• 2023-03-14 07:21:14
  • ព័ត៌មាន

ហុកគី​កម្ពុជា ​ដាក់​គោលដៅ​យក​មេដាយ​មាស ១​ឬ​២​គ្រឿង​នៅ​ស៊ីហ្គេម​២០២៣​

  • 2023-03-14 07:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ កាំង សុធា ​អគ្គលេខាធិការសហព័ន្ធកីឡាហុកគី​ បានឱ្យដឹងថា​ សហព័ន្ធ​របស់​លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​១០០% ​មានទាំងស្មារតី បច្ចេកទេស និង កម្លាំង ដើម្បី​ត្រៀម​ប្រជែង​មេដាយ​សម្រាប់ ​ស៊ីហ្គេម ២០២៣ ​ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ​។

​លោកអគ្គលេខាធិការខាងលើបានប្រាប់ CAMBODIA 2023 ឲ្យដឹងថា រហូតមកដល់ពេលនេះ សហ​ព័ន្ធ​មិនមានអ្វីនៅខ្វះខាតទៀតទេ​ គឺរង់ចាំតែពេលវេលាមកដល់ ដើម្បីចូលរួម​ប្រកួត​ប្រជែង​យក​មេ​ដាយ​តែ​ប៉ុណ្ណោះ។​ កីឡាករ-កីឡាការិនីកម្ពុជា បានបង្កើនការហ្វឹកហាត់ទ្វេដង ជាច្រើន​ខែ​មក​ហើយ ​ដើម្បី​ត្រៀម​សម្រេច​គោលដៅ​យក​មេដាយ​មាស​ជូន​ប្រទេស​ជាតិ។

​លោក​បាន​លើក​ឡើង​បែប​នេះ​ថា​ « មកដល់ពេលនេះ យើងកាន់តែកៀកថ្ងៃប្រកួតស៊ីហ្គេមទៅហើយ ដូច្នេះ​បើ​និយាយពីបច្ចេកទេសដែលត្រូវបន្ថែម យើងមិនមានអ្វីជាបញ្ហាទៀតទេ។ យើង​រង់ចាំតែ​ថ្ងៃ​ប្រកួត​មក​ដល់​ប៉ុណ្ណោះ។ យើង​នឹង​សម្រេច​ឲ្យ​បាន​នូវ​មេដាយ​មាស​១ ​ឬ​ក៏​២​គ្រឿង​ ទៅ​តាម​គោល​ការណ៍​ដែលរាជរដ្ឋាភិបាលបានកំណត់ពិសេស CAMSOC បានដាក់ឲ្យ ហើយ​យើង​ក៏​សម្គាល់​ឃើញ​ថា​ សមត្ថភាព​កីឡាករ-​កីឡាការិនី​របស់​យើង មាន​ភាព​ពេញលេញ​រួចរាល់​ទាំងស្រុង​អស់​ហើយ​ដែរ»។

អគ្គលេខាធិការ​ដដែល​បាន​បន្ថែម​ថា កម្ពុជាត្រៀមលេង៤វិញ្ញាសា មានបុរស-នារី ក្នុងសាល និង ហុកគី ​លើក្ដារ។ ​លោកមើលឃើញថា ក្នុងចំណោម៤វិញ្ញាសានេះ កម្ពុជាមានសមត្ថភាព​ខ្លាំងទាំង​អស់​ គ្រាន់តែមិនទាន់ច្បាស់ថា នឹងអាចយកបានមេដាយមាស លើប្រភេទវិញ្ញាសាណាមួយ ប៉ុន្តែ​លោក​សង្ឃឹម​ខ្ពស់​ថា ​នឹងបានមេដាយជាក់ជាមិនខាន៕

អត្ថបទ៖ CAMSOC

មតិយោបល់