• 2023-03-03 04:12:16
  • ព័ត៌មាន

ក្រុមU22 ឥណ្ឌូនេស៊ី ចាប់ផ្ដើមចូលជំរំហ្វឹកហាត់ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម នៅកម្ពុជា

  • 2023-03-03 04:12:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមជម្រើសជាតិបាល់ទាត់ឥណ្ឌូនេស៊ី អាយុក្រោម ២២ឆ្នាំ បានចាប់ផ្ដើមចូលជំរំហ្វឹកហាត់របស់ខ្លួន កាលពីថ្ងៃទី១ ខែមីនា ម្សិលមិញ ដើម្បីត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី។

សម្រាប់ការប្រមូលផ្តុំ នៅថ្ងៃដំបូងនេះ មានកីឡាករតែ២៨នាក់ប៉ុណ្ណោះ ដែលបានចូលរួម ក្នុងចំណោមកីឡាករ ៣៤នាក់ ដែលត្រូវបានកោះហៅ ដោយគ្រូបង្វឹក លោក Indra Sjafri ហើយបុរសរូបនេះ បានលើកឡើងថា៖ «ថ្ងៃនេះ យើងចាប់ផ្តើមការហ្វឹកហាត់លើកដំបូង សម្រាប់ការរៀបចំក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម ដែលនឹងប្រព្រឹត្តទៅនៅប្រទេសកម្ពុជា ក្នុងខែឧសភា ហើយថ្ងៃនេះកីឡាករ ២៨នាក់បានចូលរួម។ យើងឃើញកីឡាករស្ថិតក្នុងលក្ខខណ្ឌដ៏ល្អ ហើយនិងបានធ្វើការហ្វឹកហាត់ ក្នុងលក្ខខណ្ឌងាយៗសម្រាប់ថ្ងៃដំបូង»។

គ្រូបង្វឹកក្រុមU22 ឥណ្ឌូនេស៊ី លោក Indra Sjafri បានបន្ថែមថា៖ «កីឡាករ ដែលនៅសល់ដែលមិនទាន់បានចូលរួមត្រូវបានគ្រោងទុកថា ចូលរួមនៅយប់នេះ (យប់មិញ)។ ខ្ញុំសូមអរគុណដល់ក្លិបនៃក្របខណ្ឌទាំង២ លីគទី១ និងលីគទី២ ដែលបានបញ្ជូនកីឡាកររបស់ពួកគេ មកចូលរួមជំរំហ្វឹកហាត់នៅពេលនេះ»។

លោក Indra បានឱ្យដឹងទៀតថា សម្រាប់ជំរំហ្វឹកហាត់ នៅពេលនេះ នឹងត្រូវបានបែងចែកជា២ដំណាក់កាល។ ដំណាក់កាលដំបូង នឹងត្រូវធ្វើឡើង ពីថ្ងៃទី១ ដល់ទី៨ ខែមីនា ខណៈដំណាក់កាលទី២ គ្រោងនឹងធ្វើឡើង នៅថ្ងៃទី៩ ដល់ទី១៦ ខែមីនា។

ឥណ្ឌូនេស៊ី ក៏កំពុងស្វែងរកការឈ្នះមេដាយមាស ជាលើកដំបូង ក្នុងរយៈពេល ៣២ឆ្នាំចុងក្រោយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះផងដែរ ខណៈក្រុមរហស្សនាម «មហាគ្រុឌ» មួយនេះ ធ្លាប់ឈ្នះមេដាយមាស លើកចុងក្រោយ តាំងពីស៊ីហ្គេម លើកទី១៦ ឆ្នាំ១៩៩១ ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន។ សម្រាប់ការចូលរួមស៊ីហ្គេម ៦លើកចុងក្រោយ ក្រុមបាល់ទាត់បុរសឥណ្ឌូនេស៊ី តែងតែបានឆ្លងផុតវគ្គជម្រុះក្នុងពូល និងបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ចំនួន៣ដង ប៉ុន្តែរកបានត្រឹមមេដាយប្រាក់៕

មតិយោបល់