាទីរបស់​ខ្លួនបានល្អ​ ហើយវិសាខា​ធ្វើ​បាន​ល្អហើយ ប៉ុន្តែក្រុមបញ្ជាការដ្ឋានអង្គរក្សធ្វើ​បាន​ល្អជាង៕

ក្លឹបបញ្ជាការដ្ឋានអង្គរក្សលើកពានតេជោលីគ

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី