• 2023-05-03 13:29:00
  • ព័ត៌មាន

ស្ងាត់ៗ PSG ព្យួរជើង​ Messi ២សប្ដាហ៍ ក្រោយ​ចាញ់​ប្រកួត Ligue 1 ក្នុង​លទ្ធផល ៣-១

  • 2023-05-03 13:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​បារាំង Paris Saint-Germain បាន​ចាត់​ចំណាត់ការ​យ៉ាង​ភ្ញាក់ផ្អើល​មួយ​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ដោយ​ក្លឹប​នេះ​ធ្វើ​ការ​ព្យួរ​ជើង​កីឡាករ​រូប​នេះ ២សប្ដាហ៍ ហើយ​កាត់​ប្រាក់​ខែ​ ២សប្ដាហ៍​ទៀត​ផង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​របស់​សារព័ត៌មាន​បាល់ទាត់​នានា​កាល​ពី​ថ្ងៃ​អង្គារ។

ចំណាត់​ការ​នេះ​ធ្វើឡើង​បន្ទាប់​ពី Messi ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្លឹប ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ ភ្លាមៗ​បន្ទាប់​ពី​ក្លឹប PSG ចាញ់​ក្លឹប Lorient ក្នុង​លទ្ធផល ៣-១។

បើ​តាម​ប្រភព​នានា Messi ដាក់​ច្បាប់​កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​ខាង​ក្លឹប​មិន​អនុញ្ញាត​ឡើយ ដោយសារ​តែ​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ (ថ្ងៃ​ដែល​Messi ត្រូវ​ទៅ​អារ៉ាប៊ីសាអ៊ូឌីត) ចំ​ថ្ងៃ​ហ្វឹកហាត់។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា Messi បាន​ពន្យារ​ពេល​ទៅ​អារ៉ាប៊ីសាអ៊ូឌីត ២ដង​មក​ហើយ។

សូម​ជម្រាប​ផង​ដែរ Messi ក៏​ជា​ទូត​សុច្ឆន្ទៈ​ក្នុង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​របស់​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ។ ដំណើរទស្សនកិច្ច​នេះ​ជា​ទស្សនកិច្ច​ផ្សាយ​ពាណិជ្ជកម្ម។

យ៉ាងណាមិញ បើ​តាម​អ្នក​វិភាគ​បាល់ទាត់​នានា ការ​ព្យួរជើង​របស់ PSG នេះ​បង្ហាញ​ថា អនាគត​ Messi នៅ PSG ហាក់​ដូច​ជា​ចប់​សព្វ​គ្រប់​បាត់​ទៅ​ហើយ ដោយ​សារ​តែ កុងត្រា​របស់​ Messi នឹង​ផុត​នៅ​ខែ​មិថុនា​នេះ ស្រប​ពេល​ដែល​ក្លឹប​ជា​ច្រើន រួម​ទាំង​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ផង​ដែរ កំពុង​តែ​ចែចូវ​កីឡាករ​អាហ្សង់ទីន​រូប​នេះ៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់