• 2024-02-18 00:15:00
  • បាល់ទះ

កីឡាករពីររូបនេះអាចធ្វើតេស្តជម្រើសជាតិបានតែ ឌូក ស្ទើរកម្លាំងព្រោះហេតុផលនេះ

  • 2024-02-18 00:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករកំពុងបង្ហាញភាពលេចធ្លោរពីររូបនៅក្នុងព្រឹត្តិការណ៍ តេជោលីគរបស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាន់ វាសនា និង រុន សុជា បើមើលតាមលទ្ធភាពនិងសមត្ថភាព ពួកគេអាចចូលរួមប្រមូលផ្ដុំធ្វើតេស្តក្នុងក្រុមជម្រើសជាតិបាល់ទះកម្ពុជាបាន។ នេះបើផ្អែកតាមការមើលឃើញរបស់គ្រូបង្វឹកក្លឹបបាល់ទះវិសាខា គាំ ស៊ាងហ៊ីន។

លោកគ្រូ គាំ ស៊ាងហ៊ីន បានពន្យល់ថា ម្ចាស់អាវលេខ២០អាចចូលរួមបានដោយសារគេនៅវ័យក្មេង មានកម្ពស់អាចប្រកួតប្រជែងជាមួយគេបាន លោតល្អ ចេះកែបាល់ គ្រាន់តែនៅមានចំណុចខ្វះខាតបន្តិចបន្តួចត្រូវរៀនសូត្របន្ថែម។

ចាន់ វាសនា

ចំណែកម្ចាស់អាវលេខ១៤ រុន សុជា វិញក៏អាចចូលរួមធ្វើតេស្តបានដែរ ព្រោះកីឡាករមានដើមកំណើតនៅខេត្តកំពង់ចាមនៅក្មេង លោតល្អ និងមានកម្លាំងដៃធ្ងន់។

លោកបាននិយាយបន្ថែមពីកីឡាករមហាកម្លាំងសុជាថា៖ «បាទ! ដោយសារគាត់ គាត់បានលោត គាត់ទាបមែនតែគាត់លោតគាត់លោតល្អ ម៉ាត់គាត់ក៏ល្អដែរ»។

រុន សុជា

ក្រៅពីកីឡាករទាំងពីររូបនេះនៅមានមួយកីឡាករមួយរូបទៀតអាចលេងបានសឹងគ្រប់ទម្រង់មិនថាបីម៉ែត្រ​​​​​ ​​ឆ្វេង ស្ដាំ ឬកណ្ដាលឡើយក្នុងការប្រកួតបាល់ទះក្នុងសាល។ កីឡាករម្នាក់នោះឈ្មោះ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូករបស់កងពលធំអន្តរាគមន៍លេខ៣ដែលមានសមត្ថភាពមិនធម្មតា ហើយត្រូវ​មហាជនចោទសួរហេតុអ្វីបានជាមិនសូវចាប់អារម្មណ៍ទេពកោសល្យកីឡាករមានរូបនេះ?

លោកគ្រូបង្វឹកមានបទពិសោធន៍ជោគជាំក្នុងវិស័យបាល់ទះបានតបដោយការទទួលស្គាល់កីឡាករ ជុក សោភា របស់ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ពិតជាល្អទាំងសមត្ថភាព បច្ចេកទេស និងកលល្បិចនៅលើទីលាន ប៉ុន្តែដោយសោភាមានវ័យច្រើនបន្តិច ហើយកម្លាំងរបស់គេអាចនឹងមិនដល់ក្មេងៗ។

លោកគ្រូបានបញ្ជាក់បែបនេះថា៖ «ឌូកគាត់ល្អតាំងពីយូរមកហើយ ដល់មកឥឡូវនេះកម្លាំងគាត់ពេលគាត់អាយុច្រើនគឺកម្លាំងអត់ដល់ក្មេងទេ កាលណាបុកហាត់ខ្លាំងគាត់ឆាប់ធ្លាក់វិញ»។

ជុក សោភា

នាពេលកន្លងមកឥន្ទ្រីពិឃាដឌូក បើទោះមិនបានជាប់ជម្រើសជាតិបាល់ទះក្នុងសាល ប៉ុន្តែគេត្រូវបានសហព័ន្ធកីឡាបាល់ទះកម្ពុជាជ្រើសរើសជាកីឡាករជម្រើសជាតិឆ្នេរខ្សាច់ និងបានចូលរួមប្រកួតនៅ SEA Games លើក៣១នៅប្រទេសវៀតណាម និងលើកទី៣២នៅកម្ពុជា៕

អត្ថបទ៖ Um Sopheak

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី